Register Already an agent ? Login

ក្នុងឆ្នាំ២០២៣ ចំណូលថវិកាជាតិមាន ៣២,៩៣៦ប៊ីលានរៀល ការចំណាយវិញប្រមាណ ៤១,៥៣៧ប៊ីលានរៀល

ភ្នំពេញ៖ ការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គមមានទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយនឹងសមិទ្ធកម្ម នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឬ ថវិកាជាតិរយៈពេល២០ឆ្នាំក្រោយ ចំណូលថវិកាជាតិក្នុងឆ្នាំ២០២៣ ត្រូវបានប៉ាន់ស្មានថា នឹងមានរហូតដល់ ៣២,៩៣៦ប៊ីលានរៀល ឯណោះ រីឯចំណាយថវិកាជាតិសរុបមានប្រមាណ ៤១,៥៣៧ប៊ីលានរៀល។ បើតាមថ្លែងរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សុចនាករសមិទ្ធកម្មដ៏ល្អប្រសើរនេះ គឺជាឃ្នាស់សេដ្ឋកិច្ចដ៏សំខាន់បំផុតមួយ ដែលធ្វើឱ្យកម្ពុជាទទួលបានកំណើន និងបន្តស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ រហូតដល់សម្រេចបាននូវចំណាត់ថ្នាក់ជាប្រទេសមានចំណូល មធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងកំពុងបោះជំហានប្រកបដោយភាពជឿជាក់ ទៅកាន់ឋានៈជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូល កម្រិតខ្ពស់នៅឆ្នាំ ២០៥០។ បើតាមការថ្លែងបញ្ជាក់របស់ សម្ដេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ "គណនេយ្យភាពសមិទ្ធកម្ម" (២០២៣-២០២៧) នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។

ប្រមុខរាជរដ្ឋាភិបាលបានថ្លែងបន្តថា កម្ពុជា មិនមែនរង់ចាំទាល់តែមានសន្តិភាពពេញលេញ ទើបធ្វើកំណែទម្រង់នោះទេ។ ការរស់រានរបស់កម្ពុជាឈានមកដល់ពេលនេះ គឺបានមកដោយការធ្វើកំណែទម្រង់។​ ការធ្វើកំណែទម្រង់របស់សម្តេចនាពេលកន្លងមកមានចំនួនពីររួមមាន ទី១-គឺការកំណែទម្រង់ខាងនយោបាយ គឺត្រូវដោះស្រាយជម្លោះកម្ពុជា តាមរយៈការចរចាស្វែងរកសន្តិភាព និងទី២-កំណែទម្រង់ខាងសេដ្ឋកិច្ច។

មានកម្លាំងសង្កត់៣ ធ្វើឱ្យប៉ះពាល់ដល់ជីវិតនយោបាយ និងការធ្វើកំណែទម្រង់ រួមមាន ទី១-ការមិនចុះសម្រុងគ្នានៅផ្ទៃក្នុងក្រោយពេលផ្ដួលរលំខ្មែរក្រហម ទី២-របបទីផ្សារខុសគ្នារវាងវៀតណាម និងកម្ពុជា និងទី៣-ការដាក់ទណ្ឌកម្មពីបណ្តាប្រទេសលោកសេរី។ បើតាមការរម្លឹករបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបន្តទៀតថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងរយៈពេលប្រមាណ ២០ឆ្នាំកន្លងទៅនេះ បានបង្កើតសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើននៅកម្ពុជា ទាំងសមិទ្ធផលក្នុងការកែលម្អអភិបាលកិច្ច នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងទាំងសមិទ្ធផលក្នុងទិដ្ឋភាពនៃការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឈានមកដល់ដំណាក់កាលទី៤ ដែលជាដំណាក់កាល ចុងក្រោយរបស់ខ្លួន បន្ទាប់ពីត្រូវបានអនុវត្តអស់រយៈពេលជិត២០ឆ្នាំ ដែលខ្ញុំធ្លាប់បានធ្វើជាអធិបតីក្នុងពិធីប្រកាសដាក់ចេញនូវដំណាក់កាលទី១ នៃកម្មវិធីកែទម្រង់នេះ នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០០៤។ បើតាមការបន្ថែមរបស់ សម្ដេចតេជោ។

សម្ដេចតេជោ បានថ្លែងបន្ថែមទៀតថា ជាមួយនឹងឆន្ទៈមុតស្រួចឥតរាថយ និងឥតងាករេ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញអនុវត្តកម្មវិធីកែទម្រង់ ដ៏មានសារៈសំខាន់បំផុតមួយនេះឆ្លងកាត់ដំណាក់កាលធំៗចំនួន៣រួមមាន៖ ដំណាក់កាលទី១ ត្រូវបានអនុវត្ត ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៨ ដែលមានគោលដៅគន្លឹះសំដៅលើការបង្កើនភាពជឿទុកចិត្តនៃថវិកា។ ដំណាក់កាលទី២ ត្រូវបានអនុវត្តពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៥ ដែលមានគោលដៅគន្លឹះសំដៅលើការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ និង ដំណាក់កាលទី៣ ត្រូវបានអនុវត្តពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ ដែលមានគោលដៅគន្លឹះសំដៅលើ ការបង្កើនការផ្សារភ្ជាប់ថវិកាទៅនឹងគោល-នយោបាយ។ ដំណាក់កាលទី៤ ដែលយើងកំពុងប្រកាសដាក់ឱ្យ ចាប់ផ្តើមអនុវត្តនាពេលនេះ ត្រូវបានគ្រោងចាប់អនុវត្តពីឆ្នាំ២០២៣ នេះរហូតដល់ឆ្នាំ២០២៧ ដែលមានគោលដៅគន្លឹះសំដៅលើការបង្កើនគណនេយ្យភាពសមិទ្ធកម្ម។

ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា បុព្វហេតុឯករាជ្យ និងអធិបតេយ្យជាតិ សមិទ្ធកម្មដ៏ល្អនៃកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ បានពង្រឹងឱ្យកាន់តែមាំមួនឡើង នូវភាពជាម្ចាស់ និងតួនាទីរបស់រាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការទទួលខុសត្រូវលើជោគវាសនារបស់ប្រទេសជាតិដោយបាន កាត់បន្ថយការពឹងពាក់លើការខ្ចីពីក្រៅប្រទេស ដែលបច្ចុប្បន្ន ការខ្ចីពីក្រៅប្រទេសប្រចាំឆ្នាំមានទំហំមិនស្មើនឹង២០ភាគរយនៃថវិកាជាតិសរុបនោះទេ។

ប្រមុខរាជរដ្ឋាភិបាល សង្ឃឹមថា ដំណាក់កាលទី៤ នឹងត្រូវបានអនុវត្តប្រកបដោយជោគជ័យ ជាមួយនឹងការដកស្រង់នូវមេរៀន និងពិសោធន៍ល្អៗ ព្រមទាំងការតាមដាន ការត្រួតពិនិត្យ និងការវាយតម្លៃជាបន្តបន្ទាប់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងជម្នះនូវឧបសគ្គផងទាំងពួងប្រកបដោយស្មារតីសាមគ្គី កិច្ចសហការនិងការសម្របសម្រួលខ្ពស់ក្នុងគោលបំណងសម្រេចឱ្យបាននូវចក្ខុវិស័យ កសាងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជាឱ្យឆ្លើយតបទៅតាមស្ដង់ដារ និងឧត្តមានុវត្តន៍អន្តរជាតិ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)