ភ្នំពេញ៖ យុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” រាជរដដ្ឋាភិបាលកម្ពុជារំពឹងថា ទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យបានយ៉ាងតិច ៤លាននាក់ និងភ្ញៀវទេសចរក្នុងស្រុកឱ្យបានយ៉ាងតិច ១៥លាននាក់ នៅឆ្នាំ២០២៣។ បើតាមសារាចររបស់រាជរដ្ឋាភិបាលលេខ០៣.ស. ស្តីពី ការរៀបចំយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣”។
បើតាមសារាចរស្តីពី ការរៀបចំយុទ្ធនាការ “គាំទស្សនាកម្ពុជា ២០២៣” បានបញ្ជាក់ថា ដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍ និងលើកកម្ពស់កិត្តិនាមរបស់ព្រះរាជាណាចក្រកម្ពុជា នាឱកាសដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានសម្រេចដាក់ឱ្យអនុវត្តនូវយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” (Visit Cambodia Year 2023) ក្រោមពាក្យស្លោក “គ្រប់ថ្ងៃ គឺជាអច្ឆរិយភាព” (Every Day Is A Wonder)។
ចរាចររបស់រាជរដ្ឋាភិបាល បានបន្តថា យុទ្ធនាការ “ទស្សនាកម្ពុជា ២០២៣” ត្រូវបានរៀបចំឡើងក្នុងគោលបំណងរួមមាន៖
ទី១- លើកកម្ពស់កិត្តិនាមទេសចរណ៍ “កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ ផ្តល់ភាពកក់ក្តៅ” នៅលើទីផ្សារទេសចរណ៍ឱ្យកាន់តែខ្លាំងក្លាសំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យបានយ៉ាងតិច ៤លាននាក់ និងភ្ញៀវទេសចរក្នុងស្រុកឱ្យបានយ៉ាងតិច ១៥លាននាក់ នៅឆ្នាំ២០២៣។
ទី២- ផ្សារភ្ជាប់រវាងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” ដើម្បីបង្កើនឧត្តមភាពប្រកួតប្រជែងទេសចរណ៍កម្ពុជាក្រោយវិបត្តិកូវីដ-១៩។
ក្នុងន័យនេះ ដើម្បីឱ្យយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” ប្រព្រឹត្តទៅប្រកបដោយជោគជ័យរាជរដ្ឋាភិបាលបាន ណែនាំ ក្រសួងទេសចរណ៍ ត្រូវសហការជាមួយនឹងបណ្តាក្រសួង ស្ថាប័ន អាជ្ញាធរដែនដី បណ្តាអង្គការជាតិ អន្តរជាតិ សមាគម ដៃគូអភិវឌ្ឍ និងវិស័យឯកជនដែលកំពុងប្រតិបត្តិនៅលើវិស័យទេសចរណ៍រួមគ្នាផ្សព្វផ្សាយយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” ដោយផ្សារភ្ជាប់នឹងយុទ្ធនាការ “កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ ផ្តល់ភាពកក់ក្ដៅ” ។
រាជរដ្ឋាភិបាលបញ្ជាក់ថា ក្នុងនោះដោយរំលេចអំពីអត្តសញ្ញាណនៃប្រទេសកម្ពុជា ដែលជាគោលដៅទេសចរណ៍ប្រមូលផ្តុំដោយភាពទាក់ទាញទេសចរណ៍ដ៏អស្ចារ្យ និងការទទួលស្វាគមន៍ដ៍កក់ក្ត ឈរលើសសរស្តម្ភ សក្តានុពលទាំង៤ នៃទេសចរណ៍កម្ពុជា រួមមាន៖ ១. បេតិកភណ្ឌ វប្បធម៌, ២. អេកូទេសចរណ៍, ៣. ទេសចរណ៍ឆ្នេរ និង ៤. ភាពជាខ្មែរ ដែលអាចផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធ និងភាពប្លែកៗគ្នាជារៀងរាល់ថ្ងៃប្រកបដោយក្តីសប្បាយរីករាយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយឱ្យបានទូលំទូលាយ។
ទាក់ទងទៅនឹងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ លោក ជា សែ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដែលបានអញ្ជើញជាអធិបតីក្នុងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច «ខ្សែក្រវាត់និងផ្លូវ» (លើកដំបូង) នៅរាជធានីភ្នំពេញ និងពិធីសម្ពោធជាផ្លូវការគម្រោងសហគ្រាសរាប់ពាន់ចូលមកកម្ពុជា កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ថា ផ្អែកលើការរស់ឡើងវិញនៃទេសចរណ៍ពិភពលោក ក៏ដូចជាទេសចរណ៍ក្នុងតំបន់ ដោយមានអន្តរាគមន៍យ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រទេសនេះរំពឹងថានឹងទទួលបានប្រមាណ ៤លាននាក់ នៅឆ្នាំ២០២៣ ដែលជាឆ្នាំដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២-អាស៊ានប៉ារ៉ាហ្គេម។
សម្រាប់ឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ២.២៨លាននាក់ កើនឡើង ១០៥៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ប៉ុន្តែមានការថយចុះ ៦៥.៦% បើធៀបនឹងឆ្នាំ២០១៩ (មុនជំងឺរាតត្បាត)។ បើតាមការលើកឡើងបន្តរបស់ លោក ជា សែ បានបញ្ជាក់ថា ប្រភពទីផ្សារសំខាន់ៗរួមមាន៖ ប្រទេសថៃ វៀតណាម ចិន សហរដ្ឋអាមេរិក ឡាវ ឥណ្ឌូនេស៊ី កូរ៉េ បារាំង ម៉ាឡេស៊ី និងចក្រភពអង់គ្លេស។
លោក បានបន្តទៀតថា ចំណែកឯភ្ញៀវទេសចរផ្ទៃក្នុង រួមមាន៖ ភ្ញៀវទេសចរជាតិមានចំនួន ១៣,៩លាននាក់ កើនឡើង ១៩៨,៨% និងភ្ញៀវទេសចរបរទេសមាន ១,៨លាននាក់ កើនឡើង ៥៧២,២% បើធៀបនឹងឆ្នាំ២០២១។
សម្រាប់ខែទី១ ឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៤០២,៩៤៣នាក់ កើនឡើង ៧៩៧.២% បើធៀបនឹងឆ្នាំ២០២២។ ទន្ទឹមនឹងនោះ ភ្ញៀវទេសចរផ្ទៃក្នុង រួមមាន ភ្ញៀវទេសចរជាតិ មានចំនួន ១,៨៧លាននាក់ កើនឡើង ១០៤.២% បើធៀបនឹងឆ្នាំ២០២២។ ចំណែកភ្ញៀវទេសចរបរទេសមានចំនួន ២០៦.២០៥នាក់ កើនឡើង ១៤០.៤% បើធៀបនឹងឆ្នាំ២០២២។ បើតាមការបន្ថែមរបស់ លោក ជា សែ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)