ភ្នំពេញ៖ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម(ម.ជ.ម) ដែលបានបង្កើតឡើងនៅឆ្នាំ២០០៦ រហូតមកដល់ពេលបច្ចុប្បន្ន បានទទួលរឿងក្តីចំនួន ៣២ករណី ដែលមានទំហំទឹកប្រាក់ច្រើនជាង ៩១លានដុល្លារ។ ក្នុងរយៈពេល១២ខែ ក្នុងឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម ទទួលបានការចុះបញ្ជីក្រុមហ៊ុនថ្មីចំនួន ១០,៧០១ក្រុមហ៊ុន កើន ៣៩.៣៩% ធៀបនឹង ឆ្នាំ២០២១ មានត្រឹម ៧,៦៧៧ក្រុមហ៊ុន។
កត្តាសន្តិភាព ស្ថេរភាពនយោបាយក្នុងប្រទេស ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច បរិយាកាសវិនិយោគមានភាពទាក់ទាញ និងលក្ខខណ្ឌអំណោយផលពីកត្តាខាងក្នុងនិងក្រៅ បានធ្វើឱ្យសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគមានការកើនឡើងគួរឱ្យគត់សម្គាល់ ចំណែកឯវិវាទពាណិជ្ជកម្មក៏កើនឡើងដែរ ដើម្បីដោះស្រាយនូវវិវាទនេះ។ បើតាមការលើកឡើងរបស់ លោកស្រី គង់ សិទ្ធិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
លោកស្រី គង់ សិទ្ធិកា ដែលជាតំណាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ធ្វើជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីពី “សេចក្តីណែនាំអំពីមជ្ឈត្តការផ្នែកពាណិជ្ជកម្មនៅកម្ពុជា” កាលពីព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ បានលើកបន្តថា ម.ជ.ម ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ដែលជា ម.ជ.ម តែមួយគត់នៅកម្ពុជា មានបេសកកម្មផ្តល់ជូននូវការដោះស្រាយវិវាទពាណិជ្ជកម្មក្រៅប្រព័ន្ធតុលាការប្រកបដោយអព្យាក្រិតភាព មនសិការ មិនរងឥទ្ធិពល និងមានប្រសិទ្ធិភាពខ្ពស់។
រហូតមកដល់ពេលបច្ចុប្បន្ន ម.ជ.ម បានទទួលរឿងក្តីចំនួន ៣២ករណី ដែលមានទំហំទឹកប្រាក់ច្រើនជាង ៩១លានដុល្លារ។ បើតាមការលើកឡើងឱ្យដឹងពី លោកស្រី គង់ សិទ្ធិកា បានបន្តថា ក្នុងរយៈពេល១២ខែ ក្នុងឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម ទទួលបានការចុះបញ្ជីក្រុមហ៊ុនថ្មីចំនួន ១០,៧០១ក្រុមហ៊ុន កើន ៣៩.៣៩% ធៀបនឹងឆ្នាំ២០២១ មានត្រឹម ៧,៦៧៧ក្រុមហ៊ុន។
ការកើនឡើងនៃចំនួនក្រុមហ៊ុននេះ បានបង្ហាញពីភាពរីកចម្រើននៃសេដ្ឋកិច្ចរបស់កម្ពុជា ប៉ុន្តែវិវាទពាណិជ្ជកម្មរវាងធុរជនតែងកើតមានឡើងដោយយថាហេតុនៅក្នុងប្រតិបត្តិការអាជីវកម្ម ដែលតម្រូវឱ្យមានយន្តការដោះស្រាយវិវាទប្រកបដោយតម្លាភាព សុក្រិត្យភាព ភាពមិនលំអៀងតាមមធ្យោបាយប្រព័ន្ធតុលាការ ឬមជ្ឈត្តការពាណិជ្ជកម្ម។ បើតាមការលើកឡើងបន្តទៀតរបស់ លោកស្រី គង់ សិទ្ធិកា បានបញ្ជាក់ថា ហេតុដូចនេះក្រៅពីប្រព័ន្ធតុលាការ យើងមើលឃើញពីតួនាទីយ៉ាងសំខាន់របស់ ម.ជ.ម នៅក្នុងការសម្របសម្រួល ផ្សះផ្សារ និងផ្តល់នូវដំណោះស្រាយដល់ភាគីវិវាទ ដែលជួយឱ្យធុរជនបរទេសមកវិនិយោគនៅប្រទេសកម្ពុជា និងធុរជនក្នុងស្រុក ងាយដោះស្រាយវិវាទពាណិជ្ជកម្មបានលឿនរហ័ស ប្រកបដោយទំនុកចិត្ត។
នៅក្នុងសិក្ខាសាលានោះ លោកស្រី គង់ សិទ្ធិកា បានរម្លឹកថា នៅឆ្នាំ២០០៤ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដែលប្រទេសកម្ពុជាបានក្លាយជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកបន្ទាប់ពីការចរចាជិតមួយទសវត្សរ៍ ដឹកនាំដោយក្រសួងពាណិជ្ជកម្មនិងក្រោមការចង្អុលបង្ហាញប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា។
អនុរដ្ឋលេខារូបនេះ បានបន្តថា ការចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក តម្រូវឱ្យប្រទេសកម្ពុជាមានកាតព្វកិច្ចដាក់ចេញនូវវិធានពាណិជ្ជកម្មជាក់លាក់ ដែលអនុលោមទៅតាមវិធានពាណិជ្ជកម្ម ក្រោមប្រព័ន្ធពាណិជ្ជកម្មពហុភាគី។ ហេតុដូចនេះ ប្រទេសកម្ពុជាបានធ្វើវិសោធនកម្មច្បាប់ បទប្បញ្ញត្តិដែលមានស្រាប់ និងត្រូវបង្កើតច្បាប់ បទប្បញ្ញតិ្តថ្មីៗ ជាច្រើនទៀតក្នុងការបំពេញតាមលក្ខខណ្ឌសមាជិកភាពរបស់ខ្លួន ដើម្បីអាចឱ្យប្រទេសកម្ពុជាធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងពិភពលោកប្រកបដោយតម្លាភាព។
ការបង្កើតឱ្យមាននូវច្បាប់ស្តីពី មជ្ឈត្តការផ្នែកពាណិជ្ជកម្មដែលអនុម័តកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០០៦ ក្នុងនីតិកាលទី៣នៃរដ្ឋសភា គឺជាសក្ខីភាពមួយ ដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តកាតព្វកិច្ចអន្តរជាតិដើម្បីទាក់ទាញការវិនិយោគ តាមរយៈការបង្កើតឱ្យមានយន្តការដោះស្រាយវិវាទពាណិជ្ជកម្ម ស្របតាមវិធានពាណិជ្ជកម្មអន្តរជាតិ ដែលផ្តល់ភាពងាយស្រួលដល់វិស័យឯកជនមកពីគ្រប់ជាតិសាសន៍អាចធ្វើការប្រកួតប្រជែងយ៉ាងមានទំនុកចិត្ត និងមានតម្លាភាព។ ជាការបន្ថែមរបស់ អនុរដ្ឋលេខាដដែល។
លោកស្រី បានឱ្យដឹងទៀតថា វិវាទពាណិជ្ជកម្មរវាងប្រទេសសមាជិកនៃអង្គការពាណិជ្ជកម្មពិភពដែល បានកើនឡើងពី ២៥ករណី នៅឆ្នាំ១៩៩៥ រហូតដល់ ប្រមាណ ៦០៧ករណី គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដែលតម្រូវឱ្យមានការពិគ្រោះយោបល់ និងដោះស្រាយវិវាទក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ WTO៕
ដោយ៖ មឿន ឌីណា (Moeun Dyna)