កណ្ដាល៖ កម្ពុជា-វៀតណាម រួមគ្នាបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោកវិញសឿង និងបញ្ចូលតែមួយជាមួយច្រកទ្វារព្រំដែនអន្តរជាតិផ្លូវទឹកវិញសឿង ទៅជាច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោកនិងផ្លូវទឹកវិញសឿង ជាមួយនឹងច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ របស់កម្ពុជា។ បើតាមរដ្ឋបាលខេត្តកណ្ដាល។
នៅក្នុងពិធីប្រកាសដាក់ឱ្យដំណើរការច្រកទ្វារអន្តរជាតិ ក្អមសំណ-វិញសឿង ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានថ្លែងអំណរគុណដល់វៀតណាម បង្កើតច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោកវិញសឿង ដើម្បីឱ្យស្របទៅនឹងច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ក្នុងស្រុកលើកដែក ខេត្តកណ្តាល ដែលរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតនិងដាក់ឱ្យដំណើរការជាផ្លូវការនាឆ្នាំ២០០១ កន្លងមក។
ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ-វិញសឿង គឺជាចំណុចតភ្ជាប់ដ៏មានសារៈសំខាន់រវាងប្រទេសទាំងពីរ ក៏ដូចជារវាងខេត្តកណ្តាល និងខេត្តអានយ៉ាង។ បើតាមការថ្លែងបន្តរបស់ លោក ណុប ដារ៉ា បានបញ្ជាក់ថា ច្រកទ្វារព្រំដែនអន្តរជាតិនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងពង្រីកនូវទំនាក់ទំនងសហប្រតិបត្តិការ អភិវឌ្ឍលើវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, ការផ្លាស់ប្តូរទំនិញធុនធ្ងន់ និងធុនស្រាល និងកសិផលរវាងប្រទេសទាំងពីរ សំដៅពង្រីកកំណើនសេដ្ឋកិច្ចដល់ប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនឡើងថែមទៀត។
លោក អភិបាលខេត្តកណ្ដាលរូបនេះ បានសង្ឃឹមយ៉ាងមុតមាំថា ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ និងច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក និងផ្លូវទឹកវិញសឿង នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម នៃប្រទេសទាំងពីរ ហើយជាពិសេស គឺខេត្តកណ្តាល និងខេត្តអានយ៉ាង។
ឆ្លៀតក្នុងឱកាសនោះ អភិបាលរងខេត្ត បានស្នើដល់កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរខេត្តទាំងពីរ(កណ្តាល-អានយ៉ាង) សូមបន្តរួមគ្នាសហការឱ្យបានល្អក្នុងការផ្លាស់ប្ដូរបទពិសោធន៍ និងផ្ដល់ព័ត៌មានគ្នាទៅវិញទៅមក ដើម្បីទប់ស្កាត់ការចេញ-ចូលឆ្លងដែនខុសច្បាប់ និងរាល់បទល្មើសគ្រប់ប្រភេទ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)