ភ្នំពេញ៖ សមិទ្ធផលសំខាន់ៗ ក៏ដូចជាការអភិវឌ្ឍរបស់កម្ពុជាកន្លងមកនេះ ការធ្វើពាណិជ្ជកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ បើតាមការលើកឡើងរបស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបន្តថា ជាមួយនឹងការប្រឹងប្រែងរបស់កម្ពុជា សេដ្ឋកិច្ចកម្ពុជាបានលូតលាស់ក្នុងរង្វង់ ៥% ក្នុងឆ្នាំ២០២០ និងរំពឹងថានឹងកើនដល់ប្រហែល ៦% ឆ្នាំ២០២៣។
ការលើកឡើងខាងលើរបស់ លោក ប៉ាន សូរស័ក្តិ បានទទួលជួបសម្តែងការគួរសមជាមួយ លោក Asad Yaqub ប្រធានសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្រចាំប្រទេសកម្ពុជា (IFC) ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់ទាក់ទងទៅនឹងសមិទ្ធផលសំខាន់ៗក្នុងវិស័យពាណិជ្ជកម្ម បញ្ហាប្រឈមសម្រាប់ការអភិវឌ្ឍ និងឱកាសវិនិយោគក្នុងវិស័យនេះនៅកម្ពុជា កាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
លោក ប៉ាន សូរស័ក្តិ បានសម្តែងការគួរសមយ៉ាងកក់ក្តៅ និងបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការជាមួយគ្នាកន្លងមកនៅក្នុងកម្មវិធីធ្វើពិពិធកម្ម និងពង្រីកការនាំចេញរបស់កម្ពុជា (CEDEP) ក៏ដូចជាការពង្រីកកម្មវិធីលើការគាំទ្រស្រូវ-អង្ករក្នុងឆ្នាំ២០១២ តាមរយៈការគាំទ្រហិរញ្ញវត្ថុពីកម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម (Enhanced Integrated Framework – EIF/WTO)។
លោក រដ្ឋមន្រ្តី បានបញ្ជាក់ថា «ការចូលរួមគាំទ្រក្នុងវិស័យស្រូវ-អង្ករកម្ពុជានេះ បានជួយជំរុញការអភិវឌ្ឍវិស័យនេះឱ្យមានកំណើនសមត្ថភាពនៃការផលិត និងនាំចេញអង្ករទៅកាន់ទីផ្សារពិភពលោក»។ បានបន្ថែមថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដោយមានក្រសួងពាណិជ្ជកម្មជាសេនាធិការ បានផ្តួចផ្តើមគំនិតក្នុងការធ្វើសមាហរកម្មពាណិជ្ជកម្មកម្ពុជាឱ្យកាន់តែស៊ីជម្រៅតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មទេ្វភាគី ក្នុងតំបន់ និងជាសកល ដើម្បីឱ្យប្រាកដថាកម្ពុជា នឹងមានភាពប្រកួតប្រជែង និងការធ្វើពិពិធកម្មទីផ្សាររបស់ខ្លួន។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន (ASEAN & ASEAN +1) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀមសេរីទ្វេភាគីជាមួយចិន និងកូរ៉េ នឹងផ្តល់ជាឱកាសទីផ្សារយ៉ាងធំសម្បើមសម្រាប់វិស័យធុរកិច្ចកម្ពុជា។ បើតាមការបន្ថែមទៀតរបស់ លោក ប៉ាន សូរស័ក្តិ។
នៅក្នុងជំនួបនេះ លោក រដ្ឋមន្ត្រី បានសង្កត់ធ្ងន់ផងដែរថា វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនេះប្រកបដោយប្រយោជន៍ ដើម្បីទាញយកទីផ្សារដែលមាន និងប្រើប្រាស់ឱកាសទាំងនេះ ក្នុងការពង្រីកខ្សែច្រវ៉ាក់តម្លៃរបស់ខ្លួនទៅក្នុងតំបន់ និងសកលលោក។
ទាក់ទៅនឹងរំពឹងកំណើនសេដ្ឋកិច្ចកម្ពុជានេះ នៅក្នុងពិធីបើកសិក្ខាសាលាត្រីភាគីស្ដីពីការត្រួតពិនិត្យប្រចាំឆ្នាំលើកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសំដែងនូវអំណរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអង្គការអន្តរជាតិខាងការងារដែលបានរួមចំណែកខិតខំប្រឹងប្រែងសម្រេចបាននូវលទ្ធផលជាផ្លែផ្កា គួរជាទីមោទនដល់ការអភិវឌ្ឍរីកចម្រើនសេដ្ឋកិច្ច សង្គមកម្ពុជា។
លោក បានថ្លែងបន្តថា ជាមួយគ្នានោះបានផ្តល់ការការពារសិទ្ធិ អត្ថប្រយោជន៍ និងកិច្ចគាំពារ រួមទាំងការផ្តល់នូវសេវានានាជូនប្រជាពលរដ្ឋ និយោជក កម្មករនិយោជិតទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងពលករខ្មែរនៅក្រៅប្រទេសកាន់តែប្រសើរ និងកាន់តែមានប្រសិទ្ធភាពខ្ពស់សំដៅធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ សុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ជំនាញវិជ្ជាជីវៈ មុខរបរ និងការងារ និងកិច្ចគាំពារសង្គម ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការស្តារឡើងវិញ ដោយបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៣ ដែលរំពឹងថានឹងមានកំណើន ៥,៦%៕
ដោយ៖ មឿន ឌីណា (Moeun Dyna)