ភ្នំពេញ៖ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបាន ព្យាករណ៍ថានឹងកើនឡើងក្នុងរង្វង់ ៥,៥ភាគរយ នៅឆ្នាំ២០២៣ និង ៦,០ភាគរយ ក្នុងឆ្នាំ២០២៤ ដោយសារការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ដ៏រឹងមាំ និងកំណើនខ្ពស់ក្នុងវិស័យសេវាកម្ម។
ទោះបីជាតម្រូវការពិភពលោកចុះខ្សោយក៏ដោយ ក៏សេដ្ឋកិច្ចរបស់កម្ពុជាបានបន្តដំណើរការល្អនៅឆ្នាំ២០២២ ដែលដឹកនាំដោយការងើបឡើងវិញនៃវិស័យទេសចរណ៍ដែលកំពុងបន្ត។ បើតាមការលើកឡើងរបស់ លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំប្រទេសកម្ពុជា បានបន្តថា ទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជាមានភាពវិជ្ជមានជាមួយនឹងកំណើនដ៏រឹងមាំ កាត់បន្ថយឱនភាពគណនីចរន្ត និងអតិផរណាកម្រិតមធ្យមនៅឆ្នាំ២០២៣។
ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) នៅខែមេសា ឆ្នាំ២០២៣ បានលើកឡើងថា វិស័យទេសចរណ៍ត្រូវបានគេរំពឹងថានឹងកើនឡើង ៧.៣% នៅឆ្នាំ២០២៣ មុនពេលបន្ធូរបន្ថយមកត្រឹម ៦.៨% នៅឆ្នាំ២០២៤។ សម្ពាធអតិផរណាត្រូវបានគេរំពឹងថា នឹងមានកម្រិតមធ្យមក្នុងអត្រាជាមធ្យម ៣.០% ក្នុងឆ្នាំ២០២៣ និង ៤.០% នៅឆ្នាំ២០២៤។ របាយការណ៍នេះបានបន្តថា ទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជា ក៏ពឹងផ្អែកលើកិច្ចខិតខំប្រឹងប្រែងបន្តរបស់ប្រទេសនេះក្នុងការពង្រីកការវិនិយោគបៃតង ដើម្បីដោះស្រាយសក្តានុពលកំណើនរយៈពេលវែង។
របាយការណ៍ ADO ដដែលនេះបានបន្តថា ឆ្នាំ២០២៣ សេដ្ឋកិច្ចរបស់កម្ពុជា បានកើនឡើងប្រមាណ ៥.២% ក្នុងឆ្នាំ ២០២២ ដោយសារការកើនឡើងនៃតម្រូវការខាងក្រៅសម្រាប់ផលិតផល និងសេវាកម្មទេសចរណ៍កម្ពុជា ដែលនាំឱ្យមានការរស់ឡើងវិញនៃតម្រូវការអាហារ និងកន្លែងស្នាក់នៅ និងកំណើនពាណិជ្ជកម្មក្នុងស្រុក ការដឹកជញ្ជូន និងផ្នែកទំនាក់ទំនង។
ក្នុងនោះ ជាមួយនឹងភាពប្រសើរឡើងនៃទំនុកចិត្តក្នុងការធ្វើដំណើរ និងការលុបចោលការរឹតបន្តឹងការចល័ត ការមកដល់របស់ភ្ញៀវអន្តរជាតិបានធ្វើឱ្យមានការស្ទុះងើបឡើងវិញយ៉ាងខ្លាំងដល់ប្រមាណ ២.៣លាននាក់ក្នុងឆ្នាំ២០២២ ពីមូលដ្ឋានទាបប្រមាណ ២០០,០០០នាក់ ក្នុងឆ្នាំ២០២១។ កំណើននៃវិស័យកសិកម្មបានធ្លាក់ចុះនៅឆ្នាំ២០២២ ដោយសារតែតម្លៃប្រេងឥន្ធនៈកើនឡើង និងវត្ថុធាតុដើមសម្រាប់កសិកម្មផ្សេងទៀត។
កំណើននៃការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះដោយសារតែតម្រូវការខាងក្រៅខ្សោយនៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុប ដែលជាទិសដៅនាំចេញដ៏សំខាន់។ ទោះជាយ៉ាងណាក៏ដោយ វិស័យឧស្សាហកម្មនៅតែបន្តទទួលបានអត្ថប្រយោជន៍ពីការកែទម្រង់គោលនយោបាយ រួមទាំងច្បាប់វិនិយោគឆ្នាំ២០២១ ដែលបានបង្កើតសេវាកម្មច្រកចេញចូលតែមួយសម្រាប់អ្នកវិនិយោគ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗ។
ទិន្នផលឧស្សាហកម្មត្រូវបានគេរំពឹងថានឹងកើនឡើង ៥.៦% ក្នុងឆ្នាំ២០២៣ មុនពេលបង្កើនល្បឿនដល់ ៧.៨% នៅឆ្នាំ ២០២៤។ កំណើននៃការសាងសង់ត្រូវបានគេរំពឹងថានឹងនៅតែយឺត។ វិស័យកសិកម្មត្រូវបានព្យាករណ៍ថា នឹងកើនឡើង ១.១% នៅឆ្នាំ២០២៣ និង ១.២% ក្នុងឆ្នាំ២០២៤ ដែលត្រូវបានជំរុញដោយផលិតកម្មដំណាំសម្រាប់ការនាំចេញ។
"ហានិភ័យចំពោះទស្សនវិស័យរួមមានកំណើនខ្សោយនៅសហរដ្ឋអាមេរិក និងអឺរ៉ុប កម្រិតខ្ពស់នៃបំណុលឯកជន កំណើនតិចជាងការរំពឹងទុកនៃការមកដល់នៃភ្ញៀវទេសចរ និងការវិនិយោគផ្ទាល់ពីបរទេសពីសាធារណៈរដ្ឋប្រជាមានិតចិន តម្លៃថាមពលខ្ពស់ និងព្រឹត្តិការណ៍អាកាសធាតុខ្លាំងដែលប៉ះពាល់ដល់ ផលិតភាពកសិកម្ម” បើតាមការរបន្ថែមរបស់ លោកស្រី Jyotsana Varma។
លោក ស្រី បានបន្ថែមទៀតថា ADB កំពុងអនុវត្តគម្រោង វិនិយោគចំនួន ២,៤ពាន់លានដុល្លារ នៅកម្ពុជា ដោយផ្តល់កម្ចីប្រចាំឆ្នាំជាមធ្យម ជាង ៣៥០ លានដុល្លារ ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២។ លោកស្រី បានបញ្ជាក់ ADB បានប្តេជ្ញាចិត្តក្នុងការសម្រេចបាននូវភាពរីកចម្រើន រួមបញ្ចូល ភាពធន់ និងនិរន្តរភាពនៃអាស៊ី និងប៉ាស៊ីហ្វិក ខណៈពេលដែលរក្សានិរន្តរភាពកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការលុបបំបាត់ភាពក្រីក្រខ្លាំង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)