Register Already an agent ? Login

វឌ្ឍនភាពគម្រោងសាងសង់ អាកាសយានដ្ឋានអន្ដរជាតិតេជោ សម្រេចបាន ៤៤,៣ភាគរយ

ភ្នំពេញ៖ វឌ្ឍនភាព គម្រោងសាងសង់អាកាសយានដ្ឋានអន្ដរជាតិ តេជោក្រុងតាខ្មៅ នៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សម្រេចបាន ៤៤,៣ភាគរយ។ បើតាមការថ្លែងរបស់ លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល។

អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ បានដំណើរការសាងសង់ជាង ២ឆ្នាំ ដែលបោះទុនវិនិយោគប្រមាណ ២ពាន់លានដុល្លារ លើផ្ទៃដីសរុប ២៦០០ហិកតា។ ព្រលានយន្តហោះនេះគ្រោងបញ្ចប់ដំណាក់កាលទី១ នៅឆ្នាំ២០២៤ និងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥។ បើតាមការថ្លែងបន្តរបស់ លោក នូវប៉េង ច័ន្ទតារា នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកណ្ដាល» កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។

លោក នូវប៉េង ច័ន្ទតារា បានថ្លែងបន្តទៀតថា ព្រលានយន្តហោះអន្តរជាតិថ្មីនេះ កម្រិត4Fនឹងប្រើប្រាស់ជំនួសព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខណៈវិសាលភាពព្រលានថ្មី មានភាពធំទូលាយ អាចកម្រិតយន្តហោះធំៗ ចុះចតបាន។ អាកាសយានដ្ឋានអន្តរជាតិតេជោនៅខេត្តកណ្តាល សាងសង់មានភូមិសាស្ត្រ នៅក្នុងខេត្តកណ្តាល ជាប់ខេត្តតាកែវ និងមានចម្ងាយប្រមាណ ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

លោក បានថ្លែងបន្ថែមថា ការងារសាងសង់សម្រាប់ដំណាក់កាលទី១នេះ ត្រូវបានក្រុមហ៊ុនអះអាងថា គ្រោងនឹងចំណាយថវិកា ១,៥០០លានដុល្លារ ដែលមិនទាន់គិតបញ្ចូលតម្លៃដីនៅឡើយនោះទេ ដែលអាចនឹងទទួលភ្ញៀវទេសចរបានចំនួន ១៣លាននាក់ក្នុង១ឆ្នាំ។ ដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ ដែលអាចទទួលភ្ញៀវ ទេសចរបានចំនួន ៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលភ្ញៀវទេសចរបានចំនួន ៥០លាននាក់ក្នុង១ឆ្នាំ។

ដោយឡែក ការដោះស្រាយវិវាទជាមួយប្រជាពលរដ្ឋ ដែលប៉ះពាល់ជាមួយគម្រោងព្រលានយន្ដហោះនេះ សម្រេចបាន ៦៣.១% នៃទំហំផ្ទៃដីព្រលានទាំងមូល២,៦០០ហិកតា ស្មើនឹង១៦៤០ហិកតា។ ខណៈ ដីដែលកំពុងបន្ដដោះស្រាយជាមួយប្រជាពលរដ្ឋចំនួន ៣០២ហិកតា ស្មើនឹង ១១%។ បើតាមការថ្លែងបន្ថែមទៀតរបស់ លោក នូវប៉េង ច័ន្ទតារា បានឱ្យដឹងទៀតថា សម្រាប់ដីដែលគ្រប់គ្រងដោយក្រុមហ៊ុន ហើយប៉ះពាល់ជាមួយព្រលាន មានចំនួន ៦៥៧ហិកតា ស្មើនឹ ង២៥.២៦%។

លោក អភិបាលរងខេត្តរូបនេះ បានបញ្ជាក់ថា អ្វីដែលត្រូវដោះស្រាយបន្តជាមួយប្រជាពលរដ្ឋលើទំហំដីជាង ៣០២ ហិកតា ដោយអាជ្ញាធរកំពុងព្យាយាមរកដំណោះស្រាយ ដោយមានការដឹកនាំសម្របសម្រួលពីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ផ្ទាល់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)