Register Already an agent ? Login

លោក អ៊ុំ រាត្រី៖ ក្នុង១ថ្ងៃខេត្តបន្ទាយមានជ័យរកចំណូលបាន ១,៥លានដុល្លារ នាំទំនិញចេញ-ចូល តាមច្រកទ្វារព្រំដែន

បន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យ ក្នុងមួយថ្ងៃអាចរកចំណូលគយបាន ប្រមាណចន្លោះពី ១លាន ទៅ១លាន៥សែនដុល្លារ ពីការនាំទំនិញចេញ-ចូល តាមច្រកទ្វារព្រំដែនដែន។ បើតាមការថ្លែងរបស់ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា សម្រាប់ទំនិញដែលនាំចេញទៅប្រទេសថៃ ភាគច្រើនជាប្រភេទកសិផលដូចជា៖ ដំឡូងមី ម្ទេសក្រៀម អំពៅ ពោតក្រហម ស្វាយចន្ទី និងស្រូវ ជាដើម។

លោក អ៊ុំ រាត្រី ដែលបានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ» កាលពីថ្ងៃទី២៨ ខែមីនា នៅទីស្តីការគណៈរដ្ឋមន្ត្រីបន្តថា ខេត្តនៅជាប់ព្រំដែនប្រទេសថៃជាកត្តាអំណោយផលល្អដល់ការដោះដូរ ដឹកជញ្ជូនទំនិញ ការធ្វើពាណិជ្ជកម្ម ការធ្វើដំណើរចេញ-ចូល ទេសចរណ៍ ការធ្វើកិច្ចសហប្រតិបត្តិការ និងបានជួយជំរុញដល់កំណើនសេដ្ឋកិច្ច របស់ខេត្តផងដែរ។

ក្នុងថ្ងៃខ្លះ អាចប្រមូលពន្ធគយទាបជាងច្រកខេត្តព្រះសីហនុ និងថ្ងៃខ្លះមានចំនួនច្រើនជាង ដែលជាមធ្យមបានប្រមាណពី ១លាន ទៅ១លាន៥សែនដុល្លារ សម្រាប់ដាក់ចូលក្នុងចំណូលជាតិ ដែលនេះនៅមិនទាន់និយាយ ពីការប្រមូលចំណូលផ្ទៃក្នុងនោះទេ។ បើតាមការថ្លែងបន្តទៀតរបស់ លោក អ៊ុំ រាត្រី។

នៅក្នុងខេត្តបន្ទាយមានជ័យមិនចាញ់ខេត្តផ្សេង តាមរយៈសាខាគយ បានរាយការណ៍មក ខែខ្លះយើងចាញ់តែខេត្តព្រះសីហនុទេ តែខែខ្លះបន្ទាយមានជ័យគឺលេខ១តែម្តង ក្នុងការរកចំណូលជូនជាតិ។ ចំណូលគយនេះ គឺយើងខិតខំប្រឹងប្រែងកៀរគរ ដើម្បីយើងទប់ស្កាត់ច្រករបៀង ឱ្យបងប្អូនយើងចូលមកច្រកផ្លូវការហើយរួមគ្នាបង់ពន្ធជូនរដ្ឋ។ បើតាមការបន្ថែមរបស់ លោក អ៊ុំ រាត្រី។

ក្រៅពីចំណូលគយ ការប្រមូលចំណូលពន្ធដារ ក៏មានកំណើនផងដែរ ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលកាលពីឆ្នាំ២០២២កន្លងទៅ ចំណូលពន្ធដារក្នុងខេត្តបន្ទាយមានជ័យ ទទួលបានចំនួន ២៥ពាន់លានរៀល។ បើតាមកថ្លែងរម្លឹករបស់ លោក អ៊ុំ រាត្រី បានបន្ថែមទៀតថា ខេត្តយើងខ្ញុំមោទនភាពដែរ ជាចំណែកមួយដែលយើងបានរួមចំណែក ក្នុងនាមគណៈបញ្ជារការឯកភាព រួមចំណែកជាមួយមន្ទីរ អង្គភាព អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលមាន៥ក្រុងស្រុក រួមជាមួយសមត្ថកិច្ច ជំនាញទាំងអស់ ដែលបានខិតខំប្រឹងប្រែងជាពិសេសជាមួយមន្រ្តីជំនាញគយនិងរដ្ឋាករ ដែលជាអ្នករក ចំណូលជូនជាតិ។

លោក អ៊ុំ រាត្រី បានថ្លែងទៀតថា ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋត្រូវបានលើកកម្ពស់ តាមរយៈពង្រឹង និងពង្រីកនូវយន្តការច្រកចេញ ចូលតែមួយ ទៅដល់គ្រប់បណ្តាឃុំ-សង្កាត់ទាំងអស់ នៅទូទាំងខេត្ត។ យន្តការនេះ បានផ្តល់សេវាជូនប្រជាពលរដ្ឋសរុប ២១៤.៣៧០សេវា ទទួលបានចំណូលសរុប ១៧.៩២៦,០៤៨.៩០០រៀល។

ពោះការងារផ្គត់ផ្គង់អគ្គិសនី និងបណ្តាញទឹកស្អាត ខេត្តទទួលបាននូវការរីកចម្រើនយ៉ាងខ្លាំង ដោយបណ្ដាញទឹកស្អាតចំនួន៧៦% និងអគ្គិសនីចំនួន ៩៩% ត្រូវបានចែកចាយទៅដល់ប្រជាពលរដ្ឋសម្រាប់បម្រើនូវការរស់នៅប្រចាំថ្ងៃ។

វិស័យទេសចរណ៍ តាមរយៈតំបន់ប្រវត្តិសាស្ត្រ វប្បធម៌ និងរមណីយដ្ឋានជាច្រើនទៀត ព្រមទាំងការបម្រើសេវាកម្មប្រកបដោយភាពកក់ក្តៅ និងគុណភាព ដែលជាសក្តានុពលទាក់ទាញភ្ញៀវទេសចរ ដោយខេត្តទទួលបានភ្ញៀវមកទស្សនា និងសម្រាកលម្ហែ សរុបប្រមាណ ៦.០០៦.០៧១នាក់ តាមរយៈវិស័យនេះ បានផ្ដល់អត្ថប្រយោជន៍ដល់ការអភិវឌ្ឍសហគមន៍បង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋផងដែរ។

សម្រាប់វិស័យកសិកម្ម ជាខេត្តជង្រុកស្រូវនៃព្រះរាជាណាចក្រកម្ពុជា ដែលមានផ្ទៃដីដាំដុះស្រូវសរុប ៣០៥.០៣៥ហិកតា ដែលទទួលបានបរិមាណផលជាមធ្យមចន្លោះពី ៩០ម៉ឺន ទៅ១លានតោន ក្នុង១ឆ្នាំៗ។ ក្រៅពីនោះ មានដំណាំឧស្សាហកម្ម ដែលមានផ្ទៃដីសរុប ១២២.៧៩២ហិកតា (ដំឡូងមី ស្វាយចន្ទីពោតក្រហម អំពៅ សណ្ដែក ដំណាំបន្លែ និងដំណាំរួមផ្សំផ្សេងទៀត ដែលមានផ្ទៃដី ៥.៧៣៥ហិកតា ដែលទិន្នផលទទួលបានមានការកើនឡើងជាលំដាប់។ ជាមួយគ្នានោះ ទូទាំងខេត្ត មានប្រព័ន្ធធារាសាស្ត្រ ដែលទ្រទ្រង់លើការងារកសិកម្មចំនួន ៨៧ប្រព័ន្ធ។

ដោយ៖ មឿន ឌីណា (Moeun Dyna)