បន្ទាយមានជ័យ៖ គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានទំហំទឹកប្រាក់ប្រមាណ ២៦,៤២លានដុល្លារ សម្រេចបានជាង ៨០ភាគរយ គិតត្រឹមពាក់កណ្តាលខែមីនានេះ ខណៈបានដាក់ឱ្យប្រើប្រាស់បណ្ដោះអាសន្ន ដោយមន្រ្តីជាន់ខ្ពស់កម្ពុជា-ថៃកាលពីខែកុម្ភៈកន្លងទៅនេះ។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាពការងារគម្រោងលើកកម្រិតគុណភាព កំណាត់ផ្លូវជាតិលេខ៥ ពីក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត និងគម្រោងការងាររៀបចំច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ដោយមានការចូលរួមអមដំណើរពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។
បើតាម ការចុះពិនិត្យគម្រោងទាំងនេះបានឱ្យដឹងថា ដោយសារមានបញ្ហាការរាតត្បាតនៃជំងឺកូវីត-១៩ គ្រោះទឹកជំនន់ និងបម្រែបម្រួលការងារក្នុងកិច្ចសន្យា នាំឱ្យគម្រោងទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ត្រូវបានពន្យារពេលសាងសង់ចំនួនពីរលើករួចមកហើយ បើតាមការពន្យារពេលសាងសង់លើកទី២ គម្រោងគ្រោងនឹងបញ្ចប់នៅបំណាច់ខែឧសភា ឆ្នាំ២០២៣ ត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ សម្រេចបាន ៨២,៣០%។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋាន និងអង្គភាពជំនាញពាក់ព័ន្ធថ្នាក់ខេត្ត បានត្រៀមរួចរាល់ហើយដើម្បីសម្របសម្រួល និងសហការជាមួយភាគីថៃ ក្នុងការបើកច្រកទ្វារព្រំដែនបណ្តោះអាសន្នត្រង់ចំណុចនេះ។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានទៅទស្សនកិច្ចផ្លូវការនៅប្រទេសថៃ កាលពីថ្ងៃទី២៣ ដល់ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានបើកឱ្យប្រើប្រាស់សាកល្បងស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ជាមួយ លោក ដន ប្រាម៉ាត់វិណៃ រដ្ឋមន្ត្រីការបរទេសថៃ។ មន្រ្តីជាន់ខ្ពស់ទាំងពីរបានបញ្ជាក់ថា ស្ពាននេះ នឹងរួមចំណែកបង្កើនលំហូរពាណិជ្ជកម្មឆ្លងដែន និងវិនិយោគ ក៏ដូចជាការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ និងសុខុមាលភាពនៃប្រជាជនទាំងពីរ។
ដោយឡែក ផ្លូវជាតិលេខ៥ ដែលមានប្រវែង ៣៦៦គីឡូម៉ែត្រ ក៏កំពុងដំណើរការស្ថាបនាស្ទើររួចរាល់ទាំងស្រុង ផ្លូវជាតិ នេះ ត្រូវបានបែកចែកជាបីភាគ រួមមាន៖ ១-ភាគខាងត្បូង ពីព្រែកក្ដាម ទៅដល់ធ្លាម្អម មានប្រវែងសរុប ១៣៥,២៥គីឡូម៉ែត្រ សម្រេចបាន ៩៨%, ២-ភាគកណ្តាលធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត មានប្រវែងសរុប ១៤៦,០៤គីឡូម៉ែត្រ សម្រេចបាន ៦៩% និង ៣-ភាគខាងជើង ពីបាត់ដំបង-សិរីសោភ័ណ មានប្រវែងសរុប ៨៤,៧៤គីឡូម៉ែត្រ សម្រេចរួចរាល់ ១០០%ហើយ។
ក្នុងនោះកំណាត់ ពីព្រែកក្ដាម ទៅដល់សិរីសោភ័ណ ប្រវែង ៣៣១គីឡូម៉ែត្រ គ្រោងនឹងបញ្ចប់នៅក្នុងខែមិថុនា ២០២៣ លើកលែងតែកំណាត់ពីក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត ដែលមានប្រវែង ៣៥គីឡូម៉ែត្រ គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៥ ខាងមុខ។
នៅក្នុងឱកាសចុះបំពេញបេសកកម្មនោះ លោក ស៊ុន ចាន់ថុល បានផ្ដាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់បន្ថយករណីគ្រោះថ្នាក់ ដែលសម្លាប់មនុស្សប្រមាណ ៥នាក់ ក្នុង១ថ្ងៃ នាំឱ្យខាតបង់ថវិកាជាតិដល់ទៅ ៥០០លានដុល្លារ ក្នុង១ឆ្នាំ នេះបើតាមការសិក្សារបស់ UNDP ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)