ភ្នំពេញ៖ ការនាំចូលទំនិញពីប្រទេសជប៉ុន មកកាន់កម្ពុជា មានទំហំប្រាក់សរុប ៧៧៤លានដុល្លារ កើនឡើង ២០,៩៤% ក្នុងឆ្នាំ២០២២ បើនឹងឆ្នាំ២០២១។ បើតាមក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ជប៉ុនបានក្លាយជាដៃគូពាណិជ្ជកម្ម ធំជាងគេរបស់កម្ពុជានៅក្នុងឆ្នាំ២០២២ ក្នុងលំដាប់លេខរៀងទី៦។
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២ មានទឹកប្រាក់ ១,៩៤៨លានដុល្លារ កើនឡើង១២,៣០% ខណៈ កម្ពុជានាំចេញទៅជប៉ុនមានទំហំទឹកប្រាក់ ១,១៧៣លានដុល្លារ កើនឡើង ៧,៣២% បើធៀបនឹងឆ្នាំ២០២១។ បើតាមការបន្តរបស់ ក្រសួងពាណិជ្ជកម្ម។
នៅក្នុងខែមករាឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន សម្រេចបានក្នុងទំហំទឹកប្រាក់ជិត ១៤៦លានដុល្លារ ថយចុះ ០,៧% បើធៀបនឹងឆ្នាំ២០២២។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តថា នៅក្នុងនោះដែរ ការនាំចេញទៅជប៉ុនសម្រេចបានជាង ១០៤លានដុល្លារ កើនឡើង ៦,៨% ខណៈ ការនាំចូលពីជប៉ុនមកវិញ មានតម្លៃទឹកប្រាក់ជាង ៤២លានដុល្លារ ថយចុះ១៥,៦% បើធៀបនឹងឆ្នាំ២០២២។
គូសបញ្ជាក់ថា សម្រាប់ច្រកទីផ្សារជប៉ុន ដែលកម្ពុជាអាចទទួលបាន អត្រាពន្ធទាបសម្រាប់ការនាំចេញ គឺស្ថិតនៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយចំនួនដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ផ្តល់ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក៕
ដោយ៖ មឿន ឌីណា (Moeun Dyna)