ភ្នំពេញ៖ តាមការសិក្សារបស់អ្នកជំនាញនៃវិទ្យាស្ថាន ERIA កិច្ចព្រមព្រៀងអាសិប កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំការនាំចេញក្នុងរង្វង់ប្រមាណពី ៩.៤% ទៅ ១៨% ដែលនឹងចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចជាតិបន្ថែមប្រចាំឆ្នាំ ប្រមាណពី ២% ទៅ ៣.៨%, កំណើនឱកាសការងារប្រចាំឆ្នាំ ប្រមាណ ៣.២% ទៅ ៦.២% និងកំណើនចំណូលពន្ធប្រចាំឆ្នាំប្រមាណ ២% ទៅ ៣.៩% ផងដែរ។ បើតាមលើកឡើងរបស់ លោក ស៊ីម សុខខេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម
ការលើកឡើងរបស់ លោក ស៊ីម សុខខេង ដែលជាប្រធានក្រុមការងារចរចាអន្តរក្រសួងសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងអាសិប ដែលបានធ្វើបទបង្ហាញពីអត្ថប្រយោជន៍របស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងនីតិវិធីនៃការនាំចេញទំនិញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដល់សភាពាណិជ្ជកម្មអ៉ឺរ៉ុបនៅកម្ពុជា កាលពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។
លោក រដ្ឋលេខាធិការ បានគូសបញ្ជាក់ផងដែរថា វិស័យឯកជនជាដៃគូដ៏សំខាន់ ក្នុងការចូលរួមក្នុងកិច្ចពិគ្រោះយោបល់ ផ្តល់ធាតុចូលនានា មុនពេលចាំផ្តើមការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងជាអ្នកទទួលអនុវត្តបន្តដើម្បីទាញយកផលប្រយោជន៍ដោយផ្ទាល់ពីកិច្ចព្រមព្រៀងទាំងនោះ។
ក្នុងឱកាសនោះ លោក រដ្ឋលេខាធិការ បានធ្វើបទបង្ហាញស្តីពី ដំណើវិវឌ្ឍន៍នៃគោលនយោបាយពាណិជ្ជកម្មកម្ពុជា ដោយបានជម្រាបជូនអំពីវឌ្ឍនភាពនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចចូលក្នុងសេដ្ឋកិច្ចតំបន់ តាមរយៈការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO), អាស៊ាន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី តំបន់ និងពហុភាគី។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងក្របខណ្ឌអាស៊ាន និងដៃគូអាស៊ាន (អាស៊ាន-ជប៉ុន, អាស៊ាន-កូរ៉េ, អាស៊ាន-ចិន, អាស៊ាន-អូស្រ្តាលី-ណូវែលហ្សេឡង់, អាស៊ាន-ឥណ្ឌា, អាស៊ាន-ហុងកុង, និងកិច្ចព្រមព្រៀងអាសិប, កម្ពុជាក៏បានសម្រេចនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី រួមមាន កម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ហើយបាននឹងកំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយដៃគូពាណិជ្ជកម្មផ្សេងទៀតផងដែរ។ បើតាមការបន្តរបស់ លោក ស៊ីម សុខខេង។
គួរបញ្ជាក់ផងដែរថា នៅក្នុងពិធីនេះ ក៏បានធ្វើការកត់សម្គាល់ផងដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលកម្ពុជាជាសមាជិក ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបានជួយជំរុញឱ្យកម្ពុជាក្លាយជាប្រទេសធំជាងគេទាំង១០ លើពិភពលោក ក្នុងការផលិតផ្នែកសម្លៀកបំពាក់ និងផ្នែកវាយនភណ្ឌ ព្រមទាំងជាប្រទេសនាំចេញកង់ច្រើនជាងគេបំផុត នៅក្នុងអាស៊ាន ផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)