ភ្នំពេញ៖ នៅត្រីមាសទី៤ ឆ្នាំ២០២២ ការនាំចេញទំនិញមានទឹកប្រាក់សរុបចំនួន ៤ ៧៤៦,៦លានដុល្លារ បានធ្លាក់ចុះ ១% និងការនាំចូលទំនិញមានទឹកប្រាក់សរុបចំនួន ៦ ១៧៧,៣លានដុល្លារ បានធ្លាក់ចុះ ២៣,៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ បើតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រចាំត្រីមាសទី៤ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។
បើមិនរាប់បញ្ចូលមាស ការនាំចេញមានទឹកប្រាក់សរុបចំនួន ៤ ៦៩៥,៩លានដុល្លារ បានធ្លាក់ ១,២% ដោយសារ ការធ្លាក់ចុះនៃការនាំចេញសម្លៀកបំពាក់ កាបូប គ្រឿងអេឡិចត្រូនិកនិងភាគបំណែក អង្ករ កៅស៊ូ និងផលិតផលផ្សេងៗមួយចំនួនទៀត។ ទន្ទឹមនេះ ការនាំចូលមានទឹកប្រាក់សរុបចំនួន ៦ ០៩៧,២លានដុល្លារ បានធ្លាក់ចុះ ២,១% ដោយសារការធ្លាក់ចុះនៃការនាំចូលវាយនភណ្ឌ និងសម្លៀកបំពាក់ ម៉ូតូ គ្រឿងចក្រ និងថ្នាំពេទ្យ ជាដើម។ បើតាមការបញ្ជាក់នៅក្នុង ព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រចាំត្រីមាសទី៤។
នៅត្រីមាសទី៤ ឆ្នាំ២០២២ គម្រោងវិនិយោគដែលបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សរុបចំនួន ៣៦តម្រោង បានកើនឡើង ១គម្រោង ស្មើនឹង ២,៩% ខណៈ ទុនវិនិយោតសរុបចំនួន ៥៧៨,៣លានដុល្លារអាមេរិក បានធ្លាក់ចុះ ៤២,៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ ការធ្លាក់ចុះនេះ គឺដោយសារធ្លាក់ចុះនៃការវិនិយោគលើការផលិតបន្ទះសូឡា ឧស្សាហកម្មកាត់ដេរ និងកសិឧស្សាហកម្ម។
នៅត្រីមាសទី៤ ឆ្នាំ២០២២ ការអនុម័តលើសំណើតម្រោងសាងសង់ សរុបមានចំនួន ១ ១០០គម្រោង បានកើនឡើង ៦០គម្រោង ស្មើនឹង ៥,៨% ដោយប្រើប្រាស់ទុនវិនិយោគសរុបមានចំនួន១ ០០៩,២លានដុល្លារ បានកើន ៩,៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ប៉ុន្តែទាបជាងរយៈពេលដូចគ្នាឆ្នាំ២០២០ ដោយសារសកម្មភាពសំណង់ថ្លៃទាប-មធ្យម មានកំណើនយឺត និង សំណង់ថ្លៃខ្ពស់ មាននិន្នាការថមថយ។
ទន្ទឹមនេះ វិស័យសំណង់ ត្រូវបានវាយតម្លៃថានឹងមាន កំណើនទាបក្នុងរង្វង់ ០,៥%នៅក្នុងឆ្នាំ២០២២ ដែលទាបជាងការព្យាករកាលពីពាក់កណ្ដាលឆ្នាំ ស្ថិតក្នុងរង្វង់ ៣% ដោយសារការបន្តនិន្នាការថមថយនៃរ៉ហូវិនិយោគបរទេស ជាពិសេសសំណង់ថ្លៃខ្ពស់ ដូចជាសំណង់បម្រើឱ្យវិស័យពាណិជ្ជកម្ម និងទេសចរណ៍។
នៅត្រីមាសទី៤ ឆ្នាំ២០២២ ភ្ញៀវទេសចរអន្តរជាតិសរុបមានចំនួនជាង ១លាននាក់ បានកើនឡើង ប្រមាណជា ១៦ដង ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ កំណើននេះ ដោយសារការលើកវិធានការបន្ថែមរបស់រាជរដ្ឋាភិបាលសម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងន័យកាត់បន្ថយផលប៉ះពាល់មកស្ថានភាពសង្គម-សេដ្ឋកិច្ច ព្រមទាំងបន្តជួយទ្រទ្រង់ និងស្ដារអាជីវកម្ម និងធុរកិច្ចឱ្យងើបឡើងវិញ។
នៅត្រីមាសទី៤ ឆ្នាំ២០២២ ថ្លៃទំនិញសំខាន់ៗលើទីផ្សារអន្តរជាតិ គិតជាមធ្យម ដូចជា ប្រេងឆៅ ៨៥,៣ដុល្លារអាមេរិក/ឆុង បានកើនឡើង ៨,៩%, អង្ករ ៤៤៦ដុល្លារអាមេរិក/តោន បានកើនឡើង ១១,៤% ខណៈដែលមាស ១ ៨៩៧ដុល្លារអាមេរិក/អោន បានធ្លាក់ចុះ ៣,៧% និងកៅស៊ូ(TSR20) ១៣០១,៥ដុល្លារអាមេរិក/តោន បានធ្លាក់ចុះ ២៤,៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ទន្ទឹមនេះ សន្ទស្សន៍ថ្លៃថាមពលគិតជាមធ្យម ១៣៨,៩ បានកើនឡើង ១៩,៧%, ខណៈមិនមែនថាមពល ១១៤,៣ បានធ្លាក់ចុះ ១,៥% និងលោហធាតុមានតម្លៃ ១៣១,៨ បានធ្លាក់ចុះ ៤, ៦%៕
ដោយ៖ មឿន ឌីណា (Moeun Dyna)