កំពត៖ ផ្លូវថ្មី១ខ្សែ ប្រវែងសរុប ៦១គីឡូម៉ែត្រ តភ្ជាប់ឧទ្យានជាតិព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ នឹងបញ្ចប់ការឈូសឆាយក្នុងពេលឆាប់ៗនេះ នៅសល់តែ ៩គីឡូម៉ែត្រទៀតប៉ុណ្ណោះ។ បើតាមការលើកឡើងរបស់ អ្នកឧកញ៉ា សុខ គង់។
ផ្លូវថ្មីមួយខ្សែនេះ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេងរបស់ឧកញ៉ា ម៉ុង ឬទ្ធី។ បើតាមការលើកបន្តរបស់ អ្នកឧកញ៉ា សុខ គង់ បានបន្តទៀតថា ផ្លូវ១ខ្សែនេះ នៅកំឡុងខែខែមេសា យើងអាចភ្ជាប់គ្នាបានហើយ វាមិនទាន់ជាផ្លូវកៅស៊ូល្អអ្វីនោះទេ គ្រាន់តែអាចធ្វើដំណើរបាន។
អ្នកឧកញ៉ា សុខ គង់ ដែលបានចុះពិនិត្យការដ្ឋានដោយផ្ទាល់កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ បញ្ជាក់ថា ផ្លូវថ្មីតភ្ជាប់ពីភ្នំបូកគោទៅផ្លូវជាតិលេខ៤ សម្រេចបានជាង ៨៥ភាគរយ។
លោក កែវ សិទ្ធិ ប្រធានផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនសុខា អូតែល បានលើកថា ក្រុមការងារការដ្ឋានកំពុងសម្រុកធ្វើយ៉ាងខ្លាំងក្នុងការឈូសឆាយបើកផ្លូវនេះ។ នៅក្នុងកិច្ចការងារនេះ មានផលលំបាកច្រើន ដោយសារស្ថានភាពផ្លូវលើភ្នំសម្បូរព្រៃ និងជ្រលង កន្លែងខ្លះត្រូវចាក់បំពេញដី និងថ្ម ហើយកន្លែងខ្លះទៀត ត្រូវបំផ្ទុះដើម្បីកាយថ្មបើកផ្លូវ។
សូមបញ្ជាក់ថា ការអភិវឌ្ឍផ្លូវថ្មីនេះ មានការចូលរួមពីអ្នកឧកញ៉ា ២រូប គឺអ្នកឧកញ៉ា ម៉ុង រិទ្ធី ជាអ្នកផ្ដល់ដីសម្បទានដូងប្រេង រីឯអ្នកឧកញ៉ា សុខ គង់ ជាអ្នកចំណាយថ្លៃការសាងសង់ ក្រោមកិច្ចសម្របសម្រួលរបស់ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអនុម័តដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១៕
ដោយ៖ មឿន ឌីណា (Moeun Dyna)