Register Already an agent ? Login

គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ មានអានុភាព៨០មេហ្គាវ៉ាត់ តម្លៃ២៣១លានដុល្លារ នឹងដំណើរការនៅឆ្នាំ២០២៦

ពោធិ៍សាត់៖ គម្រោងវា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ ដែលមាន​អានុភាព ៨០​មេ​ហ្គា​វ៉ា​ត់ ស្ថិតនៅ​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រមោយ ស្រុក​វាលវែង ​ខេត្តពោធិ៍សាត់ គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​នៅក្នុង​ឆ្នាំ​២០២៦​ ​បច្ចុប្បន្នក្រុមហ៊ុន​​កូរ៉េ SPHP (Cambodia) Co Ltd កំពុងដំណើរការ​សាងសង់​ទំនប់​ ក្នុងទឹកប្រាក់​វិនិយោគ​ប្រមាណ ២៣១​លាន​ដុល្លារ។ បើតាមការថ្លែងរបស់ លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី «​ភាពជោគជ័យ​រយៈពេល​​ ៥ឆ្នាំ របស់​រដ្ឋបាល​ខេត្តពោធិ៍សាត់​» នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២៣ លោក ខូយ រីដា បានថ្លែងបន្តថា គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ គឺជា​គម្រោង​វា​រី​អគ្គិសនី​ទី​២ របស់​ខេត្តពោធិ៍សាត់ បន្ទាប់ពី​គម្រោង​វា​រី​អគ្គិសនី​ទី​១ គឺ​វា​រី​អគ្គិសនី​ស្ទឹង​អា​តៃ ស្ថិតនៅ​ភូមិ​ឆាយ​លូក ឃុំ​អូរ​សោម ស្រុក​វាលវែង មាន​អានុភាព ១២០មេ​ហ្គា​វ៉ា​ត់ កំពុងដំណើរការ​។​

វា​រី​អគ្គិសនី​នេះ គឺមាន​ថាមពល​ជា​រៀងរាល់ថ្ងៃ អត់​មាន​រដូវវស្សានិង​រដូវប្រាំង​ទេ គឺមាន​ជាប់​រហូត ដោយសារតែ​ទឹកស្ទឹង​ពោធិ៍សាត់​មានទឹក​គ្រប់​រដូវ​។ បើតាមការបញ្ជាក់របស់ អភិបាលខេត្ត​ពោធិ៍សាត់។

ក្រសួង​រ៉ែ ​និង​ថាមពល ​បានផ្ដល់​អាជ្ញាប័ណ្ណ​ឱ្យ​ក្រុមហ៊ុន SPHP (Cambodia) Co Ltd ​សិក្សា​លទ្ធ​ភាព​នៅលើ​ទីតាំង​នេះ​ ចាប់តាំងពី​ឆ្នាំ​២០១២​។ បើតាមប្រសាសន៍ លោក វិចទ័រ ហ្សូ​នា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ និង​ថាមពល ដែលបានប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ បានបន្តថា ក្រុមហ៊ុន​នេះ​ បាន​ចុះ​កិច្ចព្រមព្រៀងជាមួយ​អគ្គិសនី​កម្ពុជា គឺលក់​ថាមពល​ទាំងអស់​ដែល​ខ្លួន​ផលិត​បាន​ដើម្បី​ភ្ជាប់​ទៅ​បណ្តាញ​ជាតិ​ជាមួយនឹង​តម្លៃ ០,៧ សេន​ដុល្លារ ​ក្នុង​១​គីឡូវ៉ាត់ម៉ោង​។​

បើតាម លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​ថ្លែង​កាលពីឆ្នាំ២០២២កន្លងទៅ​ថា បច្ចុប្បន្ន​អគ្គិសនី​កើនឡើង​ដល់ ៩៨,៥​% ​នៃ​ភូមិ​ជាង ១៤០០០​របស់​ប្រទេស​កម្ពុជា​ នៅសល់តែ ១ភាគ​តូច​នៃ​គ្រួសារ​ដែល​ដាច់ដោយឡែក ដែល​នៅ​សេសសល់​ក្រៅ​បណ្តាញ​ជាតិ​។​

លោក បានបន្តឱ្យដឹងថា ថាមពល​សរុប​ដែល​ផលិត​​​ក្នុងស្រុក ឬ​នាំចូល​ពី​ប្រទេសជិតខាង​មាន​ជាង ៤០០០​មេ​ហ្គា​វ៉ា​ត់ ខណៈ ​តម្រូវការ​ជាក់ស្តែង​មានតែ​ជាង ២០០០មេ​ហ្គា​វ៉ា​ត់​ ប៉ុណ្ណោះ​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)