ភ្នំពេញ៖ បច្ចុប្បន្ន ដំណើរការចុះបញ្ជីដីធ្លីនៅទូទាំងប្រទេសសម្រេចបាន ៩៧,២% លើ៧លានក្បាលដី ខណៈ ប្រមុខរាជរដ្ឋាភិបាល បានជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចុះបញ្ជីដីឱ្យបានចប់ ១០០ភាគរយ ក្នុងឆ្នាំ២០២៣ ដូចដែលបានគ្រោងទុក។ បើតាមលើកឡើងរបស់ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
នៅក្នុងជំនួបជាមួយ លោកស្រី KAMEI Haroku ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ លោក ជា សុផារ៉ា បានបញ្ជាក់ថា ការចុះបញ្ជីដីធ្លីឱ្យបានចប់១០០ភាគរយទូទាំងប្រទេសអាចផ្តល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋបានយូរអង្វែង និងផ្តល់ទំនុកទុកចិត្តដល់អ្នកវិនិយោគ ដែលនេះចាត់ទុកថាជាការធានាបាននូវនិរន្តរភាពពិតប្រាកដក្នុងការអភិវឌ្ឍក្រោមជំនួយរបស់ជប៉ុន។
លោក ជា សុផារ៉ា បានលើកឡើងថា រាល់គម្រោងទាំងអស់ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដែលទទួលបានការគាំទ្រពីរដ្ឋាភិបាល និងប្រជាជនជប៉ុនសុទ្ធតែទទួលបានជោគជ័យទៅលើគ្រប់ការដ្ឋានក្នុងគម្រោងទាំងអស់។
រាល់គម្រោងទាំងអស់ចាត់ទុកថាជាគម្រោងមានលក្ខណៈនិរន្តរភាពបម្រើឱ្យផលប្រយោជន៍ផ្ទាល់ជាមួយប្រជាពលរដ្ឋ ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋជារួមដូចជាបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស បញ្ហាបណ្តុះបណ្តាលនិងការសហការគ្នា គឺចាត់ទុកថាជាគម្រោងដែលមានលក្ខណៈនិរន្តរភាពយូរអង្វែង ហើយរាល់គម្រោងទាំងអស់ គឺមានគុណភាពដោយមិនមែនសម្ពោធរួចជួសជុលតាមក្រោយនោះទេ។ បើតាមការបន្តទៀតរបស់ លោក ជា សុផារ៉ា។
ទាក់ទងទៅនឹងសំណង់ លោក បានបញ្ជាក់ថា យើងទទួលបានជោគជ័យលើច្បាប់សំណង់រួចហើយ គឺបានធ្វើឱ្យវិស័យសំណង់មានសណ្តាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាពយូរអង្វែង។ មុនពេលមានច្បាប់សំណង់នេះ គឺម្ចាស់សំណង់និងអ្នកវិនិយោគគឺសាងសង់តាមតែចិត្ត ប៉ុន្តែក្រោយពេលមានច្បាប់សំណង់ គឺបានធ្វើឱ្យពួកគាត់ចាប់អារម្មណ៍មកសុំច្បាប់អនុញ្ញាត ហើយស្ថាបត្យករ វិស្វករ បានចាប់អារម្មណ៍មកចុះឈ្មោះ និងទទួលយកការបណ្តុះបណ្តាលដែលនេះបង្ហាញឱ្យឃើញពីការរីកចម្រើនមួយផ្នែក។
នៅក្នុងជំនួបនោះ លោកស្រី KAMEI Haroku បានលើកឡើងថា គម្រោងដែលសម្រេចបានកន្លងមក បច្ចុប្បន្ន JICA កំពុងតែបន្តអនុវត្តគម្រោងថ្មី គឺគម្រោងកសាង និងអភិវឌ្ឍជាអចិន្រ្តៃយ៍នៅទូទាំងកម្ពុជា ដែលការងារនេះកំពុងតែដំណើរការ។ លោស្រី ស្នើសុំកិច្ចសហការពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងព្យាយាមប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបញ្ចប់គម្រោងតាមការគ្រោងទុក។ លោកស្រីបានបង្ហាញពីការចូលរួមអបអរសាទរចំពោះលទ្ធផលល្អប្រសើរជាច្រើនក្រោយពេលមានច្បាប់សំណង់រួចមក។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២២ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញបណ្ណកម្មសិទ្ធិដីបានចំនួន ៣១៥.៤៤១បណ្ណ និងចែកដល់ដៃប្រជាពលរដ្ឋចំនួន ២៦៤.៨០៤បណ្ណ។
ដោយឡែក គិតពីចាប់ផ្តើមអនុវត្តដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២២ ក្រសួងបានចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋសរុប ៦.៦៦៣.៩៧៧បណ្ណ ស្មើនឹង៩៥,២% នៃក្បាលដីប៉ាន់ស្មានសរុបចំនួន ៧លានក្បាលដី។
ក្នុងនោះ ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ចំនួន ៦.០៣៨.១២០បណ្ណ ខណៈការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំសម្រេចបាន ៦២៥.៨៥៧បណ្ណ។
មួយវិញទៀត គិតពីចាប់ផ្តើមអនុវត្តដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២២ រដ្ឋបានចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិបានចំនួន ៥៤.០១៨បណ្ណ (រាជធានីភ្នំពេញចំនួន ៤៦.៥៩៥បណ្ណ ខេត្តព្រះសីហនុចំនួន ៧.៤១០បណ្ណ និងខេត្តសៀមរាបចំនួន ១៣បណ្ណ) និងចុះបញ្ជីផ្ទេរកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិចំនួន ១២.៧៥៣បណ្ណ (ខ្មែរចំនួន ៣.០៦០បណ្ណ ជនបរទេសចំនួន ៩.២៧៤បណ្ណ និងក្រុមហ៊ុនចំនួន ៤១៩បណ្ណ)៕
ដោយ៖ មឿន ឌីណា (Moeun Dyna)