Register Already an agent ? Login

សម្ដេចតេជោ៖ កម្ពុជា នឹងទទួលបានទេសចរជាតិ-អន្តរជាតិជិត ២០លាននាក់ តាមការប៉ាន់ស្មានពេញ ១ឆ្នាំ២០២៣

ភ្នំពេញ៖ តាមការប៉ាន់ស្មានពេញមួយឆ្នាំ២០២៣ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៤លាននាក់ និងទេសចរជាតិប្រមាណ ១៥លាននាក់។ បើតាមការថ្លែងរបស់ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃកម្ពុជា។

ការលើកឡើងបែបនេះរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលបានអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាតលើកទី១១ កាលរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានបញ្ជាក់យ៉ាងដូច្នេះថា «វិស័យទេសចរណ៍ នៅតែជាចន្ទល់កំណើនសេដ្ឋកិច្ចជាតិដ៏សំខាន់មួយ ក្នុងនោះសម្រាប់ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ២.២លាននាក់ កើនឡើង ១០៥៩% ធៀបឆ្នាំ២០២១»។

ជាមួយនេះ ភ្ញៀវទេសចរផ្ទៃក្នុង ធ្វើដំណើរកម្សាន្តក្នុងប្រទេស មានទេសចរជាតិប្រមាណជិត ១៤លាននាក់ កើនឡើង១៩៩% និងទេសចរបរទេសផ្ទៃក្នុង ប្រមាណជិត ២លាននាក់ កើនឡើង ៥៧២% ធៀបឆ្នាំ២០២១។ បើតាមការបន្តរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្តទៀតថា ដើម្បីឆ្លើយតបនឹងការវិវត្ត និងនិន្នាការនៃការអភិវឌ្ឍថ្មីៗ កម្ពុជាត្រូវបន្តយកចិត្តទុកដាក់លើការដាក់ចេញ និងអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍជាតិនានា ដោយឈរលើ មូលដ្ឋានសំខាន់២ ដែលត្រូវគិតគូរស្របពេលគ្នា គឺការបង្កើនឧត្តមភាពប្រកួតប្រជែង និងការធានាចីរភាពនៃការអភិវឌ្ឍ។

ឈរលើមូលដ្ឋាននេះ កម្ពុជាបានដាក់ចេញនូវយុទ្ធនាការ «ទីក្រុងស្អាតរមណីយដ្ឋានស្អាតសេវាល្អ បដិសណ្ឋារកិច្ចល្អ» ដែលជាយុទ្ធសាស្ត្រមួយដ៏សមស្រប ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ជាមាសបៃតង និងនាំកម្ពុជាឆ្ពោះទៅរកភាពស្អាត ប៉ៃតង និងប្រកបដោយសុវត្ថិភាពខ្ពស់។ បើតាមការបន្ថែមរបស់ ប្រមុខរាជរដ្ឋាភិបាល។

ប្រមុខរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា ​ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត លើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជា ផ្តល់ភាពកក់ក្ដៅ” ពេលនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ទីក្រុងដែលមានភាពទាក់ទាញគួរឱ្យចង់ទស្សនាកម្សាន្ត និងស្នាក់នៅសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ គឺជាទីក្រុងដែលស្អាត មានបរិស្ថានល្អ ធានាបាននូវសន្តិសុខ សុវត្ថិភាព ផ្តល់បដិសណ្ឋារកិច្ចល្អ ភាពរួសរាយរាក់ទាក់ជាមួយនឹងភាពជាម្ចាស់ផ្ទះ ដែលផ្តល់នូវការស្វាគមន៍ប្រកបដោយភាពកក់ក្ដៅ។

រយៈពេលប្រមាណ ២៣ឆ្នាំហើយ កម្ពុជាមិនកើតមានជំងឺចុះក្អួតក្រោយទឹកជំនន់នោះទេ ដែលនេះការស្តែងឱ្យឃើញពីភាពប្រសើរនៃសុខភាពប្រជាពលរដ្ឋ តាមរយៈការរស់នៅប្រកបដោយអនាម័យ។ បើតាមការលើកឡើងរបស់ សម្ដេចតេជោ នាយករដ្ឋមន្រ្តី បន្តថា ចលនា «ភូមិស្អាត ស្រែល្អ» ដែលរាជរដ្ឋាភិបាល បានដាក់ចេញកាលពីពេលមុន គឺជាចលនាលើកកម្ពស់ការរស់នៅស្អាតរបស់ប្រជាពលរដ្ឋនៅតាមទីជនបទ។

នា​ឱកាសនោះ សម្តេចតេជោ បានណែនាំឱ្យជំរុញការអភិវឌ្ឍន៍បៃតងនៅតាមបណ្តាក្រុង ខណ្ឌ រាជធានី ខេត្ត នៅទូទាំងប្រទេសតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ដោយត្រូវជំរុញការរៀបចំផែនការមេអភិវឌ្ឍន៍ទីក្រុង ដោយរួមបញ្ចូលទាំងទិដ្ឋភាព នគរូបនីយកម្ម ប្រជាសាស្ត្រ ទេសចរណ៍ បរិស្ថាន សេដ្ឋកិច្ច និងសង្គម។

បន្ថែមពីនេះ សម្តេចតេជោ បានណែនាំឱ្យបន្តអភិវឌ្ឍទីក្រុងស្អាត ផ្សារភ្ជាប់នឹងទីក្រុងឆ្លាត ដែលមានលក្ខណៈប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច​ ភាពទាក់ទាញ ផ្នែកទេសចរណ៍ បរិស្ថានប្រកបដោយចីរភាព និងការទទួលខុសត្រូវសង្គម ដើម្បីលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជនប្រកបដោយ សុខុមាលភាព សុវត្ថិភាព សន្តិសុខ វិបុលភាព ភាពធន់ និងផ្តល់បដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្ដៅ ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ចង់ឃើញសណ្ឋាគារ និងអាហារដ្ឋាននានា ក្លាយទៅជាប្រភពទីផ្សារសម្រាប់កសិផលរបស់ខ្មែរ និងបានណែនាំឱ្យក្រសួងទេសចរណ៍ដាក់បញ្ចូលលក្ខខណ្ឌនៃការប្រើប្រាស់កសិផលខ្មែរ សម្រាប់ការវាយតម្លៃសណ្ឋាគារនានា។ បើតាមការគូសបញ្ជាក់របស់ ប្រមុខរាជរដ្ឋាភិបាល បានណែនាំឱ្យបន្តលើកកម្ពស់ការអភិវឌ្ឍន៍ទីក្រុង ប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន និងលើកស្ទួយ «វិស័យទេសចរណ៍ជាការនាំចេញនៅនឹងកន្លែង» តាមរយៈការបង្កើនអន្តរកម្មខ្សែច្រវាក់តម្លៃនៃវិស័យទេសចរណ៍ ជាមួយវិស័យគាំទ្រពាក់ព័ន្ធ ជាពិសេសវិស័យកសិកម្ម សិប្បកម្ម ឧស្សាហកម្មច្នៃប្រឌិត និងផលិតកម្មក្នុងស្រុក ដើម្បីបង្កើនលទ្ធភាពនៃការបែងចែកផ្លែផ្កានៃកំណើនតាមរយៈការអភិវឌ្ឍន៍វិស័យទេសចរណ៍។

ជាមួយគ្នានោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យរួមគ្នាថែរក្សាធនធានធម្មជាតិ រួមមានព្រៃឈើ និងសត្វព្រៃ សម្រាប់ទាក់ទាញទេសចរណ៍។សម្តេចតេជោ បានសម្តែងនូវក្ដីរីករាយ ដែលក្លឹបឆ្នេរស្អាតបំផុតលើពិភពលោក យកគំនិតផ្តួចផ្តើមរបស់ សម្តេច «ឆ្នេរសមុទ្រដែលស្អាត គឺឆ្នេរគ្មានប្លាស្ទិក» ដាក់ក្នុងលក្ខខណ្ឌវាយតម្លៃរបស់ខ្លួន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)