ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ប៊ុលហា្គរី សម្រេចបានប្រមាណ ៨,១លានដុល្លារ នៅឆ្នាំ២០២២ ជាមួយនឹងកំណើនប្រមាណ ៧៨% បើប្រៀបធៀបនឹងឆ្នាំ២០២១ ដែលសម្រេចបាន ៤,៥៤លានដុល្លារ។ បើតាម ជំនួបពិភាក្សាការងារ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ជាមួយលោកស្រី Marinela Petkova ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប៊ុលហា្គរីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលនឹងជិតចប់ពីអាណត្តិបេសកកម្មការទូត។
នៅក្នុងជំនួបពិភាក្សានោះ ដែលធ្វើឡើងកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅប៊ុលហ្គារី រួមមាន៖ សម្លៀកបំពាក់ ស្បែកជើង ស្ករ និងថ្នាំជក់ជាដើម រីឯទំនិញនាំចូលសក្តានុពលពីប៊ុលហ្គារីមកវិញ រួមមាន៖ ជីកសិកម្ម ស្ពាន់ កែវ និងម្សៅ។ល។
លោក ប៉ាន សូរស័ក្ដិ ជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងនិងការប្ដេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្រោមក្របខណ្ឌពហុភាគី, តំបន់, អនុតំបន់ និងទ្វេភាគី ស្របពេលនឹងការធ្វើកំណែទម្រង់ច្បាប់ បទប្បញ្ញត្តិ និងស្ថាប័ន ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរ។ លោក ក៏បានគូសបញ្ជាក់ពីការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការគ្រប់គ្រងបញ្ហាកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងការបើកប្រទេសឡើងវិញ ដែលធ្វើឱ្យមានកំណើនពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។
នាឱកាសនោះ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលប៊ុលហ្គារីក្នុងការរក្សានិងលើកកម្ពស់តម្លៃនៃទំនាក់ទំនងប្រពៃណីដ៏ល្អនេះ និងផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។ លោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកស្រីវឯកអគ្គរដ្ឋទូត ដែលបានបំពេញភារកិច្ចនិងតួនាទីយ៉ាងសំខាន់ប្រកបដោយសមិទ្ធផលជាផ្លែផ្កាក្នុងអំឡុងអាណត្តិបេសកកម្មការទូត។
ជាកិច្ចឆ្លើយតប លោកស្រី ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក រួមនឹងឆន្ទៈក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ លោកស្រី បានបញ្ជាក់ពីក្តីរំពឹងយ៉ាងមុតមាំថា ក្នុងអាណត្តិបេសកកម្មរបស់ឯកអគ្គរដ្ឋទូតថ្មី នឹងមានការបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគីនិងតំបន់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
ឯកអគ្គរដ្ឋទូតប៊ុលហា្គរីប្រចាំកម្ពុជា ដែលនឹងជិតចប់ពីអាណត្តិបេសកកម្មការទូតបានបន្តថា នឹងលើកទឹកចិត្តដល់ពាណិជ្ជករនិងវិនិយោគិនប៊ុលហ្គារីឱ្យស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្មវិនិយោគ ជាពិសេសក្នុងវិស័យកសិកម្ម រួមមាន៖ផលិតផលផ្លែឈើ និងជីកសិកម្ម ព្រមទាំងទេសចរណ៍នៅកម្ពុជា។ លោកស្រី បានបញ្ជាក់ថា «ដែលកត្តាទាំងនេះ អាចរួមចំណែកដល់ការស្ដារសេដ្ឋកិច្ចឡើងវិញ និងជួយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ប៊ុលហ្គារីថែមមួយកម្រិតទៀត»។
បើតាមជំនួបនេះ ភាគីទាំងពីរ ក៏បានបង្ហាញពីឆន្ទៈក្នុងការពន្លឿននីតិវិធីបង្កើតគណៈកម្មការចម្រុះអន្តរ រដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយយោងតាមកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បច្ចេកទេស និងវិទ្យាសាស្ត្រ ដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០១៩។ បន្ថែមពីនេះ ភាគីទាំងពីរ ក៏បានរំលេចពីសារៈសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់រវាងអាស៊ាន និងសហភាពអឺរ៉ុប៕
ដោយ៖ មឿន ឌីណា (Moeun Dyna)