ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២៤ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ) បានសម្រេចការនាំទំនិញក្នុងទំហំទឹកប្រាក់ ១ ៨៨០លានដុល្លារ កើន១៦% បើធៀបនឹងឆ្នាំ២០២៣។ បើតាមសេចក្តីប្រកាសព័ត៌មាន RGPPSEZ។
ការកើនឡើងនៃការនាំចេញទំនិញ RGPPSEZ បានរួមចំណែកប្រមាណ៧% ក្នុងតម្លៃនាំចេញសរុបរបស់ប្រទេសកម្ពុជាទាំងមូល ដែលមានតម្លៃសរុប ២៦.៦៦៤លានដុល្លារ។
ការអភិវឌ្ឍដ៏អស្ចារ្យរបស់ RGPPSEZ ក៏ត្រូវបានបង្ហាញឱ្យឃើញតាមរយៈការសម្រេចបានក្នុងការនាំចេញផងដែរ។ ក្នុងរយៈពេល៥ឆ្នាំ ការនាំចេញបានកើនឡើងទ្វេដងពី ៣១៦លានដុល្លារ ក្នុងឆ្នាំ២០១៦ ដល់ ៦៨៣លានដុល្លារ ក្នុងឆ្នាំ២០២១។
បច្ចុប្បន្ន RGPPSEZ បានទទួលការវិនិយោគពីក្រុមហ៊ុនចំនួន១១៣ មកពី១៥ប្រទេសជុំវិញសាកលលោក ដែលមានជំនាញ ក្នុងការផលិតផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ ជាពិសេសនៅក្នុងវិស័យឧបករណ៍អេឡិចត្រូនិច និងអគ្គិសនី ការដំឡើង រថយន្ត និងគ្រឿងបង្គំរថយន្ត។
ក្រុមហ៊ុនឧស្សាហកម្មទាំងនេះ បានបង្កើតឱកាសការងារសម្រាប់ប្រជាជនកម្ពុជាចំនួន ៤៧ ៨០០នាក់ និងអ្នកជំនាញបរទេសចំនួន ៧០០នាក់ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ។
កាន់តែគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតការនាំចេញបានកើនឡើងទ្វេដងម្តងទៀតក្នុងរយៈពេលត្រឹមតែ ២ឆ្នាំប៉ុណ្ណោះ ដោយឈានដល់ ១ ៦២១លានដុល្លារ ក្នុងឆ្នាំ២០២៣។
គួរបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ជាមួយនឹងចក្ខុវិស័យ នៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសឈានមុខគេ សម្រាប់ក្រុមហ៊ុនឧស្សាហកម្មក្នុងវិស័យនានា និងក្នុងការបង្កើតឱកាសការងារ ជាច្រើនដល់ប្រជាជនកម្ពុជា។
ពេលបច្ចុប្បន្ន ទូទាំងប្រទេសអាចសង្កេតឃើញថា វិស័យសំខាន់ៗទាំងឡាយកំពុងមានការងើបឡើងវិញជាបន្តបន្ទាប់ ហើយ RGPPSEZ មានសេចក្តីសោមនស្សរីករាយដែលបានទទួលស្វាគមន៍ក្រុមហ៊ុនថ្មីចំនួន ៥បន្ថែមទៀត មកកាន់តំបន់សេដ្ឋកិច្ចពិសេស ដែលបានរួមចំណែកពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសកម្ពុជា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)