Register Already an agent ? Login

លោក ស៊ុន ចាន់ថុល យល់ព្រមឱ្យក្រុមហ៊ុនធំមួយ សិក្សានិងធ្វើផ្លូវល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល​ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និងដឹកជញ្ជូន បានថ្លែងឱ្យដឹងថា មានក្រុមហ៊ុនឯកជនមួយស្នើសុំធ្វើផ្លូវល្បឿនលឿនជាប្រភេទ BOT ពីភ្នំពេញ ទៅបាត់ដំបង ទៅប៉ោយប៉ែត ដោយគាត់យល់ឃើញថា ផ្លូវជាតិលេខ៥ មាន៤គន្លងមែន តែមានសត្វឆ្លងកាត់ មានការយឺតយ៉ាវ។ បើតាមការចុះពិនិត្យ​ការសាងសង់ផ្លូវក្រវាត់​ក្រុងទី៣ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ​២០២៣។

ក្រសួង ក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនមួយនេះ សិក្សាសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ប៉ោយប៉ែត នេះផងដែរ។ បើតាមការបញ្ជក់របស់ លោក ស៊ុន ចាន់ថុល បានបន្តថា កម្ពុជាគឺមិនមានបញ្ហានោះទេ ឱ្យតែមានក្រុមហ៊ុនណាចង់មកបណ្ដាក់ទុក និងអនុញ្ញាតឱ្យធ្វើតែម្តងដើម្បីធ្វើយ៉ាងណាឱ្យមានជម្រើសច្រើនសម្រាប់ប្រជាពលរដ្ឋដើម្បីបង្កើនភាពងាយស្រួល។

បើតាម រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្ថែមថា យើងផ្តល់ជម្រើស​ដល់ប្រជាពលរដ្ឋយើង លោកចង់លឿនយើង​ទៅផ្លូវល្បឿនលឿន ជិះធម្មតាតាមផ្លូវជាតិលេខ៥។

គូសបញ្ជាក់ថា កម្ពុជា បាននិង​កំពុងទាក់ទាញយ៉ាងខ្លាំងនូវការវិនិយោគលើផ្លូវល្បឿនលឿនជាបន្តបន្ទាប់ បន្ទាប់ពី​ការបើកដំណើរការផ្លូវល្បឿនលឿនទីមួយ​ពីភ្នំពេញ ទៅក្រុងព្រះសីហនុ។ នៅពាក់កណ្តាលឆ្នាំ២០២៣ ក៏នឹងមានការបើកការដ្ឋាន​សាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-បាវិតផងដែរ។ ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប គ្រោងនឹងបញ្ចប់ការសិក្សានៅក្នុងខែកញ្ញាខាងមុខនេះ។

សរុបមក ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាត់ដំបងតភ្ជាប់ទៅដល់ក្រុងប៉ោយប៉ែតនេះ គឺជាគម្រោងផ្លូវល្បឿនលឿនទី៤ ហើយនៅកម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនទី១ ភ្នំពេញទៅខេត្ដព្រះសីហនុ ទើបបើកដំណើរការកាលពីចុងឆ្នាំ២០២២, គម្រោងផ្លូវល្បឿនលឿនទី២ ភ្នំពេញទៅក្រុងបាវិត ដែលនឹងបើកការដ្ឋានសាងសង់នៅពាក់កណ្ដាលឆ្នាំ២០២៣ និងគម្រោងផ្លូវល្បឿនលឿនទី៣ ភ្នំពេញទៅខេត្ដសៀមរាប ដែលបញ្ចប់ការសិក្សានៅក្នុងខែកញ្ញា ខាងមុខនេះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)