Register Already an agent ? Login

កូរ៉េ ក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេលំដាប់ទី១៤ របស់កម្ពុជាក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មជិត ៨០០លានដុល្លារ

ភ្នំពេញ៖ កូរ៉េខាងត្បូង ក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេលំដាប់ទី១៤ របស់កម្ពុជានៅក្នុងឆ្នាំ២០២២ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​សរុបសម្រេច​បាន ៧៧៩លានដុល្លារ កើនឡើង ០,៦% ធៀបនឹង​ឆ្នាំ២០២១ មាន​ទឹកប្រាក់ ៧៧៤លានដុល្លារ។ បើតាម​ការចេញ​ផ្សាយ​របស់​វិទ្យាស្ថាន​បណ្តុះបណ្តាល​ពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) នៃក្រសួង​ពាណិជ្ជកម្ម ដែលបាន​បោះពុម្ពផ្សាយ​ព្រឹត្តិបត្រ​ស្រាវជ្រាវ​អេឡិចត្រូនិក (iTrade Bulletin) វ៉ុល​ទី៣ លេខ​ទី៣ (ជាភាសា​ខ្មែរ និង​អង់គ្លេស) សម្រាប់​ខែ​មីនា ឆ្នាំ២០២៣។

នៅក្នុង​​ឆ្នាំ២០២២ កម្ពុជានាំចេញ​ទៅ​កូរ៉េ សម្រេច​បាន ២៣៤លានដុល្លារ កើនឡើងជាង ២០% ប្រៀបនឹង​ឆ្នាំ២០២១ មាន​ទឹកប្រាក់ ១៩៤លានដុល្លារ ខណៈ​ កម្ពុជា​នាំចូល​ពី​កូរ៉េ​មកវិញ មាន​ទំហំ​ទឹកប្រាក់ ៥៤៥​លានដុល្លារ ថយ​ចុះ​ ៦% បៀបនឹង​ឆ្នាំ២០២១ មាន​ទឹកប្រាក់ ៥៨០លានដុល្លារ។ បើតាមការបន្តរបស់ TTRI។

ផលិតផល​របស់​កម្ពុជា នាំចេញ​ទៅ​កូរ៉េ រួមមាន៖ ស្បែក​ជើង ស្រោម​ជើង និង​វត្ថុប្រហាក់​ប្រហែល ៥៤លានដុល្លារ សម្លៀក​បំពាក់ និងគ្រឿង​បន្ទាប់បន្សំ​ធ្វើ​ពី​ក្រណាត់​ចាក់ ៥២លានដុល្លារ, ម៉ាស៊ីន​និង​ឧបករណ៍​អគ្គិសនី​ ៤៥លានដុល្លារ សម្លៀកបំពាក់ និង​គ្រឿងបន្ទាប់​បន្សំ មិនមែនធ្វើ​ពី​ក្រណាត់​ចាក់ ៣៥លានដុល្លារ និង​អាលុយមីញ៉ូម និង​វត្ថុ​ធ្វើ​ពី​អាលុយមីញ៉ូម ១២លានដុល្លារ។

ការនាំចូល​របស់​កម្ពុជា ពី​កូរ៉េ​មកវិញ រួមមាន៖ យាន​ក្រៅ​ពី​អយស្ម័យ​យាន​ឬ​អយរថយន្តអគ្គិសនី និងបំណែក​ភាគ ១៣២លានដុល្លារ ភេសជ្ជៈស្រា និងទឹក ខ្មេះ​ ៥២លានដុល្លារ ម៉ាស៊ីន​ឧបករណ៍​អគ្គិសនី ៣១ លានដុល្លារ និងផលិតផល​បាន​ពី​ការចាក់​ដោយ​ម្ជុល ៣៤លានដុល្លារ។

TTRI បានបន្តទៀតថា គូរ៉េជាប់លេខរៀង៣ វិនិយោគច្រើនជាងគេនៅកម្ពុជា ឆ្នាំ២០២១ មានទឹកប្រាក់ប្រមាណ ២៨៣,៥លានដុល្លារ ប្រមាណ ៨,១%។ ដោយឡែក កម្ពុជាទទួលបានវិនិយោគផ្ទាល់ពីបរទេសសរុបប្រមាណ ៣,៥ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២១។

សម្រាប់​ច្រក​ទីផ្សារ​កូរ៉េ​វិញ កម្ពុជា​ទទួល​បាន​អត្រាពន្ធ​អនុគ្រោះ​សម្រាប់​ការនាំចេញ​ទៅកាន់​កូរ៉េ ក្រោម​ក្របខ័ណ្ឌ​ចំនួន ៣​រួមមាន៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-កូរ៉េ (CKFTA) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់( RCEP) និងកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន និង​កូរ៉េ (AKFTA)។ បើតាមការបន្ថែមរបស់ TTRI៕

ដោយ៖ មឿន ឌីណា (Moeun Dyna)