ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០២២ សម្រាប់វិស័យឯកជនផ្នែកហានិភ័យការងារ បានចុះបញ្ជីសរុបចំនួន ២០ ៤៤៨សហគ្រាស ដែលមានសមាជិកសរុបចំនួន ២ ៥៨៤ ៧០៦នាក់ ផ្នែកថែទាំសុខភាពចំនួន ១៧ ៨២១សហគ្រាស មានសមាជិកចំនួន ២ ៥៨៤ ៧០៦នាក់ និងផ្នែកប្រាក់សោធនមានចំនួន ១៤ ៣៥២សហគ្រាស មានសមាជិកចំនួន ២ ៥៨៤ ៧០៦នាក់ ក្នុងនោះផ្នែកប្រាក់សោធនដោយស្ម័គ្រចិត្តមានសមាជិកចំនួន ២ ៧០៦នាក់។ បើតាមការថ្លែងរបស់ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
នៅក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោក អ៊ិត សំហេង ជាប្រធានក្រុមប្រឹក្សាភិបាលនៃ បេឡាជាតិសន្តិសុខសង្គម បានថ្លែងបន្តថា ចំណែកវិស័យសាធារណៈ បានចុះបញ្ជីផ្នែកថែទាំសុខភាពសរុបចំនួន ៣៩ស្ថាប័ន មានសមាជិកសរុប ៤៣៩ ២៤៣នាក់ និងផ្នែកហានិភ័យការងារចំនួន ៣៥ស្ថាប័ន មានសមាជិកសរុប ២៥៧ ៦៤៤នាក់។
ដោយឡែកក្នុងឆ្នាំ២០២២ បេឡាជាតិសន្តិសុខសង្គម បានចំណាយតាវកាលិកសម្រាប់វិស័យឯកជន និងវិស័យសាធារណៈ ជូនសមាជិករបស់ខ្លួនក្នុងផ្នែកហានិភ័យការងារសរុបចំនួន ២២.៦២ប៊ីលានរៀល និងផ្នែកថែទាំសុខភាពសរុបចំនួន ៣២៣.២៨ប៊ីលានរៀល។ បើតាមការថ្លែងបន្តទៀតរបស់ ប្រធាន ប.ស.ស.។ (តាវកាលិក គឺជាប្រាក់ វត្ថុ ឬសេវាដែលត្រូវផ្តល់ឱ្យដល់សមាជិក ប.ស.ស នៅពេលចាស់ជរា ទុព្វលភាព និងនៅពេលទទួលរងហានិភ័យការងារទៅតាមកាលកំណត់មួយ)។
បើគ្មានការខិតខំប្រឹងប្រែង ហើយធ្វើបានយ៉ាងល្អទេនោះ ប.ស.ស. ក៏មិនទទួលបានការកោតសរសើរពីសំណាក់អន្ដរជាតិ នៃប្រទេសដែលជាដៃគូរអភិវឌ្ឍន៍នោះឡើយ។ បើតាមការលើកឡើងរបស់ លោក អ៊ិត សំហេង បានបន្ថែមថា ជាក់ស្តែងសម្រាប់រយៈពេលជាង ១៥ឆ្នាំកន្លងមកនេះ ប.ស.ស. បានអនុវត្តការងាររបស់ខ្លួនប្រកបដោយភាពជោគជ័យ ជាពិសេសបានទទួលនូវពានរង្វាន់ឆ្នើមពីសមាគមសន្តិសុខសង្គមអាស៊ានសរុបចំនួន ៧លើក ក្នុងនោះក៏ធ្លាប់បានធ្វើជាម្ចាស់ផ្ទះមួយលើករួចមកហើយដែរក្នុងឆ្នាំ២០២១ កន្លងមកនេះ។
លោក អ៊ិត សំហេង បានលើកឡើងបន្តទៀតថា បេឡាជាតិសន្តិសុខសង្គម បានចូលរួមអនុវត្តប្រកបដោយជោគជ័យនូវ កញ្ចប់វិធានការចំនួន ១០ជុំ ក្នុងដោះស្រាយផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដោយអនុញ្ញាតឱ្យរោងចក្រ សហគ្រាស មិនបង់ភាគទានធានារ៉ាប់រងហានិភ័យការងារ និងថែទាំសុខភាពមក ប.ស.ស. ក្នុងអំឡុងពេលព្យួរអាជីកម្ម ហើយកម្មករនិយោជិតនៅតែទទួលបាននូវការធានារ៉ាប់រងហានិភ័យការងារ និងថែទាំសុខភាពដដែល និងការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ តាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការរដ្ឋបាល ព្រមទាំងការផ្តល់ប័ណ្ណសមធម៌ សុខាភិបាលដល់បងប្អូនកម្មករនិយោជិតក្រៅប្រព័ន្ធ ដើម្បីអាចទៅទទួលបានការថែទាំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលរដ្ឋ។
ប្រធាន ប.ស.ស. បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ បុគ្គលិក នៃរបស់បេឡាជាតិសន្តិសុខសង្គម ត្រូវបន្តចាត់ទុកខ្លួនជាអ្នកបម្រើសេវាសង្គមជូនដល់មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ព្រមទាំងកម្មករនិយោជិត តាមរយៈការផ្ដល់សេវាសាធារណៈ ប្រកបដោយភាពទន់ភ្លន់ ក្រមសីលធម៌ មនសិការវិជ្ជាជីវៈ និងមានស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ៖ មឿន ឌីណា (Moeun Dyna)