ភ្នំពេញ៖ បើគិតទាំងបំណុលមរតក, ត្រឹមដំណាច់ត្រីមាសទី៤ ឆ្នាំ២០២២ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុប ចំនួន ៩,៩៩ប៊ីលានដុល្លារ។ បើតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាលេខ១៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានចេញផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣។
បំណុលសាធារណៈសរុបចំនួន ៩,៩៩ប៊ីលានដុល្លារ ក្នុងនោះ ៩៩,៨២% ត្រូវនឹងប្រមាណ ៩,៩៧ប៊ីលានដុល្លារ ជាបំណុលសាធារណៈក្រៅប្រទេស (ក្របខណ្ឌទ្វេភាគីប្រមាណ ៦៨% និងក្របខណ្ឌពហុភាគីប្រមាណ ៣២%) និងបំណុលសាធារណៈក្នុងប្រទេស ០,១៨% ត្រូវនឹងប្រមាណ ១៧,៥១លានដុល្លារ។
បើតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈ បានបញ្ជាក់ថា សមាសភាគបំណុលសាធារណៈទាំងនេះ រួមមាន៖ ៤៤% ជាដុល្លារអាមេរិក, ២១% ជា អេសដេអ៊ែរ, ១២% ជាយ័នចិន, ១១% ជាយេនជប៉ុន, ៧% ជាអឺរ៉ូ, និង ៥% ទៀត ជារូបិយវត្ថុជាតិនិងរូបិយប័ណ្ណ ផ្សេងៗ។
នៅក្នុងឆ្នាំ២០២២ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍនានា ចំនួន ២ ១៣៧,៨៣លានដុល្លារ សមមូលនឹង ១ ៥៩៨,៣៧លានអេសដេអ៊ែរ ស្មើនឹងប្រមាណ ៩៩,៩០% នៃពិតានដែលច្បាប់អនុញ្ញាត (១ ៦០០លានអេសដេអ៊ែរ) ក្នុងនោះ ក្របខ័ណ្ឌទ្វេភាគីមានប្រមាណ ៦៦% និងក្របខ័ណ្ឌពហុភាគីមានប្រមាណ ៣៤%។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីក្នុងឆ្នាំ២០២២ មានកំណើនប្រមាណ ១៣៦%។
ជារួម, ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមាន កម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ ៤៥%។ គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាព របស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាព ផលិតកម្ម។
នៅក្នុងឆ្នាំ២០២២ រាជរដ្ឋាភិបាល បានដកសាច់ប្រាក់ពីឥណទានសម្បទាន ដែលបានចុះកិច្ចព្រមព្រៀងកន្លងមក ចំនួន ១,៣៤ប៊ីលានដុល្លារ ក្នុងនោះ ក្របខ័ណ្ឌទ្វេភាគីមានប្រមាណ ៥៩% និងក្របខ័ណ្ឌពហុភាគីមានប្រមាណ ៤១%។ សាច់ប្រាក់ទាំងនេះ ត្រូវបានប្រើប្រាស់ជាក់ស្តែងទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ៦៨% និងវិស័យអាទិភាពចំពោះមុខផ្សេងទៀត (មិនមែនហេដ្ឋារចនាសម្ព័ន្ធ) ៣៦%។
ដោយឡែក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ការដកសាច់ប្រាក់ជាក់ស្តែងក្នុងឆ្នាំ២០២២ មានកំណើនប្រមាណ ១៥%។
នៅក្នុងឆ្នាំ២០២២ រាជរដ្ឋាភិបាលបានទូទាត់សេវាបំណុលជូនដៃគូអភិវឌ្ឍចំនួន ៤៦៤,២២លានដុល្លា ក្នុងនោះ៖ ក្របខ័ណ្ឌទ្វេភាគីចំនួន ៣៤៥,៥៣លានដុល្លារ (ប្រាក់ដើម ២៦៣,៨១លានដុល្លារ និងការប្រាក់និងកម្រៃផ្សេងៗ ៨១,៧២លានដុល្លារ និងក្របខ័ណ្ឌពហុភាគីចំនួន ១១៨,៧០លានដុល្លារ (ប្រាក់ដើម ៩១,៦០លានដុល្លារ និងការប្រាក់និងកមផេ្សងៗ ២៧,១០លានដុល្លារ។
ដោយឡែក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ការទូទាត់សេវាបំណុលក្នុងឆ្នាំ២០២២ មានកំណើន ប្រមាណ ២១%៕
ដោយ៖ មឿន ឌីណា (Moeun Dyna)