Register Already an agent ? Login

មន្ទីរសុរិយោដីខេត្តព្រះសីហនុ ចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបានជាង ៥ម៉ឺនក្បាលដី និងចេញបណ្ណជិត ២ម៉ឺន

ព្រះសីហនុ៖ ចាប់ពីឆ្នាំ២០១៩ ដល់បច្ចុប្បន្នមានក្រុមចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធមានចំនួន ៥ក្រុម បានចុះកំណត់ព្រំវាស់វែងដីសរុបបានចំនួន ៥១,០៣២ក្បាលដី ប្រមូលទិន្នន័យក្បាលដីបានចំនួន ៤៤,៧០០ និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ជូនដល់ប្រជាពលរដ្ឋដែលជាម្ចាស់ និងអ្នកកាន់កាប់ដីបានចំនួន ១៣,៥៧៥បណ្ណ ចែកបណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋបានចំនួន ៧,៦២១។ បើតាមការថ្លែងរបស់ លោក គួច ចំរើន ​អភិបាលខេត្តព្រះសីហនុ។

នៅក្នុងពិធីផ្សព្វផ្សាយសេចក្តីប្រកាសបិទផ្សាយទិន្នន័យថាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យភូមិ១ និងភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ លោក គួច ចំរើន បានថ្លែងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធអនុវត្តតាមនីតិវិធីដែលបានកំណត់ដោយច្បាប់ និងបច្ចេកវិទ្យាទំនើបមានតម្លាភាព និងការទទួលខុសត្រូវ ដែលប្រទេសជឿនលឿនលើពិភពលោកកំពុងអនុវត្តនិងមានប្រសិទ្ធិភាពលើការគ្រប់គ្រងដីធ្លី។

លោក បានបន្តថា នេះជាការសមស្របបំផុតដែលបានកំណត់នៅក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ ជាប្រយោជន៍ប្រជាពលរដ្ឋជាម្ចាស់ដីផងគឺ រដ្ឋគ្រប់គ្រងដីធ្លីបានទាំងដីរដ្ឋ និងដីឯកជន ដែលធ្វើឱ្យរដ្ឋមានការងាយស្រួលក្នុងការរៀបចំដែនដីរដ្ឋបាលដីធ្លី ការបែងចែកដី និងកាត់បន្ថយទំនាស់ដីធ្លី។

លោក គួច ចំរើន បានបញ្ជាក់ថា វាធានាសុវត្តិភាពនៃការកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋ និងបម្រើដល់ការវិនិយោគទទួលបាននូវសិទ្ធិស្របច្បាប់ ក្លាយជាម្ចាស់ដីពិតប្រាកដ ដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ ដែលអាចធ្វើការបង្កបង្កើនផល ឬប្រកបមុខរបរផ្សេងៗទៀតលើដីធ្លីរបស់ខ្លួនដោយគ្មានការព្រួយបារម្ភ អាចប្រើប្រាស់បណ្ណកម្មសិទ្ធិ ដើម្បីផលប្រយោជន៍ផ្សេងៗក្នុងការប្រកបមុខរបរ និងអាជីវកម្ម។

ថ្ងៃនេះប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារការវិនិច្ឆ័យភូមិ១ មានក្បាលដីចំនួន ៧,២០២ និងភូមិ២ មានក្បាលដីចំនួន ២,៧៤១ សរុបក្បាលដី ទាំងពីភូមិមាន ៩,៩៤៣។ បើតាមការបន្ថែមរបស់ អភិបាលខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ លោក គួច ចំរើន ក៏បានធ្វើការសំណូមពរបងប្អូនប្រជាពលរដ្ឋ បន្តផ្សព្វផ្សាយដល់ក្រុមគ្រួសារ កូនចៅឱ្យគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់គ្នា ព្រោះគ្រោះថ្នាក់ចរាចរណ៍កំពុងបង្កើតជាហានិភ័យនៅក្នុងខេត្តព្រះសីហនុ ដែលបណ្តាលឱ្យមានអ្នករងគ្រោះបាត់បង់ជិវិតមានចំនួនច្រើន និងរងរបួសពិការភាពជាដើម និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិឯកជន និងទ្រព្យសម្បត្តិរដ្ឋផងដែរ៕

 ដោយ៖ មឿន ឌីណា (Moeun Dyna)