ភ្នំពេញ៖ អគារទំនើបមានកម្ពស់ ១៨ជាន់ របស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ស្ថិតនៅផ្ទះលេខ២៥បេ ផ្លូវរុក្ខវីថីសម្តេចប៉ាន (២១៤) សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់កាលពីព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈ គ.ល.ក. បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា។
អគារនេះ មានកម្ពស់ ១៨ជាន់ (៦៩.៥៥ម៉ែត្រ) មានផ្ទៃក្រឡាសំណង់សរុប ៨,០៨៧ម៉ែត្រការ៉េ ជាសំណង់អគារតាមបែបទំនើប (Modern Style) ដោយបានគិតគូរបែងចែកជា បន្ទប់ការិយាល័យ សាលប្រជុំ បន្ទប់បច្ចេកទេស និងជាន់អាហារដ្ឋាន ព្រមទាំងមានបំពាក់ប្រព័ន្ធសុវត្ថិភាពអគារ និងប្រព័ន្ធចំណតរថយន្ត (Car Lift) ដែលនឹងក្លាយជាទីតាំង នៃការគ្រប់គ្រង និងបណ្តុំនៃការផ្តល់សេវាប្រកបដោយផាសុកភាព ប្រណិតភាព និងបានឆាប់រហ័សដល់ប្រតិបត្តិករ។
គម្រោងដ៏សំខាន់នេះ ត្រូវផ្តល់ទៅក្រុមហ៊ុន គីម ម៉ិច ខនស្រ្តាក់សិន & អ៊ិនវេសមេន លើសាងសង់អគារគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុន លេហ្គាស្ស៊ី ឌីស្សាញ ឯ.ក លើសេវាកម្មរចនាប្លង់ និងត្រួតពិនិត្យគុណភាពសំណង់ ដោយប្រើរយៈសាងសង់ប្រមាណ ២៤ខែ។
គិតត្រឹមឆ្នាំ២០២២ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានផ្តល់អាជ្ញាប័ណ្ណចំនួន៨៨ អាជីកម្មទាក់ទងកាស៊ីណូ និងល្បែងពាណិជ្ជកម្ម៕
ដោយ៖ មឿន ឌីណា (Moeun Dyna)