ភ្នំពេញ៖ រយៈពីរខែ មករានិងកុម្ភៈ ឆ្នាំ២០២៣ កម្ពុជាបាននាំទំនិញទៅប្រទេសវៀតណាម មានតម្លៃសរុប ៤៩១.១៨ លានដុល្លារ កើន ៣៦,១% ធៀបនឹងឆ្នាំ២០២២ មានចំនួន ៣៦០.៨៤៣លានដុល្លារ។ បើតាមរបាយការណ៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តថា ទំហំពាណិជ្ជកម្មប្រទេសទាំងពីរមានទឹកប្រាក់ជិត ១,១ពាន់លានដុល្លារ។
វៀតណាម បាននាំទំនិញមកកម្ពុជាវិញចំនួន ៥៩៣,៥៥៧លានដុល្លារ កើន ០,៧% ពីចំនួន ៥៨៩,២៧៨លានដុល្លារ។ បើតាមរបាយការណ៍ដដែល បានបន្តថា ជាសរុបទឹកប្រាក់នៃការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម រយៈពេល ២ខែដើមឆ្នាំ២០២៣ មានចំនួន ១,០៨៤.៧៣៧លានដុល្លារ កើន ១៤,២% បើធៀបនឹងឆ្នាំ២០២២ មានចំនួន ៩៥០.១២១លានដុល្លារ។
បើតាមរបាយការដដែលបានបន្តទៀតថា សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៣ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានទឹកប្រាក់សរុប ៦០៥.៩៨លានដុល្លារ កើនឡើង ៣០,៩៥៦% បើធៀបនឹងឆ្នាំ២០២២ ដែលមាន ៤៦២.៧៣៥លានដុល្លារ។ ទំនិញនាំពីកម្ពុជាទៅវៀតណាម មានទឹកប្រាក់ ៣១៨.៩៥៣លានដុល្លារ កើនឡើង ៥៥,៤% ពី ២០៥.២លានដុល្លារ និងវៀតណាមនាំទំនិញមកកម្ពុជា ២៨៧.០២៧លានដុល្លារ បានកើនឡើង ១១,៥% ពីចំនួន ២៥៧.៥៣៥លានដុល្លារ។
ប្រទេសទាំងពីរ មានព្រំប្រទល់ជាប់គ្នាតែងនាំទំនិញនាំចេញ-នាំចូលទៅវិញទៅមកច្រើន ដោយចំនួនទឹកប្រាក់ពិតប្រាកដគឺមានច្រើនលើសនេះទៀត។ បើតាមភ្នំពេញប៉ុស្តិ៍ ដែលបានស្រង់សំដី របស់ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបន្តថា ភាគច្រើននៃផលិតផលដែលកម្ពុជានាំទៅវៀតណាម គឺជាផលិតផលកសិកម្ម ឬជាវត្ថុធាតុដើមសម្រាប់កែច្នៃ អ្វីដែលគួរឱ្យកត់សម្គាល់ពេលនេះ គឺការនាំចេញកសិផលពីកម្ពុជាទៅវៀតណាម កំពុងមានភាពវិជ្ជមានជាបន្តបន្ទាប់។
ភ្នំពេញប៉ុស្តិ៍បានស្រង់សំដី របស់ លោក លឹម ហេង បន្តថា តាមរយៈកិច្ចសហប្រតិបត្តិការល្អនៅតាមព្រំដែនការបើកច្រកព្រំដែនថ្មីៗ ព្រមទាំងគម្រោងនៃការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងបាវិត (ព្រំដែនវៀតណាម) ការធ្វើពាណិជ្ជកម្មទ្វេភាគីនឹងមានទឹកប្រាក់កាន់តែច្រើននៅពេលខាងមុខ។ ទំនិញចម្បងគេដែលកម្ពុជានាំទៅវៀតណាម គឺផលិតផលកសិកម្ម (ស្រូវ កៅស៊ូ ស្វាយចន្ទី ដំឡូងមី ជាដើម) ចំណែកផលិតផលវៀតណាមនាំមកកម្ពុជា មានដូចជា ដែក សម្ភារសំណង់ ប្រេង បន្លែ ផ្លែឈើ ជី និងគ្រឿងយន្ត។
សូមរម្លឹកថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម ក្នុងឆ្នាំ២០២២ មានទឹកប្រាក់សរុប ៦,១៣៥.៧៦លានដុល្លារ កើនឡើង ១៩,៦ %បើធៀបឆ្នាំ២០២១។ ក្នុងនោះ កម្ពុជានាំទំនិញទៅវៀតណាម មានទឹកប្រាក់ ២,១៦៨.៦១៩លានដុល្លារ កើន ៩,២% និងទំនិញវៀតណាមនាំមកកម្ពុជាមានចំនួន ៣,៩៦៧.១៤១៣លានដុល្លារ កើនឡើង ២៦,២%។
គិតត្រឹមចុងឆ្នាំ២០២១ ការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជាមានទឹកប្រាក់សរុប ៤១ពាន់លានដុល្លារ ក្នុងនោះការវិនិយោគរបស់វិនិយោគិនវៀតណាម មានទឹកប្រាក់ ២,៥ពាន់លានដុល្លារ ស្មើនឹង ៦,១% នៃការវិនិយោគសរុប ខណៈប្រទេសចិន នាំមុខគេជាមួយនឹងទំហំទឹកប្រាក់ ១៨ពាន់លានដុល្លារ។ បើតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)