ភ្នំពេញ៖ កម្ពុជា អាចចាកចេញពីចំណាត់ថ្នាក់ ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅចុងឆ្នាំ២០២៧ ប្រសិនបើអ្វីៗដំណើរការដោយរលូន ដែលការចាកចេញនេះស្របនឹងមហិច្ឆតារាជរដ្ឋាភិបាល ក្នុងការនាំកម្ពុជាឱ្យឈានដល់ប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទអង្គការសហប្រជាជាតិលើកទី៥ ស្ដីពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) និងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅទីក្រុងដូហា ប្រទេសកាតា ពីថ្ងៃទី៤-៩ ខែមីនា ឆ្នាំ២០២៣។
ក្នុងកិច្ចប្រជុំខាងលើ ក្រោមប្រធានបទ “Leaving No One Behind” លោក ប៉ាន សូរស័ក្ដិ បានថ្លែងថា ប្រទេសកម្ពុជាបានបំពេញតាមលក្ខណៈវិនិច្ឆ័យជាលើកទី១ ដែលអាចត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ LDC ហើយនឹងត្រូវបានវាយតម្លៃម្តងទៀតនៅដើមឆ្នាំ២០២៤។
កម្ពុជា អាចចាកចេញពីចំណាត់ថ្នាក់ LDC នៅចុងឆ្នាំ២០២៧ ប្រសិនបើអ្វីៗដំណើរការដោយរលូន ដែលការចាកចេញនេះ ស្របនឹងមហិច្ឆតារាជរដ្ឋាភិបាល ក្នុងការនាំកម្ពុជាឱ្យឈានដល់ប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ បើតាមការថ្លែងបន្តរបស់ លោក ប៉ាន សូរស័ក្ដិ បានបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយ ការចាកចេញពីចំណាត់ថ្នាក់ LDCនេះ នឹងនាំមកជាមួយបញ្ហាប្រឈមពាក់ព័ន្ធនឹងការបាត់បង់អត្ថប្រយោជន៍ និងប្រព័ន្ធអនុគ្រោះមួយចំនួនដែលយើងកំពុងទទួលបាននាពេលបច្ចុប្បន្ន។
លោក រដ្ឋមន្ដ្រី ក៏បានលើកឡើងអំពីការអនុម័ត និងការអនុវត្តផែនការសកម្មភាពទីក្រុងដូហា (DPoA) ដែលនឹងមានសារៈសំខាន់ក្នុងការធ្វើឱ្យដំណើរចាកចេញនេះមានភាពរលូន និងជួយពន្លឿនការសម្រេចបាននូវ SDGs របស់កម្ពុជា និងបំពេញបន្ថែមដំណាក់កាលបន្ទាប់នៃក្របខ័ណ្ឌផែនការអភិវឌ្ឍន៍របស់កម្ពុជា ពោលគឺផែនការអភិវឌ្ឍន៍យុទ្ធសាស្រ្តជាតិឆ្នាំ២០២៤-២០២៨។
លោក បានបន្តទៀតថា អាស្រ័យហេតុនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាអនុវត្តផែនការសកម្មភាពទីក្រុងដូហា ដោយភ្ជាប់ខ្លួននឹងការវិនិយោគលើវិស័យសុខាភិបាល ការអប់រំ ប្រព័ន្ធគាំពារសង្គម និងហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន ការធ្វើពិពិធកម្មសេដ្ឋកិច្ចឱ្យមានលក្ខណៈប្រសើរឡើង រួមបញ្ចូល ភាពធន់ និងនិរន្តរភាព ជំរុញសេដ្ឋកិច្ចបៃតង និងជំរុញការធ្វើបរិវត្តកម្មឌីជីថល។
ជាមួយគ្នានេះ លោក រដ្ឋមន្ដ្រី ក៏បានបញ្ជាក់អំពីតម្រូវការក្នុងការពង្រីកប្រភពហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍដោយវិធីពង្រីកដៃគូពាណិជ្ជកម្មកម្ពុជាបើកបណ្តាញសហប្រតិបត្តិការថ្មី ការស្វែងរកឧបករណ៍ហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងការពង្រឹងយន្តការហិរញ្ញប្បទានបៃតង។
ឆ្លៀតក្នុងឱកាសនោះ ប៉ាន សូរស័ក្ដិ បានលើកយកផែនការសកម្មភាពជាគន្លឹះទាំង៦ នៃ DPoA ដែលមានដូចជា៖ ១-ការវិនិយោគលើមនុស្សក្នុងប្រទេស LDCs; ២-ការប្រើប្រាស់វិទ្យាសាស្ត្រ, បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីទប់ទល់នឹងភាពទន់ខ្សោយនិងសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព; ៣-គាំទ្រការកែទម្រង់ស្ថាប័នឱ្យក្លាយជាចលករនៃភាពចម្រើនរុងរឿង; ៤-លើកម្ពស់ពាណិជ្ជកម្មអន្តរជាតិនៃប្រទេស LDCs និងសមាហរណកម្មតំបន់; ៥-ដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ការបំផ្លាញបរិស្ថាន និងផលប៉ះពាល់នៃ Covid-19 ព្រមទាំងការកសាងភាពធន់នឹងវិបត្តិនានា, និង ៦-ពង្រឹងសាមគ្គីភាពអន្ដរជាតិ និងភាពជាដៃគូពិភពលោក។
នៅកិច្ចបញ្ចប់ លោក រដ្ឋមន្រ្តី បានជម្រាបជូនអង្គប្រជុំថា រាជរដ្ឋាភិបាលកម្ពុជាសូមកោតសរសើរចំពោះការគាំទ្រពីម្ចាស់ជំនួយនិងដៃគូអភិវឌ្ឍន៍ ដើម្បីគាំទ្រដល់ការសិក្សាស្រាវជ្រាវអំពីផលប៉ះពាល់នៃការចាកចេញពីប្រទេសពី LDC ហើយទន្ទឹមនឹងនោះ កម្ពុជាសូមអញ្ជើញសហគមន៍អន្តរជាតិឱ្យគាំទ្រនិងពន្លឿនវឌ្ឍនភាពនៃ SDGs ដែលស្នើឡើងដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏ដូចជាជួយជំរុញឱ្យប្រទេស LDCs ចាកចេញពីចំណាត់ថ្នាក់ LDCs ប្រកបដោយជោគជ័យ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព៕
ដោយ៖ មឿន ឌីណា (Moeun Dyna)