ព្រះសីហនុ៖ ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណូឡូជី (ខេមបូឌា) ឯ.ក បានដាក់ឱ្យដំណើរការផលិតចេញសំបកកង់រថយន្តលើកដំបូង មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានបោះទុនវិនិយោគ ៣០០លានដុល្លា ដែលគ្របដណ្ដប់លើផ្ទៃដី ១៨០ ០០០ម៉ែត្រការ៉េ។ បើតាមរដ្ឋបាលខេត្តព្រះសីហនុ។
រោងចក្រផលិតសំបកកងរថយន្តនេះ មានសមត្ថភាពផលិតសំបកកង់ក្នុង១ឆ្នាំ គឺសំបកកង់តូច ៥លានគ្រឿង និងសំបកកង់ឡានធំ ៩០០ ០០០គ្រឿង នាំចេញជាចម្បងទៅកាន់ប្រទេសសហរដ្ឋអាមេរិក ទ្វីបអឺរ៉ុប ប្រទេសប្រេស៊ីល និងប្រទេសផ្សេងទៀត។ រោងចក្រនេះ បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ គោលដៅបង្កើតក្រុមហ៊ុនឆ្លាតវៃ ស្វ័យប្រវត្តិ និងព័ត៌មានដោយប្រើប្រាស់ឧបករណ៍លំដាប់ពិភពលោក និងបច្ចេកវិទ្យាឈានមុខគេនៅកម្ពុជា។
ការផលិតចេញសំបកកង់លើកដំបូងនាពេលនេះ បន្ទាប់ពីការសាងសង់រោងចក្រទី១ នៅក្នុងប្រទេសថៃ រយ:ពេល៣ឆ្នាំ យើងបានសាងសង់ក្រុមហ៊ុនទី២ នៅកម្ពុជា (ខេត្តព្រះសីហនុ)។ បើតាមការលើកឡើងរបស់ លោក Gu Cui ប្រធានក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណូឡូជី (ខេមបូឌា) ឯ.ក បានបន្តថា ជាក្រុមហ៊ុនសំបកកង់ឈាន មុខគេមួយនៅប្រទេសចិន ប៉ុន្មានឆ្នាំចុងក្រោយនេះបន្តពន្លឿនការធ្វើឱ្យប្រសើរនូវឧស្សាហកម្មអន្តរជាតិ ឧស្សាហកម្មឆ្លាតវៃ និងឧស្សាហកម្មបៃតង ហើយក៏ជាក្រុមហ៊ុនដំបូងគេក្នុងខេត្តជាំងស៊ូ ដែលវិនិយោគជាង ១០០លានដុល្លា។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអបអរសាទរ និងស្វាគមន៍ការដាក់ឱ្យដំណើរការ ការផលិតចេញសំបកកង់រថយន្តលើកដំបូងរបស់ក្រុមហ៊ុន នៅក្នុងខេត្តព្រះសីហនុ។ លោក បានថ្លែងអំណរគុណក្រុមហ៊ុន ជ្រើសរើសយកខេត្តព្រះសីហនុ ដើម្បីដាក់ទុនវិនិយោគអាជីវកម្មក្នុងការផលិតសំបកកង់រថយន្ត ជាប្រភេទផលិតផលថ្មីមួយទៀតសម្រាប់ខេត្តព្រះសីហនុ។
វត្តមានក្រុមហ៊ុន ជេនេរ៉ល ថាយអឺ ថេណូឡូជី (ខេមបូឌា) នៅខេត្តព្រះសីហនុ គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការរីកចំរើនសេដ្ឋកិច្ចក្នុងខេត្ត ក៏ដូចជាការបង្កើតការងារជូនប្រជាពលរដ្ឋ ការកើនឡើងនូវបរិមាណនាំចេញ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កំណើនចំណូលពន្ធដារ និងចំណូលមិនមែនសារពើពន្ធធ្វើឱ្យមានកំណើន និងរក្សាបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងកាលានុវត្តភាពនៃការវិនិយោគជាតិ និងអន្តរជាតិ។ បើតាមការបញ្ជាក់របស់ លោក គួច ចំរើន។
លោក បានបន្តទៀតថា បច្ចុប្បន្នខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជា តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងប្រសិទ្ធនាមជា “តារារះនាទិសនិរតី” ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥ -២០២៥ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តព្រះសីហនុ មានសហគ្រាសតូច-ធំចំនួន២២១ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១១ទីតាំង មាន ០៤ទីតាំង កំពុងដំណើរការ។ ផ្អែកតាមចក្ខុវិស័យ និងគោលនយោបាយនាពេលអនាគតដ៏ខ្លីខាងមុខនេះខេត្តព្រះសីហនុសង្ឃឹមថា នឹងទទួលបានវិនិយោគិនបរទេសជាបន្តបន្ទាប់មកវិនិយោគ និងធ្វើពាណិជ្ជនៅខេត្តព្រះសីហនុ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)