ភ្នំពេញ៖ ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ជប៉ុន មានទឹកប្រាក់ជាង ១,៩៤៨លានដុល្លារ ក្នុងនោះ កម្ពុជាបាននាំចេញទៅជប៉ុន មានទឹកប្រាក់ជាង ១,១៧៣លានដុល្លារ និងជប៉ុនបាននាំចូលមកកម្ពុជាវិញ មានទឹកប្រាក់ជាង ៧៧៥លានដុល្លារ។ បើតាមការថ្លែងរបស់ លោក កៅ កោសល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម។
លោក កៅ កោសល ជាតំណាងរបស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពី “ផលិតផលផ្លែឈើក្រៀម និងផលិតផលកសិកម្មកម្ពុជាសម្រាប់ទីផ្សារប្រទេសជប៉ុន” កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានថ្លែងបន្តថា គម្រោងវិនិយោគសំខាន់ៗរបស់ជប៉ុននៅកម្ពុជា រួមមាន៖ វិស័យបង្គុំរថយន្ដ និងបរិក្ខារបច្ចេកទេសកសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។
លោក បានថ្លែងបន្តទៀតថា ក្រៅពីគម្រោងវិនិយោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏មាននូវវត្តមាននៃធុរកិច្ចជប៉ុនតូចធំ ប្រមាណ ១,៧០០ក្រុមហ៊ុន ដែលមានសកម្មភាពក្នុងវិស័យធនាគារ អាកាសចរណ៍ និងភោជនីយដ្ឋានជាដើម។
លោក Kunihiko HIRABAYASHI អគ្គលេខាធិការ នៃមជ្ឈមណ្ឌល អាស៊ាន-ជប៉ុន បានថ្លែងថា ខ្ញុំមានចំណាប់អារម្មណ៍ចំពោះការដាំដុះនៅកម្ពុជា មានភាពសំបូរបែបប្រកបដោយសក្តានុពលខ្ពស់ និងធម្មជាតិ ដោយរក្សាទុករស់ជាតិដើម និងក្លិនពិសេស (ស្វាយ ស្វាយចន្ទី និងម្រេច) ជាដើម។
លោក បានថ្លែងបន្តថា ប្រទេសកម្ពុជាមានការអភិវឌ្ឍខ្ពស់ ផ្តោតសំខាន់លើវិស័យវាយនភណ្ឌ សំណង់ និងទេសចរណ៍ ជាពិសេស វិស័យកសិកម្មមានការដាំដុះគិតគូដល់និរន្តរភាព វិបុលភាព និងសុខភាព ប្រកបដោយសុវត្ថិភាព និងគុណភាព។
មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន នឹងបន្តកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែច្រើនឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រទេសជប៉ុន ព្រមទាំងលើកកម្ពស់សន្តិភាពក្នុងតំបន់នៃសមាជិកអាស៊ានទាំង១០ និងប្រទេសជប៉ុនផងដែរ។ បើតាមការថ្លែងបន្ថែមរបស់ លោក Kunihiko។
សូមបញ្ជាក់ថា សិក្ខាសាលានេះ ដែលរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ តាមរយៈកិច្ចសហការរៀបចំរបស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ជាមួយនឹងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយ និងផ្ដល់ចំណេះដឹង បទពិសោធន៍ អំពីការជំរុញនាំចេញផលិតផលផ្លែឈើក្រៀម និងផលិតផលកសិកម្មកម្ពុជាសម្រាប់ទីផ្សារប្រទេសជប៉ុនដែលជាទីផ្សារធំមួយក្នុងតំបន់ ក្រោយវិបត្តិជំងឺកូវីដ-១៩។
សិក្ខាសាលានេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងមន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម តំណាងអង្គការ Jetro ភ្នំពេញ ជាពិសេសធុរជន និងផលិតករកម្ពុជា-ជប៉ុន ដែលកែច្នៃផលិតផលកសិកម្ម និងផលិតផលផ្លែឈើក្រៀមចំនួន ១០៣រូប ចូលរួមដោយផ្ទាល់ និង ៤២រូប ចូលរួមតាមប្រព័ន្ធវីដេអូ ពីប្រទេសជប៉ុន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)