Register Already an agent ? Login

លោក គង់ សោភ័ណ្ឌ បានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីដល់ប្រជាពលរដ្ឋជាង ១ពាន់បណ្ណ នៅក្នុងស្រុកមុខកំពូល

កណ្ដាល៖ គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋរស់នៅភូមិព្រែកឫស្សី ឃុំសំបួរមាស ស្រុកមុខកំពូល ចំនួន ១,៤៤៨បណ្ណ លើក្បាលដីសរុបចំនួន ១,៥២៥ក្បាលដី។

រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់បំផុត លើការងារចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ដោយបានឧបត្ថម្ភគាំទ្រ ទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់ ក្នុងដំណើរការចុះបញ្ជីដីធ្លី នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ឲ្យមានភាពកាន់តែល្អប្រសើរឡើង។ បើតាមការលើកឡើងរបស់ លោក គង់ សោភ័ណ្ឌ នៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣។

លោក បានបន្តថា គិតត្រឹមដើម ឆ្នាំ២០២៣នេះ ស្រុកមុខកំពូលបានធ្វើការចែកបណ្ណជូនប្រជាពលរដ្ឋ សរុបចំនួន ១២លើក ស្មើនឹង ១៤,៨៩៧ប័ណ្ណ។ ដោយឡែក ក្នុងពិធីនាថ្ងៃនេះ នឹងធ្វើការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជាលើកទី១៣ ជូនប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធិ នៅភូមិព្រែកឫស្សី ឃុំសំបួរមាស ស្រុក មុខកំពូល ចំនួន ១,៤៤៨ប័ណ្ណទៀត លើក្បាលដីសរុបចំនួន១,៥២៥ក្បាលដី។

អភិបាលខេត្ត បានជំរុញដល់មន្ទីរដែនដីនគរូបនីយកម្ម សំណងនិងសុរិយោដីខេត្ត ត្រូវខិតខំបន្តចុះបញ្ជីដីធ្លី លក្ខណៈជាប្រព័ន្ធ និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័សតាមការគ្រោងទុក ជាពិសេសរាល់ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋមិនត្រូវទាលុយពីពួកគាត់ជាដាច់ខាត ហើយអាជ្ញាធរស្រុកត្រូវចែកជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ។

ក្នុងពិធីនេះ លោក យឺ យ៉េន អភិបាលស្រុកមុខកំពូល បានឱ្យដឹងថា ស្រុកមុខកំពូលបានបិទបញ្ចប់ការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធចំនួន ២ឃុំ គឺឃុំរកាកោងទី១ និងឃុំរកាកោងទី២។ ក្នុងចំណោម ៣៩ភូមិរបស់ស្រុក ចុះបញ្ជី បានចំនួន ២៦ភូមិ និងបានចុះបញ្ជីចប់ចំនួន ១២ភូមិ។

លោក បានបន្តថា បច្ចុប្បន្ន បានកំពុងអនុវត្តលើការចុះបញ្ជីដីចំនួន ២៤ភូមិបន្ថែមទៀត ស្ថិតក្នុងឃុំចំនួន៤ គឺឃុំព្រែកអញ្ចាញ ឃុំឬស្សីជ្រោយ ឃុំព្រែកដំបង និងឃុំស្វាយ អំពារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)