ត្បូងឃ្មុំ៖ ក្រុមហ៊ុន Sunview Group Berhad មកពីប្រទេសម៉ាឡេស៊ី មានគម្រោងបង្កើតរោងចក្រថាមពលបន្ទះសូឡាខ្នាតធំ អាចផលិតថាមពលអគ្គិសនីទំហំ១ ០០មេហ្គាវ៉ាត់ ដែលមានទីតាំងនៅខេត្តត្បូងឃ្មុំ សម្រាប់ទីតាំងជាក់ស្តែងកំពុងសិក្សា។ បើតាមជំនួបពិភាក្សាការងារ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ជាមួយលោក អ៊ុង ហាំងភីង អគ្គនាយកក្រុមហ៊ុន Sunview Group Berhad កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២៣។
នៅក្នុងជំនួបខាងលើ លោក ONG HANGPING បានលើកឡើងថា ក្រុមហ៊ុន Sunview Group Berhad កំពុងធ្វើការយ៉ាងសកម្មលើរោងចក្រថាមពលបន្ទះសូឡាខ្នាតធំនៅប្រទេសជាច្រើនរួចមកហើយ ទាំងនៅអឺរ៉ុប និងអាស៊ី ដោយមើលឃើញវិសាលភាពនៃការរីកចម្រើនរបស់ប្រទេសកម្ពុជាលើកគ្រប់វិស័យ ពិសេសប្រទេសកម្ពុជា គឺជាទីតាំងដ៏ល្អមួយដោយសារវាមានពន្លឺព្រះអាទិត្យច្រើន ហើយមានឱកាសសំខាន់ៗជាច្រើនទៀត សម្រាប់ការអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យ។
លោក បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រតិភូក្រុមហ៊ុន ស្វែងរកជំនួយដ៏ល្អពីរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីជួបអាជ្ញាធរអគ្គិសនីកម្ពុជា(EAC) ខេត្ត ចូលរួមក្នុងកិច្ចប្រជុំនឹងផ្លាស់ប្ដូរយោបល់គ្នា។
លោក អភិបាលខេត្តត្បូងឃ្មុំ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោក អគ្គនាយក អ៊ុង ហាំងភីង ដែលចាប់អារម្មណ៍វិនិយោគ លើទឹកដីខេត្តត្បូងឃ្មុំ។ នាឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងពីស្ថានភាពភូមិសាស្ត្រដ៏ល្អ មានលក្ខណៈអំណោយផលល្អ នូវសក្តានុពលលើវិស័យនានា ពិសេសវិស័យថាមពលអគ្គិសនីក្នុងខេត្តត្បូងឃ្មុំ។
យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថាក្រុមហ៊ុន Sunview Group Berhad នឹងមកវិនិយោគបង្កើតរោងចក្រថាមពលបន្ទះសូឡាខ្នាតធំនេះ នៅក្នុងខេត្តត្បូងឃ្មុំ ហើយរដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធនានា រីករាយសហការយ៉ាងពេញទំហឹងជាមួយក្រុមហ៊ុន ក្នុងការផ្ដល់ព័ត៌មានផ្សេងៗ ធានាឱ្យបាននូវកិច្ចសហការច្បាស់លាស់ ដែលមានសុវត្ថិភាពសម្រាប់ក្រុមហ៊ុនមកវិនិយោគនៅខេត្តត្បូងឃ្មុំ។ បើតាមការបញ្ជាក់របស់ អភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)