Register Already an agent ? Login

សម្ដេចតេជោ ផ្តល់អនុសាសន៍ដល់សមាគមឧកញ៉ាកម្ពុជា ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់អនុសាសន៍ និងការណែនាំមួយចំនួនដល់សមាគមឧកញ៉ាកម្ពុជា ធ្វើយ៉ាងណាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ពិសេសការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ការផ្ដល់អនុសាសន៍ខាងលើរបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ចូលជួបសំដែងការគួរសម និងទទួលអនុសាសន៍ណែនាំការងារជួយសង្គម នាព្រឹកថ្ងៃទី៦ ខែមេសា ២០២៣។ សម្ដេចតេជោ ហ៊ុន សែន ដែលយល់ព្រមទទួលជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា បានបញ្ជាក់ថា ឧកញ៉ាទាំងអស់ ត្រូវពង្រឹងសាមគ្គីភាព រួមគ្នាជួយដល់កិច្ចការសង្គម ធ្វើសកម្មភាពមនុស្សធម៌ និងចេះជួយដល់ការលំបាករបស់ ប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ដែលជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា បានមានប្រសាសន៍រម្លឹកថា ការរស់នៅក្នុងសង្គមមួយបាន គឺមិនអាចកាត់ផ្តាច់គ្នានោះឡើយ រវាងអ្នកមាននិងអ្នកខ្សត់ខ្សោយ គឺត្រូវចេះយកអាសាគ្នា ដូចពាក្យចាស់បុរាណទូន្មានថា «អ្នកមានរក្សាខ្សត់ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញារក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន»។

ក្នុងឱកាសនោះ អ្នកឧកញ៉ា លី យ៉ុងផាត់ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានយល់ព្រមធ្វើជាប្រធានកិត្តិយស នៃសមាគមឧកញ៉ាកម្ពុជា។

អ្នកឧកញ៉ា លី យ៉ុងផាត់ បានចាត់ទុកវត្តមាន សម្តេចតេជោ ជាប្រធានកិត្តិយសរបស់សមាគម គឺជាការបង្ហាញនូវកាយវិការដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ក្នុងការយកចិត្តទុកដាក់ និងលើកស្ទួយដល់សមាគម ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ធ្វើការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកសាងជាតិមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន។

បើតាមប្រធានសមាគមឧកញ៉ាកម្ពុជា ក៏បានគោរពថ្លែងអំណរគុណ សម្តេចតេជោ ដែលបានឆ្លៀតពីការងារដ៏មមាញឹកអនុញ្ញាតឱ្យក្រុមប្រឹក្សាភិបាល សមាជិក សមាជិកាសមាគមឧកញ៉ាកម្ពុជា បានជួបសម្តែងការគួរសម ជាពិសេសបានផ្តល់នូវអនុសាសន៍ល្អ ដើម្បីសមាគមធ្វើសកម្មភាពបានត្រឹមត្រូវ និងជាចំណែកជួយដល់សង្គមជាតិ ក្រោមការដឹកនាំដ៏គតិបណ្ឌិតរបស់សម្តេចតេជោ។

គូសបញ្ជាក់ថា សម្តេចតេជោ នាយករដ្ឋមន្ត្រី បានយល់ព្រមធ្វើជាប្រធានកិត្តិយសរបស់សមាគម តាមការគោរពអញ្ជើញរបស់ប្រធានសមាគម និងទទួលស្គាល់ សមាគមឧកញ៉ាកម្ពុជា ជាស្ថាប័នឯកជនតែមួយគត់ ដែលតំណាងឱ្យអ្នកមានគោរមងារ ឧកញ៉ាទាំងអស់នៅកម្ពុជា។ ស្ថិតនៅក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេស របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទទួលស្គាល់ សមាគមឧកញ៉ាកម្ពុជា ជាដៃគូររបស់រាជរដ្ឋាភិបាល ក្នុងការជំរុញលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)