Register Already an agent ? Login

ដើមឆ្នាំ២០២៣ សម្ទុះវិស័យអសលនទ្រព្យមានការងើបឡើងវិញបន្តិចនៅកម្ពុជា ទោះបីវិបត្តិសកលមិនទាន់ធូរក្ដី

ភ្នំពេញ៖ នៅដើមឆ្នាំ២០២៣នេះ វិស័យអចលនទ្រព្យនៅកម្ពុជាមានសម្ទុះងើបឡើងវិញបន្តិចហើយ ដែលក្នុងអន្តរកាលកន្លងមកស្ថិតនៅក្នុងស្ថានភាពស្ទើរតែនៅស្ងៀមទ្រឹងទៅហើយ ប៉ុន្តែក្នុងរាជរដ្ឋាភិបាលកម្ពុជាបានប្រឹងប្រែងប្រមូលធាតុផ្សំជាច្រើនដើម្បីធ្វើឱ្យប្រសើរឡើងវិញ ក្នុងនោះចុងឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញ និងបានដកនូវកាតព្វកិច្ចមួយចំនួនចំពោះវិនិយោគិនចូលមកបណ្ដាក់ក្នុងស្រុក ក៏ដូចជាសម្រួលដល់ធុរកិច្ចផ្សេងៗផងដែរ។

ក្នុងរយៈពេលជិត ១ត្រីមាសនៃឆ្នាំ ២០២៣ សកម្មភាពទិញលក់និងការវិនិយោគលើវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជាចាប់ផ្ដើមមាននិន្នាការឡើងបន្តិចម្ដងៗហើយរំពឹងថានៅឆ្នាំ២០២៤ខាងមុខ ស្ថានភាពកាន់តែប្រសើរបន្ថែមទៀត។ បើតាមការលើកឡើងរបស់ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា។

លោក បានបន្ថថា កាលពីត្រីមាសទី១ ឆ្នាំ២០២២ ការវិនិយោគលើវិស័យអចលនទ្រព្យក៏ដូចជាការទិញលក់ ហាក់នៅមានកម្រិតតិចតួចនៅឡើយ ដោយសារតែដើមឆ្នាំ២០២២ កម្ពុជាទើបតែបើកប្រទេស បើកសេដ្ឋកិច្ចឡើងវិញ ហើយស្ថានភាព កូវីដ-១៩ នៅអំឡុងពេលនោះក៏មិនទាន់បានប្រសើរខ្លាំងដូចនៅដើមឆ្នាំ២០២៣នេះដែរ។

វិនិយោគិនទាំងក្នុងនិងក្រៅប្រទេសចាប់ផ្ដើមចូលមកបណ្ដាក់ទុនវិនិយោគជាបន្តបន្ទាប់ នាឆ្នាំ២០២៣នេះ ក្នុងនោះវិនិយោគិនជនជាតិចិន ក៏ចាប់ផ្ដើមចូលមកប្រទេសកម្ពុជាជាបន្តបន្ទាប់ផងដែរ រំពឹងថាវិនិយោគិនចិនដែលធ្លាប់បានចូលមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាម្ដងហើយនឹងចូលមកឡើងវិញ ហើយវិនិយោគិនថ្មីៗក៏នឹងចូលមករកការវិនិយោគនៅកម្ពុជាដែរ។ បើតាមការលើកឡើងបន្តរបស់ លោក សន សៀប។

ដូចគ្នានេះដែរ បើតាម propertyarea.asia បានស្រង់សំដី នាយិកាប្រតិបត្តិនៃក្រុមហ៊ុន PropNex Cambodia អ្នកស្រី អាន សុធីតា ថា ក្នុងស្ថានភាពបច្ចុប្បន្ន គឺពេលវេលាមួយដែលចាត់ទុកជាងាយស្រួលទិញតែពិបាកលក់ ដូច្នេះហើយទើបក្នុងអំឡូងពេលនេះ មិនសូវមានប្រតិបត្តិការទិញលក់ច្រើន។

អ្នកស្រី អាន សុធីតា បានបន្តថា ក្នុងអំឡុងពេលនេះដែរ ម្ចាស់ទ្រព្យគួរគិតផងដែរថាទ្រព្យណាដែលត្រូវលក់ទ្រព្យណាដែលត្រូវទុក ដូចជាទ្រព្យដែលទិញទុករយៈពេលច្រើនឆ្នាំហើយតែមិនមានសម្ទុះកើនតម្លៃ ឬកើនឡើងតិចតួច យើងមិនគួរបន្តទុកទៀតទេ។ អ្នកស្រី បញ្ជាក់ថា «ពីព្រោះទៅមុខទៀតក៏នឹងមិនចំណេញដែរ ដូច្នេះគួរលក់យកលុយទៅវិនិយោគនៅទីតាំងផ្សេងៗអចលនទ្រព្យប្រភេទផ្សេង»។

នៅក្នុងស្ថានភាពបច្ចុប្បន្ន អ្នកមានលុយគឺមានឱកាសខ្ពស់ក្នុងការវិនិយោគអចលនទ្រព្យរកប្រាក់ចំណេញ ពីព្រោះថាក្នុងករណីនេះ នឹងមានម្ចាស់ទ្រព្យដែលគាត់ត្រូវការហិរញ្ញវត្ថុបន្ទាន់ ហើយត្រូវការលក់ទ្រព្យដើម្បីយកមកដោះស្រាយ ហើយគាត់នឹងលក់ក្នុងតម្លៃទាបជាងទីផ្សារ ដែលធ្វើឱ្យអ្នកទិញអាចលក់វិញនៅពេលបន្ទាប់បានប្រាក់ចំណេញខ្ពស់។ បើតាមការបន្ថែមរបស់ អ្នកស្រីនាយិកាប្រតិបត្តិ ដោយបានបញ្ជាក់ថា អ្វីដែលប្រឈមជាងគេ ក្នុងវិស័យអចលនទ្រព្យ គឺបញ្ហាសាច់ប្រាក់ក្នុងការទិញលក់ ព្រោះថាអាចនឹងមានការពន្យារពេល ក្នុងការទិញលក់លើវិស័យអចនលទ្រព្យ។

លោកស្រី នាយិកាដដែល បានបន្ថែមទៀតថា ការទិញលក់ដីធ្លីគឺតែងតែឈានមុខគេក្នុងឆ្នាំ២០២៣ ប៉ុន្តែអាស្រ័យលើទីតាំងដី និងប្រភេទដីផងដែរ ប្រភេទដីលំនៅដ្ឋានគឺនៅប៉ែកខាងកើត និងប៉ែកខាងត្បូង នៃប្រទេសមានចរន្តទិញលក់ច្រើន ដោយសារនៅតំបន់នោះមានហេដ្ឋារចនាសម្ព័ន្ធ និងខេត្តជាប់មាត់សមុទ្រមួយចំនួនដូចជា ខេត្តកែប កំពត និងកោះកុងជាដើម។

បើទោះជាមានការអះអាងថា វិស័យអលនទ្រព្យនៅកម្ពុជា ហាក់មានការកម្រើកឡើងបន្តិចបន្តួចក្តី អ្នកជំនាញព្យាករណ៍ថា វិស័យដីធ្លីនៅកម្ពុជានៅតែមានឈានមុខគេបើប្រៀបធៀបជាមួយផ្នែកផ្សេងទៀតក្នុងវិស័យអចនលទ្រព្យនេះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)