ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញផលិតផលវាយនភណ្ឌក្នុងទឹកប្រាក់សរុប ១១,៦៨ពាន់លានដុល្លារ កើន ២៤,៤ព បើធៀបនឹងឆ្នាំ២០២៣ មានចំនួន ៩,៣៩ពាន់លានដុល្លារ។ បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តថា ទឹកប្រាក់នាំចេញនេះ ស្មើនឹង ៤៤,៥៩% នៃចំនួនទឹកប្រាក់នាំចេញសរុបរបស់កម្ពុជាឆ្នាំ២០២៤ ដែលមាន ២៦,២ពាន់លានដុល្លារ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តថា ប្រភេទទំនិញនាំចេញរួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ធ្វើឡើងពីក្រណាត់ ឬមិនធ្វើពីក្រណាត់ និងវត្ថុវាយនភណ្ឌកែច្នៃមួយចំនួនទៀត ស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល។
ការនាំចេញផលិតផលវាយនភណ្ឌកម្ពុជា បានពឹងផ្អែកស្ទើរទាំងស្រុងទៅលើតម្រូវការពីប្រទេសសំខាន់ៗមួយចំនួនដូចជា អាមេរិក កាណាដា សហគមអឺរ៉ុប និងប្រទេសក្នុងតំបន់អាស៊ីមួយចំនួន។ បើតាមការលើកឡើង លោក ហុង វណ្ណៈ អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលភ្នំពេញប៉ុស្តិ៍បានស្រង់សំដី។
លោក ហុង វណ្ណៈ បានលើកឡើងបន្តថា កំណើនទឹកប្រាក់នាំចេញផលិតផលវាយនភណ្ឌក្នុងឆ្នាំ២០២៤ គឺមកពីកត្តាមួយចំនួនដូចជា ការងើបឡើងវិញនៃវិស័យទេសចរណ៍ដែលជំរុញឱ្យមនុស្សត្រូវការសម្លៀកបំពាក់ កាបូបធ្វើដំណើរ និងស្បែកជើង, ការធ្លាក់ចុះនៃបរិមាណក្នុងឃ្លាំងស្តុករបស់បណ្តាលក្រុមហ៊ុនផ្គត់ផ្គង់កាលពីឆ្នាំ២០២២-២០២៣, និងការធ្លាក់ចុះផលិតកម្មនៅប្រទេសមួយចំនួនដែលជាអ្នកនាំចេញសំខាន់ៗដោយសារបញ្ហានយោបាយ។
បើតាម ភ្នំពេញប៉ុស្តិ៍ដដែល ក៏បានស្រង់សំដី លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា សកម្មភាពនៃការដឹកជញ្ជូនទំនិញរបស់បណ្តាលរោងចក្រក្នុងវិស័យវាយនភណ្ឌ ទៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កាលពីឆ្នាំ២០២៤ ពិតជាកើនឡើងធៀបនឹងឆ្នាំ២០២៣។
លោក បានបន្តថា ការកើនឡើងទឹកប្រាក់នាំចេញផលិតផលវាយនភណ្ឌ គឺដោយសារកម្ពុជាជាប្រទេសមានស្ថិរភាពនយោបាយល្អ មានច្បាប់វិនិយោគអំណោយផល សម្បូរកម្លាំងពលកម្មជំនាញ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនល្អប្រសើរ និងមានទីផ្សារទទួលទិញកាន់តែច្រើន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)