ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តឱ្យវិនិយោគចំនួន២៧ ទុនវិនិយោគសរុប ១៩៨.២លានដុល្លារ រួមមាន៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប សម្ភារកីឡា សម្ភារការិយាល័យ អំពូលភ្លើង ឧបករណ៍អគ្គិសនី, កេសកាតុង និងសង្ហារិម។
គិតត្រឹមចុងឆ្នាំ ២០២១ ការវិនិយោគផ្ទាល់បរទេសនៅកម្ពុជា មានទឹកប្រាក់សរុប ៤១ ពាន់លានដុល្លារ កើនឡើង ១១,២ ភាគរយធៀបនឹងឆ្នាំ ២០២០។ បើតាមធនាគារជាតិនៃកម្ពុជា។
ធនាគារជាតិនៃកម្ពុជា បានបន្តថា ក្នុងនោះវិស័យហិរញ្ញវត្ថុ មានចំនួន ៩,៤ពាន់លានដុល្លារ ស្មើនឹង ២២,៩%, កម្មន្តសាល ៨,៥ពាន់លានដុល្លារ ស្មើ ២០,៨%, អចលនទ្រព្យ ៤,៩ពាន់លានដុល្លារ ស្មើ ១២%, សណ្ឋាគារ និងភោជនីយដ្ឋាន ៤,៤ ពាន់លានដុល្លារ ស្មើ ១០,៧%, កសិកម្ម ៤,២លានដុល្លារ ស្មើ ១០,៣%, អគ្គិសនី ២,៦ពាន់លានដុល្លារ ស្មើ ៦,២%, សំណង់ ១,៦ពាន់លានដុល្លារ ស្មើ ៤,១% និងផ្នែកផ្សេងៗ ៥,៣ពាន់លានដុល្លារ ស្មើ ១៣%។
បច្ចុប្បន្នមានអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុកកាន់តែច្រើនបានបង្ហាញការចាប់អារម្មណ៍ចំពោះការវិនិយោគនៅកម្ពុជា ខណៈការវិនិយោគនៅទីនេះមានលក្ខណៈអំណោយផលទាំងកត្តាខាងក្នុង និងខាងក្រៅ។ បើតាម លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ ភ្នំពេញប៉ុស្តិ៍ បានបន្តថា កត្តាខាងក្នុងសំដៅដល់វិធានការ និងច្បាប់នានាដែលរដ្ឋាភិបាលបានធ្វើបច្ចុប្បន្នភាព និងបង្កើតថ្មីៗក្នុងន័យលើកទឹកចិត្តឱ្យវិនិយោគិនចូលមកបណ្ដាក់ទុនផ្ទាល់នៅកម្ពុជា ស្របពេលកម្ពុជាជាប្រទេសមានលក្ខខណ្ឌភូមិសាស្ត្រល្អប្រសើរ និងជាប្រទេសមានកម្លាំងពលកម្មជំនាញវ័យក្មេងច្រើន។
ចំណែកកត្តាខាងក្រៅ គឺកម្ពុជាក្រៅពីមានទំនាក់ទំនងទីផ្សារល្អជាមួយប្រទេសជាច្រើន កម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគីជាមួយប្រទេសជាច្រើន ដែលកិច្ចព្រមព្រៀងនេះបានផ្តល់លក្ខខណ្ឌពិសេសផ្នែកពន្ធគយសម្រាប់ទំនិញនាំចេញពីប្រទេសកម្ពុជា។ បើតាមការបន្តរបស់ លោក លឹម ហេង។
បើតាមភ្នំពេញប៉ុស្តិ៍ បានស្រងសំដី លោក ហុង វណ្ណៈ អ្នកសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជាថា នៅពេលប្រទេសមួយមានស្ថិរភាពនយោបាយល្អប្រសើរ ទីផ្សារនាំចេញធំទូលាយ និងមានពលកម្មសម្បូរបែប គឺជាសក្តានុពលដ៏ខ្លាំងក្នុងការទាញចំណាប់អារម្មណ៍របស់អ្នកវិនិយោគឱ្យមកបណ្ដាក់ទុន។ ការខិតខំរបស់រដ្ឋាភិបាលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែល្អ និងសម្បូរបែប គឺជាផ្នែកមួយធ្វើឱ្យអ្នកវិនិយោគសម្រេចចិត្តមកបើកដំណើរការអាជីវកម្មនៅកម្ពុជា។
លោក ហុង វណ្ណៈ បានបន្តថា ការនាំចេញទំនិញពីកម្ពុជាទៅទីផ្សារអន្តរជាតិត្រូវបានរំពឹងថា នឹងមានសម្ទុះកាន់តែខ្លាំងចាប់ពីពេលនេះតទៅ ព្រោះក្រៅពីទទួលបានប្រព័ន្ធអនុគ្រោះពន្ធនាំចូល GSP ពីអាមេរិក និង EBA ពីសហភាពអឺរ៉ុប បច្ចុប្បន្នកម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងប្រទេសចិន កូរ៉េខាងត្បូង និងកិច្ចព្រមព្រៀង RCEP ដែលមានប្រទេស១៥ជាសមាជិក។
នៅក្នុងឆ្នាំ២០២២ ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានចំនួន ៥២,៤២៤.៥៣៩លានដុល្លារ កើនឡើង ៩,២% ធៀបនឹងឆ្នាំ២០២១។ ក្នុងនោះ កម្ពុជានាំទំនិញទៅទីផ្សារអន្តរជាតិចំនួន ២២,៤៨២.៩៣៧លានដុល្លារ កើន ១៦,៤% និងទំនិញដែលកម្ពុជានាំចូល មានចំនួន ២៩,៩៤១.៦០២លានដុល្លារ កើន ៤,៣%។ បើតាមបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)