Register Already an agent ? Login

កំណាត់ផ្លូវជាតិ ៣ខ្សែក្នុងខេត្តត្បូងឃ្មុំ-ក្រចេះប្រវែងជិត ១០០គ.ម គ្រោងបើការដ្ឋានដើមខែ៤ ក្រោមឥណទានសម្បទាន WB

ភ្នំពេញ៖ កំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុប៩៨.៤០៥គីឡូម៉ែត្រ គ្រោងនឹងប្រារព្ធពិធីបើកការដ្ឋានស្តារ និងជួសជុលថែទាំ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ បើតាមកិច្ចប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានស្តារ និងជួសជុលផ្លូវទាំង៣ខ្សែខាងលើ ដែលដឹកនាំដោយ លោក ផែង សុវិជ្ជានោ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ។

បើតាមកិច្ចប្រជុំបានឱ្យដឹងថា ការដ្ឋានស្តារ និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៧៣ (ប្រធាតុ ខេត្តត្បូងឃ្មុំ-កំពង់រាំង ព្រំប្រទល់ខេត្តក្រចេះ) ផ្លូវខេត្តលេខ៣៧៧ (ក្រុងក្រចេះ-ស្រុកសំបូរ ខេត្តក្រចេះ) និងផ្លូវខេត្តលេខ៣៧៧A (សណ្តាន់-សង្គម ស្រុកសំបូរ ខេត្តក្រចេះ) មានប្រវែងសរុប ៩៨.៤០៥គីឡូម៉ែត្រ ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក (World Bank)។

បើតាមកិច្ចប្រជុំនេះ មិនទាន់បានបញ្ជាក់ថា ឥណទានសម្បទានដែលទទួលបានពី World Bank មានទំហំទឹកប្រាក់ប៉ុន្មានទេ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីបែងចែកតួនាទី និងភារកិច្ចជូនដល់សមាជិក សមាជិកានៃគណៈកម្មាធិការ និងអនុគណៈកម្មការសម្រាប់ត្រៀមរៀបចំពិធីបើកការដ្ឋាន ដើម្បីឱ្យការដឹកនាំ គ្រប់គ្រង ចាត់ចែង និងសម្របសម្រួលកម្មវិធីខាងលើ ប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពការងារតាមបំណែកចែកការងារ មានចែងនៅក្នុងលិខិតបង្គាប់ការ។

ប្រធានគណៈកម្មការ ក៏បានផ្តល់អនុសាសន៍ណែនាំឱ្យសមាជិក សមាជិកា នៃគណៈកម្មការត្រៀមរៀបចំពិធី សហការគ្នាឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ផ្តល់ព័ត៌មានគ្នាទៅវិញទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវអនុវត្តតាមតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ជូន សំដៅធានាឱ្យពិធីបើកការដ្ឋានបានប្រព្រឹត្តទៅដោយរលូន តាមផែនការដែលបានគ្រោងទុក។

ជាមួយគ្នានេះដែរ អង្គប្រជុំបានសម្រេចឱ្យក្រុមការងារបច្ចេកទេស និងក្រុមការងារពាក់ព័ន្ធចុះទៅពិនិត្យទីតាំង សមស្របជាក់ស្តែងនៅថ្ងៃទី២៩ មីនា ២០២៣ ដើម្បីសិក្សាស្វែងយល់ទីតាំងភូមិសាស្ត្រសម្រាប់ការរៀបចំពិធី ដែលអាចធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងបរិស្ថានល្អសម្រាប់អ្នកចូលរួមផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)