ក្រចេះ៖ គម្រោងលើកកម្រិតគុណភាព និងជួសជុលថែទាំកំណាត់ផ្លូវ៣ខ្សែ ក្នុងខេត្តក្រចេះប្រវែងជាង ៩៨គីឡូម៉ែត្រ ត្រូវបានប្រកាសបើកការដ្ឋាន ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ គ្រោងចំណាយពេល១៨ខែ និងថវិកាប្រមាណ ៤០លានដុល្លារ រំពឹងថានឹងចូលរួមលើកកម្ពស់ការតភ្ជាប់ប្រទាក់ក្រឡា ជាមួយបណ្តាញផ្លូវជាតិសំខាន់ៗ ឆ្ពោះទៅរាជធានី និងតំបន់ព្រំដែន។
លោកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អមដំណើរដោយ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសបើកការដ្ឋាន លើកកម្រិតគុណភាព និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣។
នៅក្នុងពិធីនេះ លោក ស៊ុន ចាន់ថុល បានថ្លែងក្នុងរបាយកាណ៍ថា ចំពោះគម្រោងលើកកម្រិតគុណភាព និងជួសជុលថែទាំកំណាត់ផ្លូវទាំង៣ខ្សែ ដែលប្រារព្ធពិធីប្រកាសបើកការដ្ឋាននាពេលនេះ មានប្រវែងសរុប ៩៨,៤គីឡូម៉ែត្រ ដែលក្នុងនោះរួមមាន៖
-កំណាត់ផ្លូវជាតិលេខ៧៣ ប្រវែង ៤៩,៨១គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកប្រធាតុ ភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទៅដល់ស្ពានកំពង់រាំង ឃុំសេដា ស្រុកតំបែរ (ព្រំប្រទល់ខេត្តក្រចេះ) នឹងត្រូវស្តារពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលកៅស៊ូAC កម្រាស់ ៥សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែកកម្រាស់២០សង់ទីម៉ែត្រ ទទឹង ១០-១៣ម៉ែត្រ (សម្រាប់ផ្លូវ ២គន្លង) និងទទឹង១៥,៧-១៦ម៉ែត្រ (សម្រាប់ផ្លូវ ៤គន្លង ក្នុងទីប្រជុំជន) ។
-ផ្លូវខេត្តលេខ៣៧៧ និង៣៧៧A មានប្រវែងសរុប ៤៨,៦គីឡូម៉ែត្រ ក្នុងនោះ ផ្លូវខេត្តលេខ៣៧៧ មានប្រវែង ៣៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលព្រាប ស (ក្រុងក្រចេះ) ដល់ស្រុកសំបូរ និងផ្លូវខេត្តលេខ៣៧៧A មានប្រវែង ១៣,៦គីឡូម៉ែត្រ ចាប់ពីផ្សារសណ្តាន់ ឃុំសណ្តាន់ ដល់ភូមិសង្គម ឃុំសណ្តាន់ នៃស្រុកសំបូរ។
លោក បានគូសបញ្ជាក់ថា ផ្លូវខេត្តទាំង ២ខ្សែនេះ នឹងត្រូវស្តារពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៥សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែកកម្រាស់ ២០សង់ទីម៉ែត្រ មានទទឹងចាប់ពី ៧-១១ម៉ែត្រ មាន២គន្លងទៅមក ព្រមទាំងការសាងសង់ស្ពានថ្មីចំនួន ៩កន្លែង (នៅលើផ្លូវខេត្តលេខ៣៧៧)។
ការលើកកម្រិតគុណភាព និងជួសជុលថែទាំកំណាត់ផ្លូវទាំង៣ខ្សែនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងស្ថានភាពទ្រុឌទ្រោម និងខូចខាតរបស់ខ្សែផ្លូវ ជាពិសេសការប្រឈមនឹងគ្រោះទឹកជំនន់ ដែលបង្កឡើងនៅរៀងរាល់រដូវវស្សា។ បើតាមការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា «កំណាត់ផ្លូវទាំង៣ខ្សែនេះ ជាខ្សែផ្លូវសេដ្ឋកិច្ចដ៏មានសារៈសំខាន់ ដែលបានតភ្ជាប់ជាមួយបណ្តាញផ្លូវជាតិសំខាន់ផ្សេងៗ ឆ្ពោះទៅកាន់រាជធានី និងខេត្តភាគឦសាន និងទៅកាន់ទីប្រជុំជន តំបន់សេដ្ឋកិច្ច និងតំបន់ព្រំដែនរបស់កម្ពុជាយើង»។
លោក បានលើកឡើងបន្តថា បើពិនិត្យទៅលើក្របខ័ណ្ឌនៃការតភ្ជាប់ប្រទាក់ក្រឡាវិញ ផ្លូវខេត្តលេខ៣៧៧ និង៣៧៧A គឺតភ្ជាប់ពីទីប្រជុំជនក្នុងខេត្តក្រចេះ(ពីរង្វង់មូលព្រាបស) ឆ្ពោះទៅកាន់តំបន់ទេសចរណ៍ធម្មជាតិព្រែកកាំពី និងទេសចរណ៍ប្រវត្តិសាស្រ្តវិហារសសរ១០០ និងតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៧ ឆ្ពោះទៅខេត្តស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។
ថ្លែងក្នុងពីធីនេះ លោកស្រី ម៉ែន សំអន បានវាយតម្លៃខ្ពស់ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដោយសម្រេចបាននូវសមិទ្ធផលការងារសំខាន់ៗ ជាច្រើនតាមរយៈការប្រកាសបើកការដ្ឋាននាពេលកន្លងមក។
នាឱកាសនោះ លោកស្រី បានស្នើឱ្យក្រុមហ៊ុនសាងសង់យកចិត្តទុកដាក់ខ្ពស់ក្នុងការសាងសង់ ស្របតាមស្ដង់ដារបច្ចេកទេស និងប្រកបដោយគុណភាព និងបញ្ចៀសការបង្កផលប៉ះពាល់ដល់បរិស្ថាន ជាពិសេសការបង្ហូរនូវកាកសំណល់ធ្វើឱ្យប៉ះពាល់ដល់ទីជម្រកត្រីផ្សោតទន្លេមេគង្គ។ ជាមួយគ្នានោះ បានស្នើសុំការយោគយល់ អធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍នេះផងដែរ។
គូសបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៧៣ សាងសង់ដោយក្រុមហ៊ុន Nimmeng-Proco Joint Venture និងផ្លូវខេត្តលេខ៣៧៧ និង៣៧៧A សាងសង់ដោយក្រុមហ៊ុន Poly Changda Engineering Co., Ltd គ្រោងសាងសង់ចំនួន ១៨ខែ និងថែទាំចំនួន ៦០ខែដូចគ្នា ចំណាយថវិកាសរុបប្រមាណ ៤០លានដុល្លារ ក្រោមក្របខ័ណ្ឌឥណទានសម្បទានរបស់ធនាគារពិភពលោក ក្នុងនោះរួមបញ្ចូលទាំងការងារបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)