ភ្នំពេញ៖ ផ្អែកតាមការសិក្សាស្រាវជ្រាវ ភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៤៩% បានឆ្លើយថាកត្តាដែលទាក់ទាញឱ្យមកកាន់កម្ពុជាគឺ «ប្រាសាទអង្គរវត្ត» និង ៦២% បានឆ្លើយថា «កត្តាមនុស្ស» គឺជាកត្តាវិជ្ជមានរបស់កម្ពុជានៅពេលដែលពួកគេបានមកដល់ និងធ្វើដំណើរទស្សនកិច្ចកម្សាន្តរួចមក។ បើតាមក្រសួងទេសចរណ៍។
ឈរលើលទ្ធផលទាំងនេះ ការសាកល្បងធ្វើការកំណត់ធាតុសំខាន់ៗ ដើម្បីឈានដល់ការរៀបចំនិមិត្តសញ្ញា ដូចខាងក្រោម៖ -ប្រាសាទអង្គរវត្ត មានក្បាច់ និងចម្លាក់លើជញ្ជាំងប្រាសាទ និងមានបាតុភូតធម្មជាតិព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទ ឬ បាតុភូតសមរាត្រី (Equinox) ធាតុសំខាន់ៗ ដូចជា “ការរចនាក្បាច់ប្រាសាទ” និង “ពណ៌ត្នោត ដែលតំណាងឱ្យពណ៌របស់ប្រាសាទ”
-កត្តាមនុស្ស សំដៅដល់ ប្រជាពលរដ្ឋខ្មែរដែលផ្តល់នូវបដិសណ្ឋារកិច្ចយ៉ាងល្អ និងទទួលស្វាគមន៍ជាមួយស្នាមញញឹមពោរពេញដោយក្តីស្រលាញ់ និងកក់ក្តៅ ធាតុសំខាន់ៗ ដូចជា “បដិសណ្ឋារកិច្ចល្អ និងភាពកក់ក្តៅ”
តាមការបញ្ជាក់របស់ក្រសួងទេសចេណ៍ ការរៀបចំនូវនិមិត្តសញ្ញារបស់យុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” គឺដើរស្របតាមខ្លឹមសារ ដូចខាងក្រោម៖
- យុទ្ធនាការផ្សព្វផ្សាយ “កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ -ផ្តល់ភាពកក់ក្តៅ” ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិបានទទួលស្គាល់ជ្រួតជ្រាបជាសកល
- សាមញ្ញ ទាក់ទាញ និងងាយស្រួលក្នុងការប្រើប្រាស់បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង (ដែលជាហេតុយើងជ្រើសរើសយកពណ៌តែមួយ)
- ទីផ្សារគោលដៅ ជាភ្ញៀវទេសចរ ពិសេសទីផ្សារទេសចរណ៍អន្តរជាតិ (ដែលជាហេតុយើងជ្រើសរើសយកពាក្យ និងភាសាអង់គ្លេស “Visit Cambodia 2023 - Every day is a Wonder”) ដែលនឹងជំរុញចិត្តរបស់ភ្ញៀវទេសចរឱ្យមកទស្សនាកម្សាន្តនៅកម្ពុជា។
ពណ៌ “ត្នោតមាស” (Golden Brown) គឺជាពណ៌ចម្បងក្នុងការជ្រើសយកមកប្រើប្រាស់ក្នុងនិមិត្តសញ្ញា នៃយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” នេះ ដែលតំណាងឱ្យទិដ្ឋភាព និងទេសភាពធម្មជាតិនាពេលព្រះអាទិត្យចាប់ផ្តើមរះ បរិយាកាសក្តៅល្មមៗ ប្រជាជនពោពេញដោយស្នាមញញឹមកក់ក្តៅ ស្រមោលចាំងពីពន្លឺនៃវប្បធម៌ដ៏រស់រវើកលើដែនដីសុវណ្ណភូមិ នៃព្រះរាជាណាចក្រកម្ពុជា។
បើតាម សារាចរ រាជរដ្ឋាភិបាលកម្ពុជាលេខ ០៣.ស ស្តីពី ការរៀបចំយុទ្ធនាការ “គាំទស្សនាកម្ពុជា ២០២៣” ដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍ និងលើកកម្ពស់កិត្តិនាមរបស់កម្ពុជា នាឱកាសដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានសម្រេចដាក់ឱ្យអនុវត្តនូវយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” (Visit Cambodia Year 2023) ក្រោមពាក្យស្លោក “គ្រប់ថ្ងៃ គឺជាអច្ឆរិយភាព” (Every Day Is A Wonder)។
បើតាមសារាចរ បានបញ្ជាក់ថា យុទ្ធនាការ“ទស្សនាកម្ពុជា ២០២៣”ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
ទី១ -លើកកម្ពស់កិត្តិនាមទេសចរណ៍ “កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ ផ្តល់ភាពកក់ក្តៅ” នៅលើទីផ្សារទេសចរណ៍ឱ្យកាន់តែខ្លាំងក្លាសំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យបានយ៉ាងតិច ៤លាននាក់ និងភ្ញៀវទេសចរក្នុងស្រុកឱ្យបានយ៉ាងតិច ១៥លាននាក់ នៅឆ្នាំ២០២៣។
ទី២ -ផ្សារភ្ជាប់រវាងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” ដើម្បីបង្កើនឧត្តមភាពប្រកួតប្រជែងទេសចរណ៍កម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩៕
ដោយ៖ មឿន ឌីណា (Moeun Dyna)