ស្វាយរៀង៖ រាជរដ្ឋាភិបាល បានផ្ដល់ដីសម្បទានសង្គមកិច្ចមានទំហំ ៣០០ហិកតា នៅជិតបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ស្ថិតនៅឃុំចន្ទ្រា ស្រុកចន្ទ្រា និងឃុំត្នោត ស្រុកំពង់រោទ៍ ខេត្តស្វាយរៀង និងបានសង់លំនៅឋានចំនួន១០០ខ្នង សម្រាប់ផ្តល់ជូនដល់គ្រួសារយោធិន នគរបាល និវត្តជន គ្រួសារពលី មរណៈ និងគ្រួសារទីទល់ក្រ។ បើតាមរដ្ឋបាលខេត្តស្វាយរៀង។
លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានចុះពិនិត្យរៀបចំទីតាំងដីសម្បទានសង្គមកិច្ចខាងលើ កាលពីថ្ងៃទី០៥ ខែមីនាឆ្នាំ២០២៣។
នាឱកាសនោះ លោក ជា សុផារ៉ា បានជំរុញដល់ក្រសួងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យនិងពន្លឿនការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជា ផ្លូវ ទឹកស្អាតសម្រាប់ប្រើប្រាស់ ភ្លើងអគ្គិសនីជាដើម មកកាន់តំបន់នេះ ក្នុងនោះការសាងសង់សំណង់លំនៅដ្ឋានត្រូវធានានូវគុណភាពតាមលក្ខណៈបច្ចេកទេស។
សូមបញ្ជាក់ថា ដើម្បីជាការដឹងគុណដល់អតីតយុទ្ធជន និងកងកម្លាំងឈរជើងនៅតាមព្រំដែន ដែលបានរំដោះនិងការពារទឹកដី រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយផ្តល់ដីសម្បទានសង្គមកិច្ច ដែលគិតមកទល់បច្ចុប្បន្ន ពលរដ្ឋដែលទទួលផលមានជិត ៤៨ម៉ឺនគ្រួសារ បើគិតជាផ្ទៃដីមានជិត ១លាន៤សែនហិកតា និងផ្ទះមាន ៨០០០ខ្នង។
កន្លងមករដ្ឋាភិបាលកម្ពុជាក៏មានគោលនយោបាយបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ឬស្គាល់ជាទូទៅថា LASED គឺជាកម្មវិធីផ្ដល់ដីធ្លីជូន ប្រជាជនក្រីក្រ និងជនជាតិដើមភាគតិចនៅតាមបណ្ដាខេត្តនានាទូទាំងប្រទេសផងដែរ។
គម្រោងនេះជាការសហការគ្នារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាធនាគារពិភពលោក ដែលមកទល់មកបច្ចុប្បន្នបានដំណើរការមកដល់ជំហានទី៣ ហើយ។ តាំងពីចាប់ផ្ដើមគម្រោងកាលពីឆ្នាំ២០០៨ មកឆ្នាំ២០២១ ដីធ្លីសរុបយ៉ាងហោចជាង ៣ម៉ឺនហិកតា ត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រជាង ៥ម៉ឺនគ្រួសារ ដោយចំណាយថវិកាសរុបជិត ៤០លានដុល្លារ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានលំនៅឋាន គម្រោងបែងចែកដី LASED ទី១ (២០០៨-២០១៣) បានប្រើប្រាស់ថវិកាអស់ ១១,៥លានដុល្លារ ដោយចែកដីសរុប ១៤ ១២៦ហិកតា ដល់ប្រជាពលរដ្ឋចំនួន ៤៦ ៩៧៦ គ្រួសារ។ ចំណែក គម្រោង LASED II (២០១៦-២០២១) បានប្រើប្រាស់ឥណទានធនាគារពិភពលោក ២៥លានដុល្លារ និងថវិការដ្ឋ ១,៨លានដុល្លារ ដើម្បីកាត់ដីសរុប ១៧ ០៤២ហិកតា ដល់ប្រជាពលរដ្ឋចំនួន ៥១៤១គ្រួសារ។
កាលពីឆ្នាំ២០២០ ធនាគារពិភពលោកបានអនុម័តទឹកប្រាក់ ៩៣លានដុល្លារ ដើម្បីអនុវត្តកិច្ចជំហានទី៣ រយៈពេល ៦ឆ្នាំបន្តទៀត។ ជំហានទី៣ នេះ នឹងមានទ្រង់ទ្រាយធំជាងមុនគ្របដណ្ដប់លើសហគមន៍ចំនួន ៧១តំបន់ នៅគ្រប់ខេត្តទាំងអស់លើកលែងតែរាជធានីភ្នំពេញ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)