ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៤មិនា ឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ពានខ្សែកាបកោះពេជ្រ-កោះនរា សម្រេចលទ្ធផលបាន ៦២% ។ បើតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា តាមផែនការគម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣នេះ។
ស្ពាននេះ ជាការភ្ជាប់ចរាចរកណ្តាលរាជធានីភ្នំពេញទៅមកផ្លូវជាតិលេខ១ នឹងកាត់បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្សទាំង២។
ថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវដំណោះស្រាយថ្មី ដោយគ្រោងនឹងដាក់ស្រឡាងមួយកន្លែងទៀតនៅតំបន់កោះនរា ទៅតំបន់ជ្រោយចង្វា (ត្រង់ចំណុចសណ្ឋាគារសុខាភ្នំពេញ) ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរនៅតំបន់ស្ពានអាកាសព្រះមុនីវង្ស។
សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពានខ្សែកាបកោះពេជ្រ-កោះនរា មានទីតាំងស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគតម្លៃ ៣៨លានដុល្លារ និងត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។
ស្ពានទី១ ជាប្រភេទស្ពានបេតុងខ្សែកាប តភ្ជាប់ពីតំបន់អភិវឌ្ឍន៍កោះនរា ទៅកាន់ទីក្រុងរណបកោះពេជ្រ មានបណ្តោយប្រវែង ៨២៤ម៉ែត្រ និងទទឹងប្រវែង ២៤,៥ម៉ែត្រ និងមានសសរខ្សែកាបកម្ពស់ ៦០ម៉ែត្រ ចំនួន ២ដើម ដែលមានចម្លាក់ក្បាច់ខ្មែរ។ ស្ពាននេះមានចរាចរទ្វេរទិស ២ទៅ ២មក នឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៣៥ខែ។
ស្ពានទី២ ជាប្រភេទស្ពានបេតុងយោងកាបដែលមានដែករាងឥន្ទធនូ ២សងខាង តភ្ជាប់ពីផ្លូវជាតិលេខ១ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា មានបណ្តោយប្រវែង ៦០ម៉ែត្រ និងទទឹងប្រវែង ២១ម៉ែត្រ។ ស្ពាននេះគ្រោងចំណាយថវិកាចំនួន ១,៦ លានដុល្លារ និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ១២ខែ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)