ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបណ្ណកម្មសិទ្ធិដីធ្លី ត្រូវចេះទុកដាក់ឱ្យបានល្អគង់វង្ស ព្រោះបណ្ណនេះវាមានសារៈសំខាន់ណាស់សម្រាប់បងប្អូនយកទៅដាក់បញ្ចាំ លក់ ឬផ្ទេរ ធ្វើអំណោយឱ្យកូនចៅរបស់ខ្លួនទៅតាមលទ្ធភាពរបស់ក្រុមគ្រួសារនីមួយៗ។
លោក គួច ចំរើ់ន ដែលបានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅភូមិអូរតាហយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ បានបញ្ជាក់ថា ព្រោះវាបានបញ្ជាក់ជាកម្មសិទ្ធផ្តល់អត្ថប្រយោជន៍ និងសុវត្ថិភាពឱ្យយើងជាម្ចាស់ដី តែបើទុកដាក់មិនបានត្រឹមត្រូវ វាក្លាយជាការលំបាក និងគ្រោះថ្នាក់ដល់យើងហើយការធ្វើនេះមានរយៈពេល ១១ឆ្នាំ។
លោក បានបន្តថា បណ្ណនេះ មានអត្ថប្រយោជន៍បញ្ជាក់ពីកម្មសិទ្ធកររបស់បងប្អូនមានសុវត្ថិភាពរបស់យើងដោយមានប្រព័ន្ធទិន្នន័យជាក់លាក់។
លោក គួច ចំរើន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ដែលបានខិតខំប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ភូមិអូរតាហយ មានក្បាលដីសរុបចំនួន ១៤០ក្បាលដី។
លោក បានថ្លែងបន្តថា ក្នុងនោះក្បាលដីដែលត្រូវចេញបណ្ណមានចំនួន ១៣៤ក្បាលដី និងមិនចេញបណ្ណចំនួន ៦ក្បាលដី ។ ប័ណ្ណដែលត្រូវចែកជូនមានចំនួន ១២៩ក្បាលដី (សម្រាប់ចែក)ហើយបណ្ណមិនទាន់អាចចែកបានដោយសាពួកគាត់បាត់ឯកសារមានចំនួន ៥ក្បាលដី មានក្បាលដី (ក្បាលដីលេខ១០៧ សុំបញ្ជូលទិន្នន័យក្រោយបិទផ្សាយ)។
គោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល គឺដើម្បីលើកស្ទួយដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ ការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដី និងរាជរដ្ឋាភិបាល។ នេះបើតាមការលើកឡើងរបស់ លោក គួច ចំរើន បន្តថា រដ្ឋគ្រប់គ្រងដីធ្លីទាំងដីរដ្ឋ និងដីឯកជន ដែលធ្វើឱ្យរដ្ឋមានការងាយស្រួលក្នុងការរៀបចំដែនដីរដ្ឋបាលដីធ្លី ការបែងចែកដី និងកាត់បន្ថយទំនាស់ដីធ្លី ធានាសុវត្ថិភាព នៃការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ បម្រើដល់ជីវភាពគ្រួសារ និងការវិនិយោគ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)