កំពត៖ អាជ្ញាធរមីនបានប្រកាសថា ខេត្តកំពតជាខេត្តទី១២ ដែលអស់មីន ប៉ុន្តែខេត្តកំពតនៅបន្តមានផ្ទៃដីសង្ស័យមានសំណល់ជាតិផ្ទុះពីសង្រ្គាម ៥៣២,១២៣ម៉ែត្រក្រឡា ស្មើនឹង ១១ចម្ការគ្រាប់ និងមានយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ស្ថិតនៅរាយប៉ាយពេញខេត្តកំពត ដែលត្រូវមានការប្រុងប្រយ័ត្ន និងអប់រំយល់ដឹងបន្ថែម។ បើតាមរបាយការណ៍របស់អាជ្ញាធរមីន បានបង្ហាញនៅក្នុងពិធី “អបអរសាទរការប្រកាស ខេត្តកំពតអស់មីន” នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣។
លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពត តំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរការប្រកាស “ខេត្តកំពតអស់មីន” ដែលមានការគាំទ្រពីគម្រោង សម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។
នៅក្នុងពិធីនេះ លោក ចម ប្រសិទ្ធ បានថ្លែងអំណរគុណដល់បណ្តាប្រទេសជាមិត្ត ដៃគូរអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ និងសប្បុរសជននានា ដែលតែងតែជួយដល់រាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរមីនក្តី និងដោយផ្ទាល់ក្តី ដោយបានផ្តល់នូវការឧបត្ថម្ភ គាំទ្រ ទាំងសម្ភារៈ ថវិកា និងបច្ចេកទេស សម្រាប់សកម្មភាពបោសសំអាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នៅកម្ពុជាអស់រយៈពេលជាង ៣០ឆ្នាំនេះ។
លោក ចម ប្រសិទ្ធ តំណាងប្រមុខរាជរដ្ឋាភិបាល បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិករបស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបំពេញការងារទទួលជោគជ័យ ប្រកបទៅដោយផ្លែផ្កា ធ្វើឱ្យសហគមន៍អន្តរជាតិទទួលស្គាល់នូវសមត្ថភាពលើការងារបោសសម្អាតមីននៅកម្ពុជា។
ជាមួយគ្នានោះ លោក ក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ ដែលមានអ្នកដោះមីនដ៏អង់អាចក្លាហាន ហ៊ានលះបង់គ្រប់យ៉ាង យកអាយុជីវិតទៅ ប្រថុយនឹគ្រោះថ្នាក់ ដើម្បីជួយរំដោះ ដីស្រែចម្ការ និងការពារអាយុជីវិតប្រជាពលរដ្ឋពីគ្រោះថ្នាក់ដោយសារគ្រាន់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលបានបន្សល់ទុកនៅពាសពេញដីនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
តាមរបាយការណ៌ បានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២ ប្រតិបតិ្តករជាតិ-អន្តរជាតិ បានបោសសម្អាត តាមគម្រោងអាទិភាពរបស់សហគមន៍លើផ្ទៃដីសង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ២,៥៧៩គីឡូម៉ែត្រក្រឡា ដោយរកឃើញ និងកំទេចចោលនូវមីនប្រឆាំងមនុស្សចំនួន ១,១៥៥,៤១៩គ្រាប់មីន ប្រឆាំងរថក្រោះចំនួន ២៦,១៣៥គ្រាប់ និងសំណល់ ជាតិផ្ទុះពីសង្គ្រាមចំនួន ៣,០៣៩,២១៩គ្រាប់ ព្រមទាំងបានផ្តល់នូវអត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាជាង ១០លាននាក់។
ដោយឡែក នៅខេត្តកំពត តាមរបាយការណ៍របស់អាជ្ញាធរមីនប្រតិបត្តិករ បានបោសសម្អាតទាំងចម្ការមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាមចាប់ពីឆ្នាំ១៩៩៤ ក្នុងទំហំផ្ទៃដីសរុបចំនួន ២៥,៦៦៦,១៤១ម៉ែត្រក្រឡា ស្មើនឹង ២៥២ចម្ការមីន និងគ្រាប់ដោយរកឃើញ និងបានកំទេចចោលមីនប្រឆាំងមនុស្សចំនួន ៤,៥៥៣គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ១១គ្រាប់ និងសំណល់ជាតិផ្ទុះផ្សេងទៀតចំនួន ២៨,៨៧២គ្រាប់ ដោយមានអ្នកទទួលផលសរុបចំនួន ២២១,៤៤៣នាក់ ដែល មានប្រតិបត្តិករ៣ ចូលរួមបោសសម្អាតរួមមាន៖ អង្គភាពស៊ីម៉ាក់ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងអង្គការ HALO Trust។
ទន្ទឹមនឹងនោះ អាជ្ញាធរមីន បានប្រកាសរាជធានី-ខេត្តចំនួន១១ ជាខេត្តអស់មីនគឺ៖ ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្ត កំពង់ឆ្នាំង ខេត្តកណ្តាល និងខេត្តតាកែវ ហើយថ្ងៃនេះបានប្រកាសខេត្តកំពតអស់មីនទី១២៕
ដោយ៖ មឿន ឌីណា (Moeun Dyna)