កំពង់ឆ្នាំង៖ គម្រោងសាងសង់៥០C ប្រវែង ៥៨គីឡូម៉ែត្រ ដែលមានទាំងផ្លូវនិងស្ពានឆ្លងទន្លេ ដោយតភ្ជាប់ពីខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ តាមតម្លៃប៉ាន់ស្មានអស់ទឹកប្រាក់ ២៥០លានដុល្លារ។ បើតាមការថ្លែងរបស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តថា ដោយបែងចែកទៅផ្លូវប្រមាណ ១៥០លានដុល្លារ និងស្ពានប្រហែលជា ១០០លានដុល្លារ។
លោក ស៊ុន ចាន់ថុល ដែលបានអញ្ជើញចុះពិនិត្យទីតាំងសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ បានថ្លែងបន្តថា ផ្លូវ៥០Cនេះ មានប្រវែង ៥៨គីឡូម៉ែត្រ ក្នុងនោះមានស្ពាន ៣៣០០ម៉ែត្រ។ លោក បានបញ្ជាក់ថា ខេត្ដកំពង់ឆ្នាំងនឹងក្លាយជាខេត្ដដែលមានស្ពានវែងជាងគេនៅកម្ពុជាមានប្រវែងសរុបជាង ៣ គីឡូម៉ែត្រ ដែលសាងសង់ឆ្លងកាត់ទន្លេសាបភ្ជាប់ទៅខេត្ដកំពង់ធំ។
កាលពីឆ្នាំ២០១៩ ក្នុងពិធីបុណ្យទន្លេនៅខេត្តកំពង់ឆ្នាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ម្តងហើយក្នុងការសិក្សាគម្រោងស្ពាននេះ កុំឱ្យប៉ះពាល់បរិស្ថាន និងសង្គម បន្ទាប់មកក្រុមហ៊ុន សាវ៉ាក់ ខុនស៊ុលថិន បានសិក្សាយ៉ាងលម្អិត។ បើតាមការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល។
លោក បានលើកឡើងបន្តថា ក្រោយសិក្សាលម្អិតពីស្ថាប័នជំនាញ មានទាំងក្រសួងបរិស្ថាន ព្រមទាំងរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផងនោះ លិខិតគោរពស្នើសុំមួយត្រូវបានដាក់ជូន សម្តេចតេជោ ហ៊ុន សែន ហើយ សម្តេចតេជោ ក៏បានឯកភាព។ លោក បានបញ្ជាក់ថា តាមគម្រោងផ្លូវ៥០C គ្រោងស្នើសុំថវិកាពីរដ្ឋាភិបាលចិន សម្តេចតេជោ បានចារឯកភាព។
គូសបញ្ជាក់ថា ទីតាំងធ្វើផ្លូវ៥០C ស្ថិតនៅក្នុងតំបន់ទន្លេសាបប្រមាណ ១៥០ហិកតា។ ផ្លូវនេះ ភ្ជាប់ពីក្រុងកំពង់ឆ្នាំង ឆ្លងកាត់ស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំង ឆ្ពោះទៅក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ។ ផ្លូវនេះដែរ ក៏មានលូប្រមាណ ១០០លូ និងស្ពាន៥។
សូមជម្រាបផងដែរថា បច្ចុប្បន្ន ស្ពានដែលវែងជាងគេនៅក្នុងប្រទេសកម្ពុជា គឺស្ពានត្សឹបាសា ឬស្ពានអ្នកលឿន មានប្រវែងសរុប ២,២១៥ម៉ែត្រ សាងសង់ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីខេត្តកណ្តាល ទៅខេត្តព្រៃវែង និងឆ្ពោះទៅខេត្តស្វាយរៀង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)