ភ្នំពេញ៖ រោងចក្រផលិតស្បែកជើងមួយរបស់ចិន ដែលមានទីតាំងនៅប្រទេសមីយ៉ាន់ម៉ា ដោយសារបញ្ហាវិបត្តិនយោបាយនឹងផ្លាស់មកប្រទេសកម្ពុជាវិញ ដោយមើលឃើញពីស្ថេរភាពនយោបាយ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក៏ដូចជាមានគោលនយោបាយជាច្រើនទៀតក្នុងការលើកទឹកចិត្តអ្នកវិនិយោគមកកាន់កម្ពុជា។ បើតាមជំនួបពិភាក្សា លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយ លោក ហ៊ូ ឆាវហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផលិតស្បែកជើង អល វីន ស៊ូ។
នៅក្នុងជំនួបដែលធ្វើឡើង នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ លោក ហ៊ូ ឆាវហ៊ុយ មានបំណងស្វែងរកកិច្ចគាំទ្រការបង្កើតរោងចក្រផលិតស្បែកជើងនៅប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ គ្រោងនឹងបើកដំណើរការ នៅក្នុងអំឡុងខែ មិថុនា ឆ្នាំ២០២៣ខាងមុខនេះ។
ប្រធានក្រុមហ៊ុន បានបញ្ជាក់ថា ដោយក្រុមហ៊ុនត្រូវការបុគ្គលិកជិត ១ពាន់នាក់ ដើម្បីផលិតស្បែកជើងឱ្យបាន ៧០ម៉ឺនគូក្នុង១ខែ ក្នុងការនាំចេញទៅកាន់អ៊ឺរ៉ុប និងសហរដ្ឋអាមេរិក។
នាឱកាសនោះ លោក ហ៊ូ ឆាវហ៊ុយ ចង់បានអនុសាសន៍ណែនាំបន្ថែមរបស់ លោក អ៊ិត សំហេង ចំពោះការអនុវត្តច្បាប់របស់កម្ពុជា ខណៈដែលរោងចក្ររបស់លោក ដែលបានដំណើរការនៅក្នុងប្រទេសចិន និងនៅប្រទេសមីយ៉ាន់ម៉ា គឺចូលរួមអនុវត្តន៍ច្បាប់បានល្អប្រសើរណាស់។
នៅក្នុងជំនួបនេះ លោក អ៊ិត សំហេង បានថ្លែងអំណរគុណដល់លោកប្រធានក្រុមហ៊ុនដែលមានទំនុកចិត្តមកលើកម្ពុជា ហើយកម្ពុជាក៏សូមស្វាគមន៍ចំពោះអ្នកវិនិយោគទាំងអស់ ដែលបានបោះទុនវិនិយោគនៅទីនេះ។ លោក បានបញ្ជាក់ថា កម្ពុជាមានទីផ្សារនាំចេញផលិតផលស្បែកជើង កាបូប និងផលិតផលធ្វើដំណើរ ទៅកាន់ទីផ្សារធំៗ ដូចជាសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុនជាដើម។ លោក បន្តថា ការរក្សាបានទីផ្សារនាំចេញទាំងអស់នេះ ដោយសារតែកម្ពុជា បានអនុវត្តន៍នូវគោលនយោបាយពាណិជ្ជកម្មផ្សាភ្ជាប់ទៅនឹងលក្ខខណ្ឌការងារ ដោយធានាបាននូវនិរន្តរភាព នៃការបញ្ជាទិញពីព្រេនធំៗរបស់ពិភពលោក។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្ថែមថា ក្រៅពីនេះ កម្ពុជាក៏មានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងជាមួយដៃគូច្រើន រួមជាមួយកម្លាំងពលកម្មវ័យក្មេងរបស់កម្ពុជា ដោយក្នុងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងការងារ ធ្វើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីផ្គត់ផ្គង់ទៅដល់ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលកំពុងមានតម្រូវការទាំងពេលបច្ចុប្បន្ន និងអនាគត។
កម្ពុជា មានផែនការយុទ្ធសាស្ត្រច្បាស់លាស់ណាស់ សម្រាប់ធ្វើការអភិវឌ្ឍវិស័យមួយនេះ បើមានបញ្ហាអ្វីមួយកើតឡើង នឹងមានយន្តការសម្រាប់ដោះស្រាយ។ បើតាមការបញ្ជាក់បន្តទៀតរបស់ លោក អ៊ិត សំហេង ក៏បានណែនាំដល់ក្រុមហ៊ុន អល វីន ស៊ូ អាចចូលរួមជាសមាជិកជាមួយសមាគមណាមួយ ដើម្បីទទួលបានការបណ្តុះបណ្តាលលើផ្នែកច្បាប់ និងការការពារពីខាងសមាគម។
លោក រដ្ឋមន្ត្រី ក៏បានស្នើដល់ក្រុមហ៊ុនចូលរួមគោរពច្បាប់របស់កម្ពុជា ជាពិសេសច្បាប់ស្តីពីការងារ ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពីសហជីព គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) និងបទប្បញ្ញត្តិផ្សេងៗពាក់ព័ន្ធវិស័យការងារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)