Register Already an agent ? Login

ភ្នំពេញនិងក្រុងតាខ្មៅ លែងខ្វះទឹកស្អាតប្រើ រោងចក្រផលិតទឹកស្អាតបាក់ខែងទី១ ផលិតជិត ២សែន.ម៣/ថ្ងៃ នឹងដំណើរការឆាប់ៗនេះ

ភ្នំពេញ៖ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ លែងខ្វះទឹកប្រើប្រាស់ហើយ នាពាក់កណ្តាលឆ្នាំ២០២៣ខាងមុខនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការ នូវរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ សមត្ថភាពផលិតបានចំនួន ១៩៥.០០០ម៣/ថ្ងៃ ដែលនឹងជួយកាត់បន្ថយកង្វះទឹកស្អាតប្រើប្រាស់។ បើតាមការជូនដំណឹងរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានវិនិយោគទៅលើការពង្រីកវិសាលភាពនៃការផលិតទឹកស្អាតបន្ថែមចំនួន ៣ទីតាំង ដែលមានដូចខាងក្រោម ៖

១. រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១-២ សមត្ថភាពផលិតសរុប ៣៩០.០០០ម៣/ថ្ងៃ

រោងចក្រនេះ បានបណ្ដាក់ទុនវិនិយោគប្រមាណ ៤០០លានដុល្លារ ក្នុងនោះជំហានទី១ មានទឹកប្រាក់ ២០០លានដុល្លារ  ៨៥លានដុល្លារ បានមកពីទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ ( AFD ) ១០០លានដុល្លារ បានមកពីធនាគារវិនិយោគអឺរ៉ុប ( EIB) និង១៥លានដុល្លារ ជាហិរញ្ញប្បទានឥតសំណងរបស់សហភាពអឹរ៉ុប ។

សម្រាប់ ជំហានទី២ ១០០លានដុល្លារបានមកពី AFD ហើយទាំងពីរគម្រោងនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបដិភាគថវិកាប្រមា​ណ៨០លានដុល្លារអាមេរិកផងដែរ ។

២. រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ សមត្ថភាពផលិត ៣០.០០០ម៣/ថ្ងៃ ដោយវិនិយោគ ទឹកប្រាក់ប្រមាណ ៣០លានដុល្លារ នឹងរួចរាល់នៅឆ្នាំ២០២៤។

៣. រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបឹងធំ សមត្ថភាពផលិត ៥.០០០ម៣/ថ្ងៃ មានទឹកប្រាក់វិនិយោគប្រមាណ ២លានដុល្លារ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៣នេះ។

គូសបញ្ជាក់ថា នារដូវប្រាំងក្នុងឆ្នាំ២០២៣ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ កំពុងជួបប្រទះការខ្វះខាតទឹកស្អាតប្រើប្រាស់យ៉ាងខ្លាំង ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅជាយក្រុងភ្នំពេញ ហើយដើម្បីដោះស្រាយចំពោះបញ្ហានេះ រដ្ឋាករទឹក និងអាជ្ញាធរមូលដ្ឋានបានសហការ ជាមួយអង្គភាពពន្លត់អគ្គីភ័យ បានដឹកទឹកចែកជូនពលរដ្ឋតាមតំបន់កំពុងខ្វះខាតទឹកខ្លាំង ដើម្បីបានទឹកប្រើប្រាស់ប្រចាំថ្ងៃ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)