Register Already an agent ? Login

ពន្ធដារប្រមូលចំណូលបានជិត ៥៤០លានដុល្លារ កើនជាង៥% ពីរខែឆ្នាំ២០២៣ ធៀបនឹងឆ្នាំ២០២២

ភ្នំពេញ៖ រយៈពេល ២ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធ គ្រប់គ្រងទិន្នន័យចំណូលអនឡាញមានចំនួន ២១៨៣,៨៩ប៊ីលានរៀល (ប្រមាណជា ៥៣៩,២៣លានដុល្លារ) ស្មើនឹង ១៥,១០% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣ ប្រៀបធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២២ ឃើញថាកើនឡើងចំនួន ១០៩,៣៣ប៊ីលានរៀល (ប្រមាណជា ២៧,០០ លានដុល្លារ) ស្មើនឹង ៥,២៧%។

លើសពីនេះ សម្រាប់រយៈពេល ២ខែ ឆ្នាំ២០២៣ ចំណូលពីប្រភេទពន្ធសំខាន់ៗបានរក្សាកំណើនធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះ ពន្ធលើប្រាក់ចំណូល ១៤,៧៩% អាករលើតម្លៃបន្ថែម ៨,៩៣% និងពន្ធលើប្រាក់បៀវត្ស ១១,០១%។

នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែកុម្ភៈ និង​សម្រាប់​រយៈពេល២​ខែ ឆ្នាំ​២០២៣ ​កាល​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២៣ លោក គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារលើកឡើងថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញមានចំនួន ៩៦៦,៣២ប៊ីលានរៀល (ប្រមាណជា ២៣៨,៦០លានដុល្លារ) ស្មើនឹង ៦,៦៨%។

លោក បានបន្តថា ប្រៀបធៀបនឹងចំណូល ពន្ធ-អាករប្រចាំខែកុម្ភៈ ឆ្នាំ២០២២ ឃើញថាកើនឡើងចំនួន ៥៩,២៩ប៊ីលានរៀល (ប្រមាណជា ១៤,៦៤ លានដុល្លារ) ស្មើនឹង ៦,៥៤%។

អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​ផ្តួចផ្តើម ហើយនឹង​ដាក់ចេញ​ឱ្យ​អនុវត្ត​នូវE-Administration ក្នុង​ត្រីមាស​ទី​២ ឆ្នាំ​២០២៣ ក្នុង​គោលដៅ​ពង្រឹងគុណភាព​សេវាសាធារណៈ​បន្ថែមទៀត​ចំណូល​ពន្ធ​ពី​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក(E-Commerce) ទទួលបាន​ប្រមាណជា ១៤,៨៧លាន​ដុល្លារ​។​ បើតាមការបន្តទៀតរបស់ លោក គង់ វិបុល។

លោក គង់ វិបុល បានបន្ថែមថា អគ្គនាយក​ដ្ឋាន​ពន្ធដារ​មាន​វិធាន​ការចុះ​អង្កេត​សហគ្រាស ដោយបាន​រកឃើញ​អាជីវកម្ម​ជាច្រើន​ក្នុងនោះ​មាន​ក្លិបកម្សាន្ត​ធំៗ មួយចំនួន​មិនបានចុះបញ្ជី​ពន្ធដារ​ឬ​ចុះបញ្ជី​មិនបាន​ត្រឹមត្រូវ​តាម​កម្រិត​ផលរបរ​។ ខ្ញុំ​សូម​រំឭកឱ្យ​ម្ចាស់​អាជីវកម្ម ដែល​មិនទាន់បាន ចុះបញ្ជី​ពន្ធដារ ឱ្យមក​បំពេញ​កាតព្វកិច្ច​ចុះបញ្ជី​ពន្ធដារ​ និង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​សហគ្រាស ចៀសវាង​នូវ​ការ ផាកពិន័យ​ទោសទណ្ឌ​នានា​។

សម្រាប់​រដូវ​កាល​ប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​រូបនេះ បានបង្ហាញ​ពី​ការ​រំពឹងថា​ការប្រកាស​និង​បង់ប្រាក់​ពន្ធ​លើ​ប្រាក់ចំណូល​សម្រាប់​ឆ្នាំ​២០២២ នឹង​ទទួលបាន​នូវ​លទ្ធផល​ល្អប្រសើរ​និង​មិន​មានការ​ថមថយ​ឡើយ តាមរយៈ ប្រព័ន្ធ​ពន្ធដារ E-Filing និង ToI E-Filing ដែល​រឹងមាំ​និង​មាន​តម្លាភាព និង​ជា​យន្តការ​យ៉ាងសំខាន់​ក្នុងការ​ពង្រឹង ការផ្ទៀងផ្ទាត់​ការដាក់​លិខិត​ប្រកាស​និង​បង់ប្រាក់​ពន្ធ (Cross check)​។​ បើតាមការបន្ថែមទៀតរបស់ លោក គង់ វិបុល។

គូសបញ្ជាក់ថា ជាក់ស្ដែងនៅឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូល សម្រេចបានលើសផែនការខ្ពស់រហូតដល់ចំនួន ២២,៥៧% បើទោះបីជាសេដ្ឋកិច្ចកម្ពុជា បានរងនូវវិបត្តិនៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកបណ្ដាលមកពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងវិបត្តិនៃជំងឺកូវីដ-១៩ នៅបន្តមាននៅឡើយ។

ដោយឡែក ក្នុងឆ្នាំ២០២៣នេះ បើទោះបីជាសេដ្ឋកិច្ចកម្ពុជា បន្តទទួលរងនូវវិបត្តិនៃការធ្លាក់ចុះសេដ្ឋកិច្ចសកលលោកបណ្ដាលមក ពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន សង្គ្រាមពាណិជ្ជកម្ម ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ និងវិបត្តិនៃជំងឺកូវីដ-១៩ មិនទាន់ចប់នៅឡើយក៏ផែនការចំណូលពន្ធត្រូវបានកំណត់ឱ្យមានការកើនឡើងប្រមាណជិត ៣០% នៃផែនការចំណូលឆ្នាំ២០២២៕

ដោយ៖ មឿន ឌីណា (Moeun Dyna)