ភ្នំពេញ៖ វឌ្ឍនភាពនៃការសាងសង់អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ សម្រេចបាន៨០% តាមគម្រោងការសាងសង់អគារទីស្ដីការថ្មីនេះ នឹងបញ្ចប់ការងារសាងសង់ នៅចុងខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។ បើតាមកិច្ចរប្រជុំពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់អគារទីស្ដីការថ្មីរបស់ក្រសួងមហាផ្ទៃ ដែលដឹកនាំដោយ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការគម្រោង នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។
លោក សក់ សេដ្ឋា បានមានប្រសាសន៍ឱ្យដឹងថា តាមគម្រោងសាងសង់អគារទីស្ដីការថ្មីរបស់ក្រសួងមហាផ្ទៃ នឹងបញ្ចប់ការងារសាងសង់ នៅចុងខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។ អគារទីស្តីការថ្មីនេះ ស្ថិតនៅលើទីតាំងចាស់ តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោក សក់ សេដ្ឋា បានបន្តថា ក្នុងនាមប្រធានគណៈកម្មការគម្រោងនេះ ក៏បានណែនាំក្រុមហ៊ុនសាងសង់ត្រូវរៀបចំប្រព័ន្ធអគ្គិសនី ប្រព័ន្ធអគ្គិភ័យ ប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធផ្សេងៗទៀតឱ្យបានត្រឹមត្រូវបំផុត ដើម្បីឱ្យមានសោភ័ណ្ឌភាពស្អាតផងដែរ។ លោក បានបន្តថា ក្រោយអគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ ត្រូវបានសាងសង់រួចរាល់ហើយនោះ ត្រូវទាមទារឱ្យមានការចូលរួមថែទាំយ៉ាងម៉ត់ចត់បំផុតចំពោះអគារទាំងមូល។
លោក សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការសាងសង់អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ ក៏បានសំណូមពរដល់ក្រុមហ៊ុន ឱ្យជំរុញការងារប្រក់ក្បឿងឱ្យបានឆាប់រហ័ស ព្រោះអាចនឹងមានភ្លៀងកក់ខែ ហើយក៏បានស្នើសុំក្រុមហ៊ុន បញ្ចប់ការងារតាមជាន់នីមួយៗឱ្យបានឆាប់ ដើម្បីផ្ដល់លទ្ធភាពឱ្យបណ្ដាអង្គភាព ត្រៀមផ្លាស់ចូលរៀបចំការិយាល័យធ្វើការជាបណ្ដើរៗ។
សម្រាប់ទិសដៅបន្ដក្នុងការសាងសង់អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ លោក សេង យូអ៊ាន់ បានណែនាំក្រុមហ៊ុនសាងសង់ឱ្យបញ្ចប់ការងារមួយចំនួនឱ្យបានលឿន ដែលរួមមាន៖ ដេគ័រសាលប្រជុំជាន់ផ្ទាល់ដី និងអនុវត្តការងារដេគ័រជាន់ទី៩, បញ្ចប់ការងារលាបថ្នាំខាងក្រៅ និងខាងក្នុងអគារ, បញ្ចប់ការងាររៀបចំបណ្ដាញទឹក ប្រព័ន្ធអគ្គិសនី ប្រព័ន្ធអគ្គិភ័យ ប្រព័ន្ធម៉ាស៊ីនត្រជាក់ ប្រព័ន្ធសុវត្ថិភាព នៅគ្រប់ជាន់, បញ្ចប់ការងារដំឡើងឧបករណ៍ជណ្ដើរយន្ដគ្រប់ប្រភេទ ម៉ាស៊ីនត្រជាន់ និងឧបករណ៍ សម្ភារបន្ទប់ទឹក ព្រមទាំងបញ្ចប់ការងារក្រាលការ៉ូគ្រប់ជាន់ ជាដើម។
លោក សក់ សេដ្ឋា បានផ្ដាំផ្ញើដល់អនុគណៈកម្មការ និងសមាជិកគណៈកម្មការសាងសង់អគារទីស្តីការថ្មីនេះ ឱ្យយកចិត្តទុកដាក់ឱ្យបានខ្ពស់ ចំពោះការងារសាងសង់ និងត្រូវចុះពិនិត្យដោយផ្ទាល់ ចំពោះកិច្ចការងារដែលនៅសេសសល់ ដើម្បីឱ្យអគារនេះរៀបចំទៅដោយមានស្តង់ដារ និងសោភណ្ឌភាពស្រស់ស្អាត។ លោក បានគូសបញ្ជាក់ថា «ជាពិសេសធ្វើយ៉ាងណាឱ្យសំណង់មានភាពរឹងមាំផងដែរ»។ ជាមួយគ្នានោះ លោក ក៏បានណែនាំបន្ថែមដល់ក្រុមហ៊ុនសាងសង់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពនៅពេលដំណើរការសាងសង់។
សូមរម្លឹកថា អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃមានតម្លៃជាង ៦០លានដុល្លារ ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
អគារទីស្ដីការថ្មីនេះ ផ្នែកខាងមុខនៃអគារនេះ បែរទៅទិសខាងកើតស្របតាមផ្លូវព្រះនរោត្តម និងបែរមុខចំទន្លេធំៗទាំងបួន ដែលហៅថាទន្លេចតុមុខ។ លើសពីនេះ អគារទីស្ដីការថ្មីនេះ ជាប្រភេទស្ថាបត្យកម្មក្លាសិក រចនាបទខ្មែរដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួនប្រាំ លំនាំតាមប្រាសាទអង្គរវត្តកំពូលប្រាំ ដោយអនុលោមតាមគោលការណ៍សមមាត្រនៃរូបរាងអគារ និងបានគិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ ខ្យល់ធម្មជាតិ ចេញចូលគ្រប់គ្រាន់ ប្រកបដោយផាសុខភាព ស័ក្តិសមជាទីកន្លែងធ្វើការបែបសម័យទំនើបថ្មី៕
ដោយ៖ មឿន ឌីណា (Moeun Dyna)