Register Already an agent ? Login

វឌ្ឍនភាពគម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ខេត្តកំពតសម្រចបានជិត ២០%

កំពត៖ វឌ្ឍនភាពគម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣(ទីរួមខេត្តកំពត-ច្រកលក) គិតចាប់ពីបើកការដ្ឋានកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បច្ចុប្បន្នគម្រោងនេះ សម្រេចលទ្ធផលសាងសង់បានប្រមាណ ១៩% ហើយ គិតត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។

ក្រុមការងារនៃអង្គភាពអនុវត្តគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន (PIU) បានចុះត្រួតពិនិត្យបច្ចេកទេសសាងសង់ និងវឌ្ឍនភាពការងារ នៃគម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ពីទីរួមខេត្តកំពត ដល់ច្រកលក កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។

ការចុះពិនិត្យនាឱកាសនេះ អនុវត្តស្របតាមទិសដៅដែលក្រុមការងារបានរៀបចំឡើង ក្នុងការពិនិត្យលើការងារបច្ចេកទេស និងសុវត្ថិភាពក្នុងការដ្ឋានសាងសង់ ដើម្បីវាយតម្លៃលើវឌ្ឍនភាពការងាររបស់គម្រោងនេះ ធានាឱ្យបានគុណភាពផ្លូវថ្នល់ស្របតាមបទដ្ឋាន សំដៅបម្រើប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ។

ក្រុមការងារនៃអង្គភាពអនុវត្តគម្រោង ក៏បានពាំនាំមតិផ្តាំផ្ញើរបស់ ប្រធានគ្រប់គ្រងសម្របសម្រួលគម្រោង (PMU) ណែនាំដល់ក្រុមហ៊ុន CRBC ត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត លើការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ពិសេសត្រូវគិតគូរឱ្យបានហ្មត់ចត់ពីសុវត្ថិភាពនៅតាមការដ្ឋានសាងសង់ ដោយក្រុមហ៊ុនត្រូវពិនិត្យបន្ថែមលើការដាក់ផ្លាកសញ្ញាជូនដំណឹង ផ្លាកសញ្ញាបញ្ជៀសចរាចរណ៍ និងការស្រោចទឹកកាត់បន្ថយដីហុយ ដើម្បីជៀសវាងការរំខានដល់បងប្អូនប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនេះដែរ ដោយហេតុថាគម្រោងនេះកំពុងស្ថិតក្នុងការសាងសង់នៅឡើយ ក្រសួងសូមស្នើការយោគយល់ និងអធ្យាស្រ័យខ្ពស់ពីបងប្អូនប្រជាពលរដ្ឋដែលទទួលរងការរំខាន និងផលប៉ះពាល់ផ្សេងៗពីគម្រោងការដ្ឋាន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)