ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន និងនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានកំណត់សម្រេចឱ្យបាននូវទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១៥ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៥ ដូច្នេះភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តខិតខំធ្វើការងារបន្ថែមទៀត ដើម្បីសម្រេចឱ្យបាននូវទំហំពាណិជ្ជកម្មនេះ។ បើតាមការថ្លែងរបស់ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានបន្តថា ជាការកត់សម្គាល់ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០២២ សម្រេចបានក្នុងទំហំទឹកប្រាក់សរុបប្រមាណ ៤,៦ពាន់លានដុល្លារ កើនឡើងប្រមាណ ១៤% បើធៀបនឹងឆ្នាំ២០២១។
ការថ្លែងខាងលើ របស់ លោក ប៉ាន សូរស័ក្ដិ ដែលបានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មកម្ពុជា ចូលរួមសិក្ខាសាលាស្តីពី “ទិសដៅអនាគតនៃឱកាសពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ឆ្នាំ២០២៣” កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីផ្សព្វផ្សាយ និងចែករំលែកព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ច និងទស្សនវិស័យពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ក្រោយពីវិបត្តិកូវីដ-១៩។
លោក ប៉ាន សូរស័ក្ដិ បានថ្លែងបន្តថា ការជួបជុំគ្នាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ វិនិយោគិនថៃដែលមានសក្តានុពលអាចស្វែងរកព័ត៌មានពាក់ព័ន្ធទាំងអស់នៃការធ្វើពាណិជ្ជកម្ម និងឱកាសវិនិយោគនៅកម្ពុជា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមស្វាគមន៍វិនិយោគិនថៃ ដែលមានគម្រោងវិនិយោគ ឬពង្រីកគម្រោងវិនិយោគនៅកម្ពុជា ហើយសម្រាប់ធុរជនដែលមិនទាន់បានបណ្តាក់ទុននៅកម្ពុជា។
សូមអញ្ជើញមកស្វែងយល់ពីសក្តានុពល និងឱកាសក្នុងការវិនិយោគ ឬចូលរួមបណ្តាក់ទុនជាមួយអ្នកវិនិយោគកម្ពុជា ដើម្បីទាញយកផលប្រយោជន៍ឱ្យបានច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ដែលកម្ពុជាសម្រេចបាន។ បើតាមការបន្តទៀតរបស់ លោក ប៉ាន សូរស័ក្ដិ ក៏បានលើកទឹកចិត្តឱ្យវិនិយោគិននៃប្រទេសទាំងពីរពិនិត្យលទ្ធភាពវិនិយោគលើ វិស័យសេដ្ឋកិច្ចចក្រា និងកសិឧស្សាហកម្មផងដែរ។
នាឱកាសនោះ លោក ប៉ាន សូរស័ក្ដិ ក៏បានស្នើសុំសភាពាណិជ្ជកម្មថៃ និងក្រុមប្រឹក្សាពាណិជ្ជកម្មថៃ ធ្វើការយ៉ាងជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីផ្លាស់ប្តូរទស្សនកិច្ច រវាងវិស័យឯកជនរបស់ប្រទេសទាំងពីរ ក្នុងបំណងជំរុញពាណិជ្ជកម្ម និងសកម្មភាពវិនិយោគក្នុងប្រទេសទាំងពីរឱ្យកាន់តែច្រើនបន្ថែមទៀត ព្រមទាំងបានបានអញ្ជើញភាគីពាក់ព័ន្ធវិស័យឯកជននៃប្រទេសថៃ ក្រុមហ៊ុនថៃ ព្រមទាំងពាណិជ្ជករថៃ ចូលរួមក្នុងការតាំងពិព័រណ៍ផលិតផល និងនាំចូល-នាំចេញរបស់កម្ពុជាលើកទី១៧ ដែលនឹងប្រារព្ធឡើងជាប្រចាំនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣ និងជារៀងរាល់ឆ្នាំ នៅទីរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
ជាមួយគ្នានោះ លោក ប៉ាន សូរស័ក្ដិ បានធ្វើការវាយតម្លៃខ្ពស់លើវឌ្ឍនភាពដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីមានបញ្ហាប្រឈមដោយសារកូវីដ-១៩ក៏ដោយ ប៉ុន្តែទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរនៅតែមានការកើនឡើងជាលំដាប់។
បន្ថែមពីនេះ លោក ប៉ាន សូរស័ក្ដិ ក៏បានលើកឡើងអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ និងការដាក់ចេញនូវច្បាប់ គោលនយោបាយ និងវិធានការនានា ដើម្បីច្បាមយកកាលានុវត្តភាពដែលកើតចេញពីវិបត្តិ និងធានាបាននូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ស្របពេលដែលពិភពលោកកំពុងប្រឈមជាមួយនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃនិម្មាបនកម្ម សេដ្ឋកិច្ចពាណិជ្ជកម្ម ដែលបណ្តាលមកពីបញ្ហាប្រឈមជាសកល ដូចជា ជំងឺរាតត្បាតកូវីដ-១៩ សង្គ្រាមពាណិជ្ជកម្មនិងបច្ចេកវិទ្យា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការប្រែប្រួលអាកាសធាតុ ជាដើម។
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគំនិតផ្តួចផ្តើម និងវិធានការនានា រួមមាន៖ ច្បាប់ស្តីពីវិនិយោគថ្មី ច្បាប់ស្តីពីភាពជាដៃគូសាធារណៈនិងឯកជន (PPP), ច្បាប់វិសោធនកម្មស្តីពីសហគ្រាសពាណិជ្ជកម្ម, ច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងយុទ្ធសាស្ត្រស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីជាដើម។ បើតាមការបន្ថែមទៀតរបស់ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានបន្ថែមទៀតថា ចំពោះក្របខ័ណ្ឌអន្តរជាតិ ក្រៅពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន និងអាស៊ាន+១ បច្ចុប្បន្នកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ជាមួយប្រទេសចិន និងកូរ៉េខាងត្បូង ហើយក៏ជាភាគីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលបានធ្វើឱ្យកម្ពុជាមានទីផ្សារដ៏ធំសម្រាប់វិស័យធុរកិច្ច។ លើសពីនេះ កាលពីពេលថ្មីៗនេះ កម្ពុជាក៏បានបញ្ចប់ដោយជោគជ័យនូវការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CEPA) ផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)