ព្រះសីហនុ៖ លោក អ៊ិន លីវពីង ប្រធានសមាគមហឺហឺហ៊ួយនៃសាធារណរដ្ឋប្រជាមានិតចិន បានដឹកនាំសហគ្រិនចំនួន ៥១ ទូទាំងប្រទេសចិនមកធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ស្វែងយល់ពីសក្ដានុពលដើម្បីវិនិយោគលើវិស័យសំខាន់ៗ។ ក្នុងដំណើរទស្សនកិច្ចមួយថ្ងៃ អង្កេតទីផ្សារពាក់ព័ន្ធនឹងកំពង់ផែតំបន់សេដ្ឋកិច្ចពិសេស មណ្ឌលកម្សាន្ត និងទេសចរណ៍ ក៏ដូចជាវិស័យសណ្ឋាគារជាដើម។
នៅក្នុងដំណើរទស្សនកិច្ចរបស់ សមាគម HEHEHUI ដែលដឹកនាំដោយ លោក អ៊ិន លីវពីង បានជួបពិភាក្សាការងារជាមួយ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២៩ ខែមីនាឆ្នាំ២០២៣។
ក្នុងឱកាសនោះ លោក ជាវ វិជ្ជាក់ បានលើកឡើងថា ខេត្តព្រះសីហនុជាខេត្តតំបន់ឆ្នេរ មានធនធានធម្មជាតិ សក្តានុពលជាច្រើនរួមមានវិស័យសេដ្ឋកិច្ច វិស័យឧស្សាហកម្មពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ដែលជាវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាល។ លោក បានបញ្ជាក់ថា បច្ចុប្បន្ន ខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយសិក្សាបែងចែកជាតំបន់លំនៅដ្ឋាន ពាណិជ្ជកម្មឧស្សាហកម្ម រដ្ឋបាល ទេសចរណ៍ តំបន់សាសនា និងវប្បធម៌ ជាដើម។
ស្របជាមួយគ្នានេះ តាមរយៈការអភិវឌ្ឍ តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលកំណើនសេដ្ឋកិច្ចជាតិ ឆ្នេរសមុទ្រ និងកោះដ៏ស្រស់ស្អាតបំផុតនៅលើសកលលោក សម្រាប់ការសម្រាកលម្ហែកម្សាន្ត មជ្ឍមណ្ឌលគាំទ្រផលិតកម្មបរិច្ចេកវិទ្យា និងការឆ្នៃប្រឌិត ច្រកទ្វារអន្តរជាតិ និងភស្តុភារជាតិ សម្រាប់តភ្ជាប់ទៅកាន់ទីផ្សារអាស៊ាននិងពិភពលោក ទីក្រុងគំរូក្នុងការគ្រប់គ្រង និងអភិបាលកិច្ចល្អ ជាមួយសេវាកម្ម ហេដ្ឋារចនាសម្ព័ន្ធសម្ភារៈប្រើប្រាស់ និងឱកាសការងារ។ បើតាមការបន្តរបស់ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ។
លោក ជាវ វិជ្ជាក់ បានរម្លឹកថា នៅឆ្នាំ២០១០ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសម្រេចលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរទៅជា «ទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅឆ្នាំ២០១៩ ប្រទេសទាំងពីរក៏បានចាប់ផ្ដើមរួមគ្នាកសាងសហគមន៍រួមវាសនាតែមួយមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគវប្បធម៌និងទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
សម្រាប់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពអន្តរជាតិខេត្តព្រះសីហនុ បានបង្កើតសម្ព័ន្ធភាពខេត្ត-ក្រុងបងប្អូនជាមួយបណ្តាខេត្ត-ក្រុង នៅប្រទេសចិន បានចំនួន ១៧ ផងដែរ។ បើតាមការបន្ថែមរបស់ លោក អភិបាលរងដដែល។
នៅក្នុងជំនួបកិច្ចពិភាក្សានេះ លោក អ៊ិន លីវពីង បានបញ្ជាក់ថា ខ្ញុំដឹកនាំសហគ្រិនចំនួន ៥១សហគ្រាសទូទាំងប្រទេសចិនមកធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុរយៈពេល១ថ្ងៃក្នុងគោលបំណងអង្កេតទីផ្សារពាក់ព័ន្ធនិងកំពង់ផែតំបន់សេដ្ឋកិច្ចពិសេសមណ្ឌលកម្សាន្តនិងទេសចរណ៍ ក៏ដូចជាវិស័យសណ្ឋាគារ។
លោក ប្រធាន បានបន្តថា ក្រោយពីទស្សនាស្ពតស្ដីអំពីសក្កដានុពលរបស់ខេត្តព្រះសីហនុ ខេត្តព្រះសីហនុគឺមានការអភិវឌ្ឍរីកចម្រើន និងជាកន្លែងដែលអ្នកវិនិយោគចិនមានការចាប់អារម្មណ៍និងចូលមកបណ្ដាក់ទុនវិនិយោគ ក្នុងនោះក៏មានអ្នកវិនិយោគក្នុងសមាគមរបស់ខ្ញុំមួយចំនួនបានចូលមកវិនិយោគរួចមកហើយដែរនាពេលកន្លងមក។
លោក អ៊ិន លីវពីង ក៏បានបន្ថែមថា ខេត្តព្រះសីហនុក្នុងគោលការណ៍អនុវត្តផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ប្រទេសចិន ជាក់ស្ដែងផ្លូវល្បឿនលឿនពីភ្នំពេញមកខេត្តព្រះសីហនុបាននិងកំពុងឱ្យដំណើរការដែលជាការអភិវឌ្ឍរបស់ប្រទេសចិនទាំងនេះគឺជាការដកពិសោធន៍ដោយផ្ទាល់អំពីអត្ថប្រយោជន៍ដែលយើងបានលើកឡើងថាជោគវាសនារួមតែមួយរវាងប្រទេសទាំងពីរក្នុងការរឹតចំណងមិត្តភាពដែកថែប។
បើតាម លោក ប្រធាន បានគូសបញ្ជាក់ សង្ឃឹមរដ្ឋបាលខេត្តជួយជ្រោមជ្រែងលើកទឹកចិត្តដល់សហគ្រិននៃគណៈប្រតិភូដែលមានជំនឿលើរាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំខេត្ត ដូចនេះសហគមនឹងចូលរួមភិវឌ្ឍន៍ជាមួយរដ្ឋបាលខេត្តធ្វើយ៉ាងណាឱ្យខេត្តព្រះសីហនុកាន់តែមានការអភិវឌ្ឍធ្វើឱ្យខេត្តក្លាយទៅជាទីក្រុងទំនើបឆ្លាតដូចចក្ខុវិស័យរបស់រដ្ឋបាលខេត្តដែលបានអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)