Register Already an agent ? Login

នៅត្រីមាសទី៤ ឆ្នាំ២០២២ ការប្រមូលចំណូលសរុបបានចំនួន ៥ ៨៨៥,៦ប៊ីលានរៀល កើនជិត២% ធៀបនឹងឆ្នាំ២០២១

ភ្នំពេញ៖ នៅត្រីមាសទី៤ ឆ្នាំ២០២២ ការប្រមូលចំណូលសរុបអនុវត្តបានចំនួន ៥ ៨៨៥,៦ប៊ីលានរៀល (ស្មើ ២៦,៥% នៃច្បាប់ថវិកាប្រចាំឆ្នាំ) បានកើនឡើង ១,៨% ក្នុងនោះ ចំណូលចរន្តសរុប ៥ ៨៧៨,៩ប៊ីលានរៀល បានកើនឡើង ១១, ៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ ​បើតាមព្រឹត្តិបត្រ​ស្ថិតិ​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុប្រចាំត្រីមាសទី៤ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលបានចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។

កំណើននេះ គាំទ្រដោយពន្ធលើប្រាក់ចំណូលនិងប្រាក់ចំណេញ, ពន្ធលើទំនិញនិងសេវាប្រើប្រាស់, ពន្ធលើពាណិជ្ជកម្ម អន្តរជាតិ និងចំណូលមិនមែនពន្ធ តាមរយៈការបន្តពង្រីកមូលដ្ឋានពន្ធ, ការធ្វើទំនើបភាវូបនីយកម្ម, ការអនុវត្តវិធានការកែទម្រង់, និងនិន្នាការងើបឡើងវិញ នៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។

ជារួម កំណើនចំណូលនេះ បានធ្វើឱ្យថវិកាចរន្តមានអតិរេកចំនួន ១ ៣៨០,២ប៊ីលានរៀល។ រីឯ ចំណាយ សរុបអនុវត្តបាន ៦ ៦០៣,៧ប៊ីលានរៀល (ស្មើនឹង ២១, ២% នៃច្បាប់ថវិកាប្រចាំឆ្នាំ) បានធ្លាក់ចុះ ២១,៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ កន្លងទៅ ក្នុងនោះ ចំណាយចរន្តសរុបចំនួន ៤ ៤៩៨,៧ប៊ីលានរៀល ធ្លាក់ចុះ ១៧,៩% និងចំណាយមូលធន ធ្លាក់ចុះ ២៨% ដោយសារការធ្វើវិចារណកម្ម ចំណាយឈរលើគោលការណ៍រឹតបន្តឹងចំណាយមិនចាំបាច់នានា និងវិភាជថវិកាសម្រាប់អនុវត្តឱ្យ ចំមុខសញ្ញាប្រកបដោយបុរសកម្ម ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។

បើតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ចខាងលើបានបន្តថា អតិផរណាមធ្យមប្រចាំត្រីមាសទី៤ ឆ្នាំ២០២២ មានអត្រា ៣,២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលទាបជាងត្រីមាសមុនៗ ដោយសារការថមថយសន្ទស្សន៍ថ្លៃសាច់ជ្រូក ត្រី និងការធ្លាក់ចុះ សន្នស្សន៍ថ្លៃប្រេងម៉ាស៊ូត ប្រេងសាំងធម្មតា និងឧស្ម័ន (Gas)។ ទន្ទឹមនេះ អត្រាប្ដូរប្រាក់ជាមធ្យម ក្នុងរង្វង់ ៤ ១២៨,៧ រៀល/ ដុល្លារអាមេរិក បានកើនឡើង ១,៤%។

គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២២ រូបិយវត្ថុទូទៅ (M2) សរុបមានចំនួន ១៧២ទ្រីលានរៀល បានកើនឡើង ៨,២% ខណៈទុនបម្រុងរូបិយបណ្ណបរទេសដុល សរុបមានចំនួន ១៧,៨ប៊ីលានដុល្លារអាមេរិក បានធ្លាក់ចុះ ១២,១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ ទន្ទឹមនេះ ឥណទានដែលផ្ដល់ ដោយធនាគារពាណិជ្ជមានចំនួន ១៩៤,២ទ្រីលានរៀល បានកើនឡើង ១៨,១% ដែលភាគច្រើន បានផ្តល់ជូនទៅគ្រឹះស្ថានមិនបម្រើសេវាហិរញ្ញវត្ថុ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ "គណនេយ្យភាពសមិទ្ធកម្ម" (២០២៣-២០២៧) នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បានថ្លែងថា ចំណូលថវិកាជាតិក្នុងឆ្នាំ២០២៣ ត្រូវបានប៉ាន់ស្មានថា នឹងមានរហូតដល់ ៣២,៩៣៦ប៊ីលានរៀលឯណោះ រីឯចំណាយថវិកាជាតិសរុបមានប្រមាណ ៤១,៥៣៧ប៊ីលានរៀល៕

ដោយ៖ មឿន ឌីណា​ (Moeun Dyna)